កម្ពុជា​គ្រោង​ស្នើ​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល​ក្បាច់​គុន​ល្បុក្កតោ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​នៅ​ចុង​ឆ្នាំ​នេះ​

ឈុតឆាកមួយនៃការសម្ដែងក្បាច់គុនល្បុក្កតោ កាលពីពេលកន្លងទៅ។ (វេបសាយក្រសួងព័ត៌មាន)

រដ្ឋាភិបាលកម្ពុជាគ្រោងរៀបចំដាក់ស្នើក្បាច់គុនល្បុក្កតោចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅចុងឆ្នាំ២០២០នេះ ដើម្បីអភិរក្សនិងលើកតម្កើងវប្បធម៌ខ្មែរទៅកាន់ប្រទេសអន្តរជាតិឱ្យស្គាល់កាន់តែច្បាស់នូវគុណតម្លៃនៃវប្បធម៌មួយនេះ។

ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ កំពុងពិភាក្សាដាក់ស្នើឱ្យអង្គការយូណេស្កូដាក់បញ្ចូលក្បាច់គុនល្បុក្កតោដែលជាក្បាច់គុនកេរដំណែលដូនតាទាំងពីសម័យអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីលើកស្ទួយ ផ្សព្វផ្សាយ ជាពិសេសកម្ពុជាគ្រោងដាក់ក្បាច់គុនល្បុក្កតោទៅជាវិញ្ញាសាប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣ ដើម្បីប្រកួតយកមេដាយផងដែរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា ការដាក់ក្បាច់គុនល្បុក្កតោចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺឈរលើមាគ៌ាថែរក្សាមរតក​​បុព្វបុរសខ្មែរយើងឱ្យបានគង់វង្ស និងលើកកម្ពស់ក្បាច់គុនខ្មែរនៅលើឆាកអន្ដរជាតិ និងដាក់​​ក្បាច់គុនល្បុក្កតោក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដើម្បីប្រកួតប្រជែងយកមេដាយ។

យោងតាមការដកស្រងសម្តីពីក្រសួងព័ត៌មាន លោក ថោង ខុន ថ្លែងដូច្នេះថា៖ «អ៊ីចឹងយើងបាននាំក្បាច់គុនល្បុក្កតោទៅប្រទេសទី៣ហើយ បានប្រទេសឡាវ វៀតណាម និងភូមា បានគាំទ្រអាចថា ក្នុងទិវាក្នុងឆ្នាំ២០២៣ យើងបានដាក់វិញ្ញាសានេះប្រកួតដើម្បីយកមេដាយ និងជាវិញ្ញាសាមួយដ៏ធំក្នុងពិធីបើកសម្រាប់បង្ហាញក្បាច់គុនល្បុក្កតោនៅលើឆាកអន្ដរជាតិ ព្រោះក្បាច់គុន​​នេះសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាយើង»។

វីអូឌីមិនទាន់អាចសុំការបញ្ជាក់បន្ថែមពី​អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុងបុណ្ណា ស៊ីរីវត្ថ បាននៅឡើយទេនៅថ្ងៃនេះ។

កម្ពុជាបានដាក់បញ្ចូលសម្បតិ្តបេតិកភណ្ឌពិភពលោកក្នុងអង្គការយូណេស្កូចំនួន​៨រួច​មក​ហើយ ក្នុងនោះរួមមាន ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក របាំព្រះរាជទ្រព្យ ល្ខោនខោល ល្ខោនស្បែកធំ ចាប៉ី​ដងវែង និងល្បែងទាញព្រ័ត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ