ក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី១នាក់ទៀតលើស្ត្រីជនជាតិខ្មែរដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិក ខណៈមិនមានករណីជាសះស្បើយ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរដែលទើបរកឃើញឆ្លងកូវីដ១៩ មានអាយុ៣៣ឆ្នាំ ស្នាក់នៅភូមិក្តុល ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយបានបន្តជើងហោះហើរនៅប្រទេសចិន(តៃវ៉ាន់) មកដល់កម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងបន្តថា ស្ត្រីរូបនោះបានចាកចេញពីរាជធានីភ្នំពេញទៅខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែកញ្ញា ក្រោយលទ្ធផលតេស្តលើកទី១របស់គាត់ អវិជ្ជមានវីរុសកូវីដ-១៩។
ក្រសួងបញ្ជាក់ថា៖ «នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ គឺត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ការវិភាគវត្ថុសំណាកលើកទី២របស់គាត់ គឺទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ននេះ អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង»។
ក្រសួងបានឱ្យដឹងទៀតថា អ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយស្ត្រីរូបនេះ មានចំនួន៧នាក់ ក្នុងនោះមាន៥នាក់ជាសមាជិកគ្រួសារ និង២នាក់ទៀតជាមិត្តភក្តិរបស់គាត់ដែលបានដឹកគាត់ពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង ហើយនិងមានអ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺនេះសរុបមានចំនួន៤០នាក់។
ក្រសួងបញ្ជាក់ថា ក្រុមការងារនឹងបន្តការស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់និងប្រយោលជាបន្តទៀត នៅថ្ងៃទី២ ខែតុលានេះ និងនៅថ្ងៃបន្តបន្ទាប់ទៀត ដោយសារស្ថានភាពអាកាសធាតុនៅខេត្តបាត់ដំបង នាយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ខ្លាំងពេកនិងយប់ជ្រៅផងនោះ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ-១៩ សរុបចំនួន២៧៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែ ចំនួន១នាក់ មន្ទីរពេទ្យខេត្តសៀមរាប ចំនួន១នាក់ និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំនួន១នាក់។
ពាក់ព័ន្ធនឹងករណីបុរសជនជាតិហុងគ្រី ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនោះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់វីអូឌី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា អ្នកដែលបានរកឃើញថាប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលជាមួយអ្នកជំងឺ ចំនួន៣៦នាក់ នៅខេត្តសៀមរាប ត្រូវបានធ្វើតេស្តរកឃើញអវិជ្ជមានកូវីដ១៩ ខណៈមនុស្សមួយចំនួនទៀតបានចាកចេញពីប្រទេសកម្ពុជាហើយ៕