ក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា បានស្នើទៅតុលាការបើកឡើងវិញនូវសវនាការជម្រះក្ដីសំណុំរឿង«ក្បត់ជាតិ»ដែលត្រូវបានចោទប្រកាន់ទៅលើមេដឹកនាំបក្សប្រឆាំងរូបនេះ។
សវនាការជំនុំជម្រះក្ដីសំណុំរឿង«ក្បត់ជាតិ»ដែលចោទទៅប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចាប់ផ្ដើមកាលពីថ្ងៃទី១៥ ខែមករាដើមឆ្នាំនេះ ជាង២៨ខែក្រោយពីលោកត្រូវបានចាប់ខ្លួន។
ប៉ុន្តែសវនាការត្រូវបានផ្អាកកាលពីពាក់កណ្ដាលខែមីនា ដោយសារតែក្ដីបារម្ភពីការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណានាពេលនោះ ហើយកាលបរិច្ឆេទជាក់លាក់នៃការចាប់ផ្ដើមសវនាការសំណុំរឿងនេះឡើងវិញ មិនត្រូវបានកំណត់នោះឡើយ។
ក្នុងលិខិតដាក់ចុះថ្ងៃនេះ សហមេធាវីទាំង៤រូបរបស់លោក កឹម សុខា បានស្នើទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ ឱ្យចាប់ផ្ដើមឡើងវិញនូវសវនាការជម្រះក្ដីសំណុំរឿងមួយនេះ។
ក្រុមមេធាវីបានលើកឡើងនៅក្នុងលិខិតនោះថា៖ «យើងខ្ញុំសូមជម្រាបជូនឯកឧត្ដមប្រធានជ្រាបថា បច្ចុប្បន្ន ស្ថានភាពជំងឺកូវីដ១៩ គឺរាជរដ្ឋាភិបាលគ្រប់គ្រងបានទាំងស្រុង ដូចមានរបាយការណ៍របស់ក្រសួងសុខាភិបាលបញ្ជាក់រាល់ថ្ងៃ។ ចំណែកឯតុលាការក៏បានដំណើរការនីតិវិធីជំនុំជម្រះក្ដីជាប្រក្រតីរាល់ថ្ងៃដែរ»។
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះពីការរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា២នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងវីរុសកូរ៉ូណាសរុបនៅក្នុងប្រទេសកម្ពុជា កើនឡើងដល់ចំនួន២៨០នាក់។
ប៉ុន្តែក្រសួងសុខាភិបាលបានប្រកាសពីការព្យាបាលអ្នកឆ្លងវីរុសជាសះស្បើយទាំងអស់ចំនួន២លើករួចមកហើយ មុននឹងប្រកាសពីការរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាចំនួន៥នាក់ចុងក្រោយ៕









