ពលរដ្ឋ​៣០​គ្រួសារ​​នៅ​​បន្ទាយ​មាន​ជ័យ​​ជម្លៀស​​ទៅ​​ទី​ទួល​​សុវត្ថិភាព​​គេច​​ពី​​ទឹក​ជំនន់​​ធ្លាក់​​ពី​​ថៃ​

ថ្ងៃ​ចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន អ.ហ ស្រុក​អូរជ្រៅ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ចុះ​ជួយ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ចំ​ណុច​វត្ដ​ចាស់ ស្ថិត​ក្នុង​ភូមិ​អូរបីជាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត ប/ជ ដើម្បី​មក​ទីទួល​សុវត្ថិភាព។ (​ហ្វេសប៊ុក៖ បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​)

​ប្រជាពលរដ្ឋ​ប្រមាណ៣០គ្រួសារ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ ស្ថិត​ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​ជម្លៀស​ទៅ​ទីទួល​សុ​វត្ថិភាព ក្រោយផ្ទះ​សម្បែង​របស់​ពួក​គេ​រង​ការ​លិចលង់​ដោយ​ទឹកជំនន់​ធ្លាក់​មក​ពី​ប្រទេស​ថៃ។

នាយក​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ លោក ឈឿន ត្រៃ​យ៉ុង ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ផ្ទះ​ជាច្រើន​ខ្នង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​វត្ត​ចាស់ ឃុំ​អូរបីជាន់ បាន​លិចលង់​ក្នុង​ជំនន់​ទឹកភ្លៀងនិង​ទឹកជំនន់​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ ដោយបង្ខំ​ឱ្យមានការ​ជម្លៀស​ពលរដ្ឋ​ប្រមាណ៣០គ្រួសារ ទៅ​ស្នាក់នៅ​សាលាឃុំ​អូរបីជាន់​បណ្តោះអាសន្ន។

មន្ត្រី​សាលាខេត្ត​រូប​នេះ បន្ត​ថា នៅ​រសៀល​ថ្ងៃនេះ ទឹកបាន​ស្រក​វិញ​ខ្លះ​ហើយ ប៉ុន្តែលោក​ថា ពលរដ្ឋ​បន្ត​សម្រាក​នៅ​ទីទួល​សុ​វត្ថិភាព​បន្ថែម​ទៀតសិន ​ដោយ​បារម្ភ​ខ្លាច​ទឹក​ជន់​មក​ទៀត។

លោក ឈឿន ត្រៃ​យ៉ុង ប្រាប់​ថា៖ «រហូតមកដល់​ពេលនេះ វា​ស្រក​វិញ​អស់ហើយ។ វា​អត់មាន​អី​គួរឱ្យចាប់អារម្មណ៍​ទេ ព្រោះ​អត់មាន​ជំនន់​លិច​ប៉ុន្មាន​ទេ លិច​ប្រហែល​ត្រឹម​ជង្គង់​ទេ»។

បើ​ទោះបីជា​ទឹក​មានការ​ស្រក​ខ្លះ ប៉ុន្តែ​លោក ឈឿន ត្រៃ​យ៉ុង ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ​ ឱ្យមានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ផង​ដែរ ដើម្បី​ចៀសវាង​គ្រោះ​ថ្នា​ក់​ផ្សេង​ៗដែល​អាច​កើតមាន​ជាយ​ថាហេតុ។

ទន្ទឹមគ្នា​នេះ ក្រសួងធនធានទឹក និងឧតុនិយម បាន​ក្រើន​រំឭក​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ខ្យល់បក់​បោក​ខ្លាំងនិង​ភ្លៀង​ធ្លាក់​ច្រើន​ចន្លោះ​ពី​ថ្ងៃពុធ​ទៅដល់​ថ្ងៃសុក្រ​ក្នុង​សប្ដាហ៍​នេះ បន្ទាប់ពី​សង្កេតឃើញ​ប្រព័ន្ធ​សម្ពាធ​ទាប​កំពុង​មាន​ឥទ្ធិពល​មក​លើ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃខានស្អែក​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ