មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋ រួមនិងសិស្សានុសិស្ស ដាំដើមឈើនៅមូលដ្ឋានភូមិឃុំ សាលារៀន វត្តអារាម និងផ្ទះរបស់ខ្លួន ដើម្បីបង្កើនបរិស្ថានបៃតង និងជាផ្នែកមួយនៃដំណោះស្រាយចំពោះបញ្ហាបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
ការជំរុញនេះ បានធ្វើឡើងក្នុងពិធីដាំដើមឈើប្រណិតដូចជា ធ្នង់ ក្រញូង និងដើមក្ងោកលឿងជិត១០០០ដើម នៅតាមបណ្តោយផ្លូវជាតិលេខ៧ តាមវត្តអារ៉ាម សាលារៀន និងផ្លូវសាធារណៈនានា ក្នុងភូមិសាស្ត្រក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ២០០នាក់។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងក្នុងពិធីនោះថា ជារៀងរាល់ឆ្នាំ កូនឈើប្រណិត រួមមាន ប្រភេទឈើគ្រញូង បេង នាងនួន និងធ្នុង ជាច្រើនសែនដើម ត្រូវបានអាជ្ញាធរ ប្រជាពលរដ្ឋ ដាំនៅតាមតំបន់នានា ក្នុងប្រទេសកម្ពុជា ទាំងតាមផ្លូវសាធារណៈ តាមសាលារៀន វត្តអារាម និងនៅតាមតំបន់ព្រៃរិចរិលនានា។ លោកថា សកម្មភាពនេះ ជាចលនាបំផុសស្មារតីស្រឡាញ់បរិស្ថាន ធនធានធម្មជាតិ និងជាការដាំស្តារព្រៃឈើឡើងវិញ ព្រមទាំងជាការចូលរួមការពារនិងអភិរក្សឱ្យ បានគង់វង្សសម្រាប់ជាផលប្រយោជន៍មនុស្សរាប់ជំនាន់តទៅមុខទៀត។
លោកបានថ្លែងថា៖ «ដើមឈើមួយដើមដែលយើងម្នាក់ៗបានដាំនៅថ្ងៃនេះ គឺមានន័យថា កម្ពុជានឹងមានដើមឈើមួយដើមថ្មីបន្ថែមទៀត លើធនធានព្រៃឈើដែលយើងមានស្រាប់នៅក្នុងតំបន់ការពារធម្មជាតិដែលយើងទាំងអស់គ្នា ត្រូវចូលរួមការពារនិងអភិរក្ស»។
លោកបានបន្ថែមថា៖ «សូមបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីស្តារឡើងវិញនូវគម្របព្រៃឈើដែលបានបាត់បង់ និងការពារធនធានធម្មជាតិ ព្រៃឈើរបស់កម្ពុជាយើងដែលនៅសល់»។
លោក នេត្រ ភក្ត្រា ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការដាំដុះព្រៃឈើបន្ថែមថ្មីនេះ គឺបានដើរតួនាទី សំខាន់ដើម្បីបង្កើតបរិស្ថានបៃតងសម្រាប់ភូមិឃុំ និងដើម្បីជាដំណោះស្រាយចំពោះ បញ្ហាបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
លោកថា៖ «ការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោក ហើយកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុឡើយ តែបាននិងកំពុងរងនូវផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុជាក់ស្តែង ដូចជា រដូវវស្សាចាប់ផ្តើមយឺត ភ្លៀងមិនទៀងទាត់ ភាពរាំងស្ងួត ឬទឹកជំនន់ ធ្វើឱ្យមានការប្រែប្រួលនៃរបបទឹកនៃទន្លេមេគង្គ និងទន្លេសាប និងធ្វើឱ្យខូចផលដំណាំប្រជា ពលរដ្ឋជាដើម»។
អភិបាលក្រុងសួង លោក ជា ណារ៉ុន មានប្រសាសន៍ថា នៅឆ្នាំ២០២០នេះ ក្រុងសួង គ្រោងនឹងបង្កើនការដាំដើមកូនឈើឱ្យបានជិត១៤០០ដើម នៅតាមទីសាធារណៈ វត្តអារ៉ាម មន្ទីរពេទ្យ និងសាលារៀនជាដើម ដើម្បីបង្កើនលំហរបៃតង ខណៈឆ្នាំមុនក្រុងនេះដាំបានជាង៨០០ដើម។
លោកថា៖ «អាជ្ញាធរខេត្តតែងតែជំរុញឱ្យមានការដាំកូនឈើ ដើម្បីបង្កើនលំហរបៃតងនេះ ហើយរដ្ឋបាលក្រុងតែងតែធ្វើផែនការដាំដើមឈើនេះជាប្រចាំឆ្នាំផងដែរ»។
គ្រូបង្រៀននៅសាលាបឋមសិក្សាប្រជាកុមារសួង ខេត្តត្បូងឃ្មុំ លោក គឹម ប៊ុនធី អាយុ៤៧ឆ្នាំ មានប្រសាសន៍ថា ព្រៃឈើមានសារសំខាន់សម្រាប់ភពផែនដី មនុស្ស និងសត្វ ហើយសាលានេះតែងតែបំផុសឱ្យសិស្សានុសិស្សចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីជាម្លប់ និងបង្កើនសោភណ្ឌភាពក្នុងសាលាផងដែរ។
លោកថា៖ «ប៉ុន្មានឆ្នាំចុងក្រោយនេះ កុមារមានការចាប់អារម្មណ៍ខ្លាំង និងចូលរួមដាំដើមឈើបានច្រើន និងមានចិត្តស្រឡាញ់ដើមឈើ ខុសពីពេលមុន ដែលពួកគេហាក់មិនសូវចាប់អារម្មណ៍នឹងរឿងបរិស្ថាននោះទេ»។
កុមារី ចាន់ សុភ័ក្ត្រណា អាយុ១៣ រៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាប្រជាកុមារសួង បានិយាយថា គាត់បានចូលរួមដាំដើមឈើជាច្រើនដើមនៅសាលារៀន និងនៅក្នុងបរិវេណផ្ទះរបស់គាត់។
កុមារីរូបនេះនិយាយថា៖ «ខ្ញុំស្រឡាញ់ដើមឈើ ព្រោះដើមឈើជួយផ្តល់ម្លប់ ជួយទប់ស្កាត់ទឹកជំនន់ អាចផ្តល់ជម្រកឱ្យមនុស្សសត្វ ហើយដើមឈើខ្លះបានផ្តល់ផ្លែឱ្យយើងអាចញ៉ាំបានទៀត។ ខ្ញុំនឹងបន្តដាំដើមឈើ និងជំរុញឱ្យមានការដាំដើមឈើបន្ថែម»។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។
ក្រសួងបន្តថា តាមការស្រាវជ្រាវកន្លងមក នៅអំឡុងឆ្នាំ ១៩៦២ កម្ពុជាមាន ប្រជាជន៥.៧៤លាននាក់ រី៝ឯគម្របព្រៃឈើតាមការវាយតម្លៃនៅឆ្នាំ១៩៦៤ គឺមានទំហំ ១៣២ ២២១គីឡូម៉ែត្រការ៉េ ស្មើនឹង ៧៣% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ នៅឆ្នាំ ២០១៨ របាយការណ៍សិក្សាក្រសួងបរិស្ថានបានបង្ហាញថា គម្របព្រៃឈើនៅកម្ពុជាមានចំនួន ៨.៥១០.៨០៧ ហិកតា ស្មើនឹង ៤៦, ៨៦% នៃផ្ទៃប្រទេស ខណៈចំនួនប្រជាជនកម្ពុជា បានកើនឡើងរហូតដល់ ១៦លាននាក់។
ក្រសួងបន្ថែមថា នេះបញ្ជាក់ឱ្យឃើញថា កត្តាមនុស្សជាហេតុផលចម្បងដែលធ្វើឱ្យគម្របព្រៃឈើមានការធ្លាក់ចុះ ហើយគេឃើញកំណើនផ្ទៃដីកសិកម្ម និងផ្ទៃដីលំនៅដ្ឋានត្រូវបានជំនួសវិញ។
ចំណែក អាត្រាបាត់បង់គម្របព្រៃឈើជាមធ្យមប្រចាំឆ្នាំ នៅអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ក្នុងរង្វង់ ០,៦៤% បើធៀបនឹងផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។
បើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងបរិស្ដាន លោកនេត្រ ភក្ត្រា ប្រទេសកម្ពុជា បាននិងកំពុងខិតខំការពារធនធនធម្មជាតិ តាមរយៈការបង្កើតតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជាច្រើនកន្លែង រួមមាន តំបន់ការពារធម្មជាតិចំនួន ៦៦កន្លែង និងមានផ្ទៃដីជាង ៧,៣លានហិកតា ស្មើប្រមាណជាង ៤១% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថាន។
លោកបន្ថែមថា ផ្ទៃដីតំបន់ធម្មជាតិដែលកម្ពុជាដាក់ជាតំបន់អភិរក្សនេះច្រើនជាង ២ ដងនៃគោលការណ៍ជីវៈចម្រុះអាឈី (Archi) ដែលកំណត់ថាប្រទេសនីមួយៗត្រូវរក្សាដីអភិរក្ស ១៧% នៃផ្ទៃដីប្រទេស៕









