មន្ត្រី​​បរិស្ថាន​​ខេត្ត​មណ្ឌល​គិរី​​បង្ក្រាប​​បទ​ល្មើស​​ធនធាន​​ធម្មជាតិ​​ជាង​១៥០០​ករណី​​ក្នុង​​ពេល​៩​ខែ​​ឆ្នាំ​នេះ​​

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាន ចុះទស្សនកិច្ច ស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ខេត្ត មណ្ឌលគិរី នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។ (ពេជ្រ សុធារី)

មន្ត្រី​ឧទ្យានុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ បាន​ជាង១៥០០ករណី ក្នុង​នោះ​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ជាង៨០ករណី និង​បាន​រឹបអូស​វត្ថុ​តាង​បទល្មើស​មួយចំនួន។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ បានឱ្យ​ដឹង​ថា នៅក្នុង​រយៈពេល៩ខែឆ្នាំ២០២០ មន្ត្រី​ឧទ្យានុ​រក្ស​បាន​ចុះ​ល្បាត​ក្នុង​តំបន់ការពារធម្មជាតិ​ចំនួន២៩៩៥លើក ដោយ​បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចំនួន១៥២៨ ករណី ក្នុង​នោះ​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន៨៤ករណី​, ពិន័យ​អន្តរការណ៍​ចំនួន២៦ករណី​, រឹបអូស​រណារ​យន្ត​បាន​ចំនួន៣៦៤គ្រឿង ចាប់​ឃាត់​រថយន្ត​ចំនួន៣៤គ្រឿង និង​ដោះ​អន្ទាក់​ដាក់​សត្វព្រៃ​ចម្រុះ​សរុប​ចំនួន២៩៥៧ខ្សែ។ 

ប្រធានមន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុ​ភ័ក្រ បាន​មានប្រសាសន៍​ថា បទល្មើស​ធនធាន​ធម្មជាតិ​ដែល​បាន​កើតឡើង​ក្នុង​ទ្រង់​ទ្រា​យតូចៗ​នេះ ភាគច្រើន​ជា​បទល្មើស​កាប់​រានទន្ទ្រាន​ដី​រដ្ឋ ការ​បរបាញ់​សត្វព្រៃ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់។ 

លោក​បន្ត​ថា៖ «អ្វី​ដែល​យើង​ជួបប្រទះ ​[បញ្ហា​ប្រឈម​] នោះ គឺ​ការ​បរបាញ់​សត្វព្រៃ [របស់​ជនខិលខូច​] បាន​ធ្វើឡើង​នៅក្នុង​ព្រៃ​ជ្រៅដែល​ពិបាកធ្វើ​ដំណើរ​ទៅដល់ ជាពិសេស​ក្នុង​ខែវស្សា​នេះ ហើយ​យើង​ឃើញ​ហើយ នៅ​ជុំវិញ​តំបន់​ការពារ​នេះ យើង​មាន​សហគមន៍​ច្រើន​រស់នៅ​ជុំវិញ​ច្រើន និង​ជា​ខេត្ត​មួយ​ដែល​ជាប់​ព្រំប្រទល់​វៀតណាម ដូច្នេះ​យើង​មានការ​ពិបាក​ក្នុង​ការទប់ស្កាត់​ព្រានព្រៃ​ដែល​ឆ្លង​ប្រទេស​ចូល​មក ដោយសារ​យើង​មានការ​ពិបាក​ទទួល​ព័ត៌មាន​ផ្នែក​ព្រំដែន ហើយ​មួយចំនួន​ទៀត​យើង​មាន​បញ្ហា​ប្រឈម​ដោយសារ​កត្តា​ជួញដូរ​សត្វព្រៃ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន និង​ភូមិសាស្ត្រ​ដែល​នៅ​ជុំវិញ​តំបន់​ការពារ​ទាំងនោះ»។

តែ​យ៉ាងណា លោក​ថា ជា​យន្តការ​ណ៍សម្រាប់​មន្ទីរ​បរិស្ថាន​ខេត្ត នៅតែ​បន្ត​សហការ​ជាមួយ​អង្គការ​ដៃ​គូបណ្តា​ខេត្ត​ជាប់​ព្រំប្រទល់និង​សហគមន៍​មូលដ្ឋាន ដើម្បី​ពង្រឹង​ការទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព។

ប្រធាន​ការិយាល័យ​ដែនជម្រកសត្វព្រៃ​កែវសីមា លោក ព្រំ វិបុល​រ័ត្ន​នៈ មានប្រសាសន៍​ថា ការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​កែវសីមា មានការ​ថយ​ចុះ​តិចតួច​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​មន្ត្រី​ឧទ្យានុ​រក្ស​បាន​បង្កើន​សកម្មភាព​ចុះ​ល្បាតនិង​ទប់ស្កាត់​បទល្មើស​ទាំងនោះ។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ​ភក្ត្រា មានប្រសាសន៍​ក្នុងអំឡុងពេល​ដឹកនាំ​គណៈប្រតិភូ​ក្រសួងបរិស្ថាននិង​ក្រុម​អ្នកសារព័ត៌មាន ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​ការពារនិង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី​ ថាតំបន់ការពារធម្មជាតិ​នៅក្នុង​ខេត្តមណ្ឌលគិរីមាន​ចំនួន៦កន្លែង មានផ្ទៃ​ដី​សរុប​ប្រមាណ១លាន​ហិ​កតា រួមមាន ដែនជម្រកសត្វព្រៃ​កែវសីមា ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែនជម្រកសត្វព្រៃ​ណា​មលៀរ ដែនជម្រកសត្វព្រៃ​លំផាត់ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ឦសាន។ 

លោក​បន្ត​ថា ការគ្រប់គ្រង​អភិរក្ស​តំបន់ការពារធម្មជាតិ​ទាំងនេះ មន្ទីរ​បរិស្ថាន​ខេត្តមាន​មន្ត្រី​ឧទ្យានុ​រក្ស​សរុប​ចំនួន១០៤នាក់ ដែល​ចំនួន​នេះ​នៅ​មិនទាន់​ឆ្លើយតប​នៅឡើយ​ជាមួយ​ទំហំដី​ដែល​ត្រូវ​អភិរក្សនិង​ការពារ។

លោក​បាន​គូសបញ្ជាក់​ថា៖ «ដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ឧទ្យានុ​រក្ស​នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ បទល្មើស​ធនធាន​ធម្មជាតិ​ទ្រង់​ទ្រាយ​ធំ​លែងកើត​មាន​ទៀតហើយ តែ​នៅសល់​បទល្មើស​ទ្រង់ទ្រាយ​តូច​ដែល​ចាំបាច់​សមត្ថកិច្ច​ជំនាញ ត្រូវ​បន្ត​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​ដើម្បី​ថែរក្សា​ធនធាន​ធម្មជាតិ ព្រៃឈើ សត្វព្រៃ​ដែល​កម្ពុជា​មាន»។

លោក នេត្រ ភក្ត្រា បាន​បន្ថែម​ថា រហូត​មកទល់​ពេលនេះ ក្រសួង​បាន​ធ្វើ​ឱ្យ​ការ​ការពារនិង​អភិរក្ស​ធនធាន​ធម្មជាតិ កាន់តែ​មាន​ភាពល្អ​ប្រសើរ ដែល​ធ្វើ​ឱ្យ​តំបន់ការពារធម្មជាតិ​ខ្លះ ត្រូវ​បាន​វាយតម្លៃ​ថា​មាន​សុវត្ថិភាព ហើយ​ឈាន​ដល់​ការ​លក់​ឥណទាន​កាបូន​ទៅលើ​ទីផ្សារ​ស្ម័គ្រចិត្ត​អន្តរជាតិ ក្នុង​នោះ​ក៏​មាន​ដែនជម្រកសត្វព្រៃ​កែវសីមា ក្នុង​ខេត្តមណ្ឌលគិរី ដែល​បាន​លក់​ឥណទាន​កាបូន​តាំងពី​ឆ្នាំ២០១៦មក។

លោក បៀល វណ្ណ​ធី សមាជិក​សហគមន៍​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី និយាយ​ថា សហគមន៍​នេះបាន​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិចនៅ​ក្រសួងមហាផ្ទៃ​កាលពី​ឆ្នាំ២០០៧ និង​ទទួល​បាន​បណ្ណ​កម្មសិទ្ធិ​ពី​ក្រសួង​រៀបចំ​ដែនដីតាំងពី​ឆ្នាំ២០១២ លើ​ដី​ទំហំ​ជាង១៤០០ហិ​កតា។ 

លោក​បន្ត​ថា បើ​ទោះជា​មានការ​ចុះបញ្ជី​ជា​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច ប៉ុន្តែ​ក៏​នៅ​មានការ​លួច​កាប់ព្រៃ​ឈើនិង​ការទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិពី​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេង​ៗនិង​អ្នកមាន​អំណាច​មួយចំនួន​ផង​ដែរ ក្នុង​នោះមាន​ដី​បម្រុង​សហគមន៍​ចំនួន១១ហិ​កតា​ហើយដែល​ត្រូវ​បាន​ទន្ទ្រាន​យក​ពី​ជនខិលខូច​មួយចំនួន។ 

លោក​ថា៖ «ដូច្នេះ! ​ខ្ញុំ​សូម​សំណូរ​ពរ​ដល់​ក្រុមការងារ​ពាក់ព័ន្ធ ដូចជា ក្រសួងបរិស្ថាន ក៏ដូចជា​មន្ត្រី​ឧទ្យានុ​រក្ស ចូលរួម​ការពារ ហើយ​ចុះ​ល្បាត​ជាមួយគ្នាក្នុង​ដី​ដែនជម្រកសត្វព្រៃ​កែវសីមានិង​ដី​សហគមន៍​ផង​ដែរ»។ 

បើ​តាម​ក្រសួងបរិស្ថាន កម្ពុជា​ដែល​បច្ចុប្បន្ន​នេះ​មាន​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​សរុប​ចំនួន៦៦កន្លែង ដែល​ក្នុង​នោះ​មាន​ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់ការពារទេសភាព និង​តំបន់​រ៉ាម​សារ​ ដែល​មានផ្ទៃ​ដី​សរុប៧,៣លាន​ហិ​កតា ស្មើ​ប្រមាណ៤១​%នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​កម្ពុជា។

គួរ​បញ្ជាក់​ថា ក្នុងអំឡុងពេល​ទស្សនកិច្ច​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា ខេត្តមណ្ឌលគិរី លោក នេត្រ ភក្ត្រា ក៏បាន​ដឹកនាំ​អ្នកសារព័ត៌មាន​ជាង២០នាក់មក​ពី​ស្ថាប័ន​ផ្សេង​ៗ ទៅ​ទស្សនកិច្ច​ទីស្នាក់ការ​ធំ​របស់​ដែនជម្រកសត្វព្រៃ​កែវសីមា ដែល​មាន​ផ្ទុក​ទៅ​ដោយ​វត្ថុ​តាង​បទល្មើស រួមមាន រថយន្ត​ប្រមាណ​ជាង៥០០គ្រឿង ម៉ូតូ​ជិត១ពាន់​គ្រឿង រណារ​យន្តជាង១ពាន់​គ្រឿង អន្ទាក់​ជាង២ម៉ឺន ហើយ​ឈើ​ដែល​រឹបអូស​បាន​ជាច្រើន ដែល​បាន​បន្សល់ទុក​តាំងពី​អំឡុង​ពេល​នៃ​ការគ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មុននឹង​ផ្ទេរមក​ស្ថិត​ក្រោម​ការគ្រប់គ្រង​និង​អភិរក្ស​របស់ក្រ​សួង​បរិស្ថាន​ នៅ​ខែឧសភា ឆ្នាំ២០១៦​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ