រដ្ឋបាលស្រុកសាមគ្គីមានជ័យចោទពលរដ្ឋនៅឃុំក្រាំងល្វាចូលកាន់កាប់ដីខុសច្បាប់

ប្រជាពលរដ្ឋនៅភូមិខ្សាច់ ស តវ៉ានៅលើដីមានជម្លោះនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០។ រូបផ្តល់ឱ្យដោយប្រជាសហគមន៍

រដ្ឋបាលស្រុកសាមគ្គីមានជ័យក្នុងខេត្តកំពង់ឆ្នាំង ចោទពលរដ្ឋដែលតវ៉ារឿងដីធ្លីជាមួយក្រុមយោធានៅភូមិខ្សាច់ស ឃុំក្រាំងល្វាថា បានចូលកាន់កាប់ និងទាមទារយកដីបន្ថែមទៀត ដោយខុសនីតិវិធីផ្លូវច្បាប់ក្នុងការផ្តល់ដីសម្បទានសង្គមកិច្ច។​

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១ ខែតុលាឆ្នាំ២០២០ រដ្ឋបាលស្រុកសាមគ្គីមានជ័យ អះអាងថា ក្រុមពលរដ្ឋតវ៉ា និងចូលទៅកាន់កាប់ដីមិនត្រឹមត្រូវតាមនីតិវិធីនៃការអនុវត្តគោលការបែងចែកដីសម្បទានសង្គមកិច្ចជូនពលរដ្ឋទូរទៅឡើយ។

រដ្ឋបាលស្រុកនេះ បញ្ជាក់ថា ដីដែលប្រជាពលរដ្ឋកំពុងចូលអាស្រ័យផល និងកំពុងតវ៉ានោះ គឺស្ថិតក្នុងអនុក្រឹត្យដែលរដ្ឋាភិបាលបានធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ ក្នុងទំហំ៤៨១៥៦៧ហិកតា សម្រាប់ធ្វើសម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋក្រីក្រតាំងពីឆ្នាំ២០១១។

ពលរដ្ឋម្នាក់អ្នកស្រី ម៉ៅ រិន អះអាងថា អ្នកស្រី និងពលរដ្ឋជាង២៥០គ្រួសារផ្សេងទៀតបានទៅរស់នៅ និងបង្ករបង្កើនផលលើកំពុងមានជម្លោះនោះតាំងពីឆ្នាំ១៩៩៨ ដោយមិនធ្លាប់មានបញ្ហានោះទេ ទើបតែពីរឆ្នាំមកនេះអាជ្ញាធរស្រុក និងទាហានចុះទៅហាមឃាត់ឃាត់មិនឲ្យពួកគាត់ជួលជុលផ្ទះ និងមិនឲ្យបង្ករបង្កើនផលទៀត។

ស្រីរូបនេះបន្តថា ទាហាន និងអាជ្ញាធរស្រុកតែងតែគំរាមកំហែងចាប់អ្នកភូមិដាក់គុក និងបានបំផ្លាញផលដំណាំអ្នកភូមិ។

អ្នកស្រីបន្ថែមថា៖«សម្តេចប្រកាសថា មិនឲ្យប្រើប្រាស់កាំភ្លើងទេ ប៉ុន្តែកន្លែងនេះប្រើប្រាស់កាំភ្លើងពេញព្រៃដើរគំរាមកំហែងប្រជាពលរដ្ឋមិនឲ្យធ្វើអ្វីទាំងអស់។ ចោទថា ពលរដ្ឋឈូសឆាយដីទាហាន ឥលូវឈូសឆាយហើយ គាត់[អាជ្ញាធរ]ពុះអង្កន់ចែកគ្នាគាត់ ដោយកន្លែងគាត់ កន្លែងបងប្អូនគាត់ ដល់ប្រជាពលរដ្ឋក្រីក្រខ្វះដែលបានស្នើសុំអត់អ្វីទាំងអស់»

ពលរដ្ឋម្នាក់ទៀតអ្នកស្រី ចាន់ ធួន និយាយថា ពលរដ្ឋតំបន់នោះខ្លះប្រកបរបធ្វើស្រែ និងខ្លះទៀតធ្វើចំការដោយដាំស្វាយចន្ទី ខ្នុរ ដូង និងដំណាំហូបផ្លែផ្សេងៗទៀត ប៉ុន្តែត្រូវបានកាប់បំផ្លាញដោយអាជ្ញាធរអស់មួយចំនួន។

អ្នកស្រី ចាន់ ធួន ឲ្យដឹងថា ពលរដ្ឋនៅរស់នៅតំបន់នោះភាគច្រើនជាពលរដ្ឋក្រីក្រ ហើយមានដីចន្លោះ១ទៅ៥ហិកតាក្នុង១គ្រួសារសម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិត។

អ្នកស្រីបន្ថែមថា៖«ពួកខ្ញុំ២៥២គ្រួសារនេះចង់ឲ្យអាជ្ញាធរវាស់វែងដី និងចេញប្លង់កម្មសិទ្ធិឲ្យមកកុំឱ្យពួកខ្ញុំដេកព្រួយទៀត។ ហើយកុំមកបំភិតបំភ័យ កុំមកគំរាមកំហែងអញ្ចឹងទៀត។ អីចឹងសុំឲ្យសម្តេចជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតំបន់ដាច់ស្រយាល នេះ     ផង»

វីអូឌីមិនអាចរកឆ្លើយបញ្ជាក់ពីភាគីទាហានបានទេពាក់ព័ន្ធករណីនេះ។

អភិបាលរងស្រុកសាមគ្គីមានជ័យលោកសួន សុខារិទ្ធី អះអាងថា ពលរដ្ឋកំពុងតវ៉ានោះមានប្រហែល១០គ្រួសារប៉ុណ្ណោះ។ លោកបន្តថា អាជ្ញាធរបានកាត់ដីពលរដ្ឋទាំងនោះចេញពីដីសម្បទានសង្គមកិច្ចហើយ ប៉ុន្តែពួកគេទាមទារច្រើនហួសពីគោលការបែងចែកសង្គមកិច្ចដែលអាជ្ញាធរមិនអាចផ្តល់ឲ្យបាន។

អភិបាលស្រុករូបនេះ បញ្ជាក់ថា អាជ្ញាធរកាត់ឆ្វៀលដីឲ្យពលរដ្ឋជាង១០គ្រួសារនោះដោយ១គ្រួសារបានដី២ទៅ៣ហិកតាកន្លះ ប៉ុន្តែពលរដ្ឋទាំងនោះមិនព្រម និងបានព្យាយាមពង្រីបន្ថែមទើបអាជ្ញាធរហាមឃាត់។ លោកថា ករណីនេះអាជ្ញាធរកំពុងសម្របសម្រួលដោះស្រាយបន្តទៀត។

លោកបន្ថែមថា៖«យើងដោះស្រាយឲ្យគាត់ ប៉ុន្តែគ្រាន់តែថា ពួកគាត់ពង្រីកយកស្រេចតែចិត្តអញ្ចឹងយើងមានអីឲ្យគាត់ព្រោះដីជាដីគោលនយោបាយរបស់រដ្ឋាភិបាលទុកផ្តល់ជូនពលរដ្ឋ​ ដើម្បីកាត់បន្ថយភាពក្រីក្រ»

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍​ថា ករណីនេះ អាជ្ញាធរថ្នាក់ខេត្តគួរសម្របសម្រួលដោះស្រាយតាមសន្តិវិធី ដោយហៅភាគីពាក់ព័ន្ធមកប្រជុំពិភាក្សាររកដំណោះស្រាយរួមមួយដែលអាចទទួលបានទាំងអស់គ្នា និងជៀសវាងទុកឲ្យជម្លោះនេះរាំរៃដែលអាចបង្កឲ្យមានអំពើហិង្សារកើតឡើង។

លោកបន្ថែមថា៖ «បើទុកឲ្យជម្លោះបន្តអូសបន្លាយវាអាចមានអំពើហិង្សាកើតឡើង ដូចករណីនៅខេត្តក្រចេះវាបានឈានដល់ការផ្ទុះអាវុធ។ អីចឹងករណីនេះក៏ដូចគ្នាប្រសិនបើមានការប៉ះទង្គិចគ្នាវាអាចក្លាយទៅជាហិង្សារ។ អីចឹងអាជ្ញាធរពិសេសអភិបាលខេត្តហ្នឹងគួរតែដាក់វិធានការដោះស្រាយឲ្យបានឆាប់ជៀសវាងអំពើហិង្សារកើតឡើង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ