សាលារាជធានីប្រាប់បុគ្គលិក ស៊ីនទ្រី ឈប់ធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារខុសច្បាប់

បុគ្គលិកក្រុមហ៊ុន ស៊ីន ទ្រី មកប្រមូលសំរាមពីផ្ទះរបស់ពលរដ្ឋនៅទីតាំងមួយកន្លែងក្នុងក្រុងភ្នំពេញ។ (ហង់ សុខហុង)

សាលារាជធានីភ្នំពេញជូនដំណឹងទៅបុគ្គលិកក្រុមហ៊ុន ស៊ីនទ្រី ឱ្យឈប់ធ្វើកូដកម្ម និងចាប់ផ្តើមប្រមូលសំរាមឡើងវិញនៅថ្ងៃស្អែកនេះ ដោយចាត់ទុកការធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារកន្លងមកនោះ មិនស្របតាមច្បាប់ការងារ។

ក្នុងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃ៣ ខែតុលាម្សិលមិញនេះ បានជូនដំណឹងទៅកម្មកររបស់ក្រុមហ៊ុន ស៊ីនទ្រី ដែលកំពុងធ្វើកូដកម្មមិនចេញប្រមូលសំរាម ដែលធ្វើឲ្យសំរាមកកស្ទះនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។

ករណីនេះសាលារាជធានីភ្នំពេញបញ្ជាក់ថា ការធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ៥ចំណុច ធ្វើឡើងខុសច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ដោយសារការទាមទារនោះ ក្រុមហ៊ុនមិនបានបញ្ចប់ការងារពួកគេ ហើយក្រុមហ៊ុនក៏ដំណើរការងារធម្មតាផងដែរ។

លក្ខខណ្ឌការងារដែលកម្មករទាមទារនោះមានចំនួន៥ចំណុច រួមមាន ទាមទារឱ្យផ្តល់ប្រាក់បំណាច់អតីតភាពការងារ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ប្រាក់ខែចុងក្រោយ និងការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់។

សេចក្តីជូនដំណឹងដដែល អំពាវនាវទៅកម្មករដែលធ្វើកូដកម្ម ឈប់យកសំរាមធ្វើជាចំណាប់ខ្មាំង ដើម្បីទាមទារលក្ខខណ្ឌការងារខុសច្បាប់ ហើយត្រូវចូលធ្វើការងារប្រមូលសំរាមវិញនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ បើពុំដូច្នេះទេ សាលារាជធានីនិងប្រកាសជ្រើសរើសបុគ្គលិកថ្មី។

បន្ថែមពីនេះ សាលារាជធានីភ្នំពេញ បានអំពាវនាវទៅប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ តាមពេលវេលាកំណត់ ដើម្បីបញ្ចៀសការកកស្ទះសំរាម សំណល់រឹង  ខណៈសាលារាជធានី បានឲ្យអាជ្ញាធរទាំង១៤ខណ្ឌ បញ្ចេញម៉ូតូកង់បី និងកម្លាំងប្រមូលសំរាមតាមមូលដ្ឋានខណ្ឌរៀងៗខ្លួនជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ