ចាង​ហ្វាង​TVFB​ ត្រូវ​​បាន​​ព្យួរ​ទោស​​និង​​មាន​​សេរីភាព​​ឡើង​វិញ​​ក្រោយ​​ជាប់​ពន្ធ​នា​​គារ​​ជិត​៦​ខែ​​

លោក សុវណ្ណ រិទ្ធី អ្នកសារព័ត៌មាន TVFB ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីបទបង្ហោះព័ត៌មានញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ (ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

ចាងហ្វាង​បណ្តាញ​ព័ត៌មាន​អន​ឡាញ TVFB ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ដោយសារ​ដកស្រង់​សម្តី​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ទទួល​បាន​សេរីភាព​ឡើងវិញ​នៅ​ថ្ងៃចន្ទ​នេះ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លោក​ឱ្យ​ជាប់ពន្ធ​នា​គារ​រយៈ ពេល១៨ខែ ហើយ​ទោស​សល់​ពីនោះ ត្រូវ​បាន​ព្យួរ។

លោក សុវណ្ណ រិទ្ធី បាន​ចូលរួម​សវនាការ​រយៈពេល​ខ្លី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃចន្ទ ពី​បទ​«ញុះញង់» បន្ទាប់ពី​លោក​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែមេសា ​ដោយសារតែ​ស្រង់​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក។

បន្ទាប់ពី​សម្រាក​មួយសន្ទុះ ក្រោយពី​ធ្វើការ​ដេញដោល​ក្នុង​សវនាការ ចៅក្រម​ជំនុំជម្រះ លោក លិ សុខា បានសម្រេច​ផ្តន្ទា​ទោស​លោក រិទ្ធី ឱ្យ​ជាប់ពន្ធ​នា​គារ​រយៈពេល១៨ខែ ពី​បទ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម» ប៉ុន្តែ​អនុវត្ត​ទោស​ចាប់ពី​ពេល​ដែល​ត្រូវ​បាន​ចាប់ខ្លួននិង​ឃុំខ្លួន​បណ្តោះអាសន្ន​កាលពី​ខែមេសា​រហូតមកដល់​ថ្ងៃ​ប្រកាស​សាលក្រម​នេះ ចំណែក​ទោស​នៅសល់ ត្រូវបាន​ព្យួរ​។

ចៅក្រម លិ សុខា បាន​ប្រកាស​ក្នុង​បន្ទប់​សវនាការ​ថា៖ «តុលាការ​បាន​ផ្តន្ទាទោ​សលោ​កឱ្យ​ជាប់ពន្ធ​នា​គារ១៨ខែ ប៉ុន្តែ​អនុវត្ត​ទោស​ចាប់ពី​ថ្ងៃ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​រហូតដល់​ថ្ងៃ​ប្រកាស​សាលក្រម មានន័យថា លោក​មាន​សេរីភាព​ចាប់ពី​ថ្ងៃនេះ​ទៅ ហើយ​ខាង​តំណាង​អយ្យការ​នឹង​ធ្វើ​នី​តិ​វិធី​បង្គាប់​ឱ្យ​មានការ​ដោះលែង​លោក​ពី​ពន្ធនាគារ»។

បន្ទាប់ពី​លោក​ចៅក្រម លិ សុខា ប្រកាស​សាលក្រម លោក រិទ្ធី បាន​លើកដៃ​គោរព​ពីរបី​ដង ហើយ​បន្ទាប់មក​លោក​បាន​បន្ដ​ដើរទៅ​គោរព​លោក​ចៅក្រម​ផង​ដែរ។

លោក រិទ្ធី បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយបន្ទាប់ពី​ការប្រកាស​សាលក្រម​នេះ ដោយ​និយាយ​ថា លោក​មាន​បញ្ហា​សុខភាព ដូច្នេះ​មិន​អាច​ធ្វើ​អត្ថា​ធិប្បាយ​បានទេ។ មេធាវី​របស់​លោក​ក៏បាន​បដិសេធ​មិន​ផ្តល់​អត្ថា​ធិប្បាយ​ផង​ដែរ​នៅ​ក្រៅ​បន្ទប់​តុលាការ។ 

លោក រិទ្ធី និង​ឪពុក​របស់​លោក ​គឺ​លោក សុវណ្ណ សុខា គឺជា​ស្ថាបនិក​បណ្តាញ​ព័ត៌មាន TVFB ដែល​បាន​ចាប់ផ្តើម​ដំបូង​ជា​ទំព័រ​ហ្វេ​សបុ​កនិង​ប្រែក្លាយ​ជា​បណ្តាញ​ព័ត៌មាន​មួយ ដោយមាន​អាជ្ញាបណ្ណ​ផ្សព្វផ្សាយ​និង​បុគ្គលិក​បម្រើការ​ផង​ដែរ។

ទោះបីជា​យ៉ាងណា ដំណើរការ​និង​គេហទំព័រ​របស់​បណ្តាញ​ព័ត៌មាន​នេះ​ត្រូវ​បាន​បិទ បន្ទាប់ពី​លោក រិទ្ធី ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃទី៩ ខែមេសា ហើយ​ក្រសួងព័ត៌មាន​ក៏បាន​ដក​អាជ្ញាបណ្ណ​របស់​បណ្តាញ​ព័ត៌មាន TVFB ផង​ដែរ។​

ហ្វេសប៊ុក​របស់​លោក រិទ្ធី បាន​ដកស្រង់​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី៧ ខែមេសា ដែល​ក្នុង​នោះ​លោកនាយក​រដ្ឋមន្ត្រី​បាន​មា​នប្រ​សាសន៍​ថា រដ្ឋាភិបាល​នឹង​មិន​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​កម្មករ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដូច​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​និង​ទេសចរណ៍​នោះ​ទេ។

សារ​ដែល​បាន​បង្ហោះ​នេះ​ បាន​ដកស្រង់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ពេលនោះ​លោក​បាន​សរសេរ​ថា៖ «សម្តេច ហ៊ុន សែន៖ បើ​អ្នក​រត់​ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះ​ទេ»។ 

ក្នុង​សុន្ទរកថា​នោះ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​ថា៖ «ដូចដែល​ក្មួយ​សួរ​មក​ពូ​ថា ​អ្នក​រត់​ម៉ូតូឌុប គាត់​ត្អូញត្អែរ តើមាន​រដ្ឋ​ប៉ះប៉ូវ​ទេ? លក់​ម៉ូត​ចាយ​សិន​ទៅ ​ទិញ​អង្ករ​ស៊ី​សិន​ព្រោះ​បើ​មក​ឱ្យ​រដ្ឋ​ប៉ះប៉ូវ​ទាំងអស់ ងាប់​បាត់! រដ្ឋ​ឯណា​មាន​លុយ»។ 

បន្ទាប់ពី​ការ​ចាប់ខ្លួន​នេះ បណ្តាញ​ព័ត៌មាន Deutsche Welle ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់​ បាន​ផ្តល់​ពាន​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ដល់​លោក សុវណ្ណ រិទ្ធី​៕

ប្រែសម្រួល​ពីអត្ថបទដើមជាភាសាអង់គ្លេស​ដោយ អ៊ូច សូនី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ