តុលាការ​ខេត្ត​​ព្រះ​សីហនុ​​សម្រេច​​ឃុំ​​ជន​ជាតិ​​ចិន​៩​នាក់​​ពាក់​ព័ន្ធ​​បទ​ល្មើស​​ចំនួន​៣​

អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ (រូបថត៖ ហេង វិចិត្រ)

​តុលាការខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃនេះបានសម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​ចំនួន៩នាក់​និង​គ្រោង​បណ្ដេញ​ជនជាតិចិន៧៦នាក់​ផ្សេងទៀត​ចេញពី​កម្ពុជា​ ក្នុងចំណោម​ជនជាតិ​ចិន៣៨១នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ភោជនីយដ្ឋាន​មួយ​កាលពី​ចុងខែ​កញ្ញា។ 

កាលពី​យប់​ថ្ងៃទី២៩ ខែកញ្ញា សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន៣៨១នាក់ រក​ឃើញ​អាវុធនិង​ថ្នាំញៀន​មួយចំនួន ក្នុង​ភោជនីយដ្ឋាន​ស៊ីន​ខាយ​សៀន​មិន នា​ភូមិ៤ សង្កាត់​លេខ៤ ខេត្ត​ព្រះសីហនុ ។ 

ព្រះរាជអាជ្ញា​រង​និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក លឹម ប៊ុ​នហេង ថ្លែងប្រាប់​វី​អូ​ឌី​ថា តំណាង​អយ្យការ​បានសម្រេច​ចោទប្រកាន់​មេខ្លោង​ប្រព្រឹត្ត​បទល្មើស​ចំនួន៩នាក់ លើ​សំណុំរឿង​ពាក់ព័ន្ធ​បទល្មើស​ចំនួន៣ គឺ​គ្រឿងញៀន សញ្ជ​រកម្ម និង​ការប្រើ​ប្រាស់​អាវុធ​ខុសច្បាប់។

លោក​បន្ត​ថា ​មនុស្ស​ចំនួន៧៦នាក់​ផ្សេងទៀត​ដែល​សុទ្ធសឹងតែ​ប្រើប្រាស់​គ្រឿងញៀន នឹង​ត្រូវ​បណ្ដេញចេញ​ពី​កម្ពុជា​នៅពេល​ខាងមុខ ហើយ​ក្រៅពី​នេះ​ ត្រូវ​បាន​ដោះលែង​ដោយ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា​ប៉ុណ្ណោះ។ 

លោក លឹម ប៊ុ​នហេង មានប្រសាសន៍​ថា៖ «មុខសញ្ញា​ជួញដូរ៩នាក់​ ត្រូវ​បញ្ជូន​មក​តុលាការ​ហ្នឹង មកដល់​ពេលនោះ ចៅក្រម​ស៊ើប​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន រង់ចាំ​ស៊ើបអង្កេត​បន្ត។ បុគ្គល៧៦នាក់​ទៀត​ដែល​ធ្វើតេស្ត​រក​ឃើញ​សារធាតុ​ញៀន នឹង​ត្រូវ​បណ្ដេញចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា អ្នក​ផ្សេងទៀត​ត្រូវ​ធ្វើ​កិច្ចសន្យា​អប់រំ​ឱ្យ​ត្រលប់​ទៅ​លំនៅឋាន​វិញ»។ 

ទោះជាយ៉ាងណា​ក្ដី លោក​ លឹម ប៊ុ​នហេង មិន​អាច​បញ្ជាក់​បានទេ​ថា តុលាការ​ចោទប្រកាន់​ជនជាតិ​ចិន​ទាំង៩នាក់តាម​មាត្រា​ច្បាប់​ណាមួយ​នោះ​ឡើយ​ ដោយសារតែ​លោក​មិនបាន​កាន់​ឯកសារ​ផ្លូវការ​ក្នុង​ដៃ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណា​រិន មានប្រសាសន៍​ថា ន​គរ​បាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ចប់​ការ​សួរចម្លើយ​និង​បញ្ជូន​ជនសង្ស័យ​ទាំងអស់​ទៅ​តុលាការ កាលពី​ថ្ងៃទី០៣ ខែតុលា។ លោក​បន្ត​ថា ស្នងការ​នគរបាល​ខេត្ត​កំពុង​រៀបចំ​បំពេញបែបបទ ដើម្បី​បណ្ដេញ​ជនជាតិ​ចិន​ទាំង៧៦នាក់​ចេញពី​កម្ពុជា។

លោក ជួន ណា​រិន បាន​បញ្ជាក់​ថា៖ «អា​លូ​វនៅ​ត្រៀម ​[បណ្ដេញ​ចិន៧៦នាក់​ចេញ​] ត្រៀមចាំ​សិន ចាំ​លិខិតផ្លូវការ​ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​សិន។ យើង​ដាក់​ពួក​គាត់​នៅ​ស្នាក់​ការ​ត្រៀម របស់​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ប្រចាំ​នៅ​ច្រក​ទ្វារ​ទំនប់រលក។»

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គីម​អេង មានប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច​ ប៉ុន្តែអាជ្ញាធរ​កម្ពុជា​គួរ​ស្រាវជ្រាវ​រក​ឫសគ​ល់​នៃ​អំពើឧក្រិដ្ឋ​របស់​ជនជាតិ​ចិន​ទាំងនោះ​បន្ថែម​ទៀត។

លោក យង់ គីម​អេង បាន​លើកឡើង​ថា៖ «ញឹកញាប់​ណាស់​ដែល​ចិន​មាន​បញ្ហា បង្ក​នូវ​អសន្តិសុខ បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។ អីចឹង​រដ្ឋាភិបាល​គួរ​មាន​លក្ខខណ្ឌ​ដោយឡែក ហើយ​ចាំបាច់ក្នុង​ការ​ត្រួតពិនិត្យ​និង​តាមដាន​ពួក​គេ​ទាំងនោះ»។

តួលេខ​ដែល​ផ្ដល់​ដោយសា​លា​ខេត្ត​ព្រះសីហនុ​ បង្ហាញថា គិត​ត្រឹម​ខែមិថុនា ឆ្នាំ២០២០ មានជនជាតិ​ចិន​ប្រមាណ១ម៉ឺន៥ពាន់​នាក់​កំពុង​រស់នៅ ​ធ្វើការ ​និង​ប្រកប​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ