កម្ពុជា មាន​វត្តមា​ន​សត្វ​ទោច​ថ្ពាល់​លឿងប្រមាណ​១២០០​ក្បាល និង​ស្វាកន្ទុយ​សជាង​២ម៉ឺន​ក្បាល

ការសិក្សាស្រាវជ្រាវមួយ​ បានរកឃើញថា កម្ពុជា មានវត្តមាន​​សត្វទោស​ថ្ពាល់​លឿង ដែលជាប្រភេទ​សត្វ​កម្រ​​ជិត​​ផុត​ពូជ​ជាង១០០០ក្បាល និង​សត្វស្វាកន្ទុយ​ស មានជាង ២ម៉ឺនក្បាល នៅក្នុង​តំបន់​ការ​ពារ​ធម្មជាតិ​​ប្រទេស​កម្ពុជា។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក​ នេត្រ ភក្ត្រា មានប្រសាសន៍នៅក្នុងដំណើរទស្សនកិច្ច​​សហគមន៍​អណ្តូងក្រឡឹងក្នុងដែនជម្រកសត្វព្រៃកែវ​សីមា ខេត្តមណ្ឌល​គិរី កាលពីថ្ងៃ​ទី៥ ខែតុលា ឆ្នាំ២០២០ ​ថា កម្ពុជា សំបូរទៅ​​ដោយជីវៈចម្រុះ​គ្រប់ប្រភេទ​ ​ក្នុង​នោះ​ ប្រភេទ​សត្វ​កម្រ​មួយ​ចំនួន ដែល​បាន​និង​កំពុង​ជិត​ផុត​ពូជ និង​ប្រភេទ​​សត្វ​ងាយ​រង​​គ្រោះ​បំផុត​​រប​ស់​ពិភព​លោក​ ត្រូវបាន​រក​ឃើញ​ថា​មាន​វត្ត​មាន នៅ​ក្នុង​តំបន់​ការ​ពារ​ធម្ម​ជាតិ​របស់​ប្រទេស​កម្ពុជា។

លោកបន្តថា ដែន​ជម្រកសត្វ​ព្រៃកែវ​សីមា មាន​​សារៈ​​សំខាន់​កម្រិត​​អន្តរ​ជាតិ​ក្នុង​ការ​អភិរក្ស​សត្វដំ​រី​អាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទ​មាំសាសី និង​ប្រភេទ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ដែល​ប្រភេទ​សត្វ​ និង​រុក្ខ​ជាតិ ៧៥ ប្រភេទ ជាប្រ​ភេទ​រង​ការ​គំរាម​កំហែង​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គ​ការ IUCN។

លោកនេត្រ ភក្ត្រា បានថ្លែង​ថា៖ «យោង​តាម​របាយ ការណ៍​សិក្សា​ស្រាវ​ជ្រាវ​ដោយ​អង្គ​ការ​សមា​គម​អភិរក្ស​សត្វ​ព្រៃ​ប្រចាំ​កម្ពុជា ស្ថិតិ​សត្វ​ស្វា​កន្ទុយ​ស​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ប្រមាណ​ជាង ២០០០០​ក្បាល ហើយ​ភាគច្រើន​មាន​វត្ត​មាន​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា ហើយ​សត្វ​ទោច​ថ្ពាល់​លឿង​មាន​ចំនួន​ប្រមាណ ១២០០​ក្បាល…សត្វព្រៃ​ទាំង​នេះ​គឺ​ជា​សម្បត្តិ​ធម្ម​ជាតិ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ប្រទេស​កម្ពុជា និង​មាន​តម្លៃ​បំផុត​សម្រាប់​ការ​អភិរក្ស​ជីវៈ​ចម្រុះ​របស់​ពិភព​លោក»។

លោកបានបន្ថែមថា៖ «ដែន​​ជម្រក​សត្វ​ព្រៃកែវ​សីមា មិន​ត្រឹម​តែ​ជា​ដែន​ជម្រក​សត្វ​ព្រៃ​ដែល​មាន​ព្រៃ​ស្រោង និង​អាច​លក់​ឥណទាន​កាបូន​នោះ​ទេ តែ​​ជា​តំបន់​ការ​ពារ​​ធម្មជាតិ​មាន​​សា​រៈ​​សំខាន់​​កម្រិត​​អន្តរ​ជាតិ​ក្នុង​ការ​អភិរក្ស​សត្វ​ព្រៃ​និង​ជីវៈ​ចម្រុះ​ជា​ច្រើន​ទៀត»

ករណីនេះ រដ្ឋលេខាធិការ​​ក្រសួង​បរិស្ថាន​រូបនេះ បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ រួម​សហការ​គ្នា​ ដើម្បី​ការ​ពារ​និង​អភិរក្សធ​ន​ធាន​ធម្ម​ជាតិ និង​សត្វ​ព្រៃ​ដែល​មាន នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា ឱ្យ​បាន​គង់​វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅ​មុខ​ទៀត។

លោកបានគូសបញ្ជាក់ថា៖ «ការ​ការ​ពារ​បាន​ព្រៃ​ឈើ មិន​ត្រឹម​ការ​ពារ​បាន​ប្រព័ន្ធ​អេ​កូឡូ​ស៊ីទេ តែយើង​អាច​លក់​ឥណទាន​កាបូន ដើម្បីបា​ន​ថវិកា​មក​ពង្រឹង​ការ​ងារ​អភិរក្ស និង​អភិរក្ស​សហគមន៍​មូល​ដ្ឋាន ហើយ​ការ​ថែរក្សា​បាន​នូវ​សត្វ​ព្រៃ​គ្រប់​ប្រភេទ នឹង​ផ្តល់​ចំណូល​​តាម​រយៈ​ទេស​ចរណ៍​ធម្មជាតិ»។

លោក កែន សេរីរដ្ឋា នាយក​អង្គ​ការ​សមាគម​អភិរ​ក្ស​សត្វ​ព្រៃ( WCS) ប្រចាំ​កម្ពុជា បាន​ឱ្យដឹ​ង​ថា ក្រុម​អ្នក​អង្កេត​បាន​រក​ឃើញ​ពពួក​សត្វ​ពានរ​ទាំង​នេះ នៅ​លើ​ដើម​ឈើខ្ព​ស់ៗ​នៃ​ព្រៃស្រោង​ និង​ព្រៃ​ពាក់​កណ្តាល​ស្រោង​​ក្នុង​​​ប្រទេស​កម្ពុជា ក្នុងនោះ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា គឺជា​ជម្រក​ដ៏​សំខាន់​នៃ​ពួក​សត្វ​ស្វា​កន្ទុយ​ស និង​សត្វ​ទោច​ថ្ពាល់​លឿង។

បច្ចុប្បន្ននេះ តំបន់​ជម្រក​សត្វ​ស្វាក​ន្ទុយស​ និង​ទោច​ថ្ពាល់​លឿង​ក្នុង​សហគមន៍​អណ្តូងក្រ​ឡឹង ក្នុង​ភូមិ​សា​ស្ត្រឃុំសែន​មនោរម្យ ស្រុក​អូរ​រាំង ខេត្ត​មណ្ឌល​គិរី បាន​និង​កំពុង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​បរទេស​ឱ្យ​មក​ទស្សនា​កម្សាន្ត។ ក្នុងនោះ កាលពីឆ្នាំ២០១៩ Jahoo Gibbon Camps ដែល​ជា​គម្រោង​សហគមន៍​​អេកូ​ទេស​ចរណ៍​បាន​ទទួល​ភ្ញៀវ​ទេសចរ​ចំនួន​ប្រមាណ ៤៥០នាក់ និង​បាន​ទទួល​ចំណូល​ប្រមាណ ១៧០០០​ដុល្លារ​សហរដ្ឋអាមេរិក​ជូន​ដល់​សហគមន៍។

អ្នកស្រី ភ្លើក ផឿក អាយុ៥០ឆ្នាំ ជនជាតិភាគតិចព្នង និងជាសមាជិកសហគមន៍អណ្តូងក្រឡឹង មានប្រសាសន៍ថា កាលដើម​ឡើយ​​ប្រជា​សហគមន៍​ ក៏ដូចជាគ្រួសារ​អ្នកស្រីផ្ទាល់ រស់នៅ​អាស្រ័យ​ផលអនុផលព្រៃឈើ តាមរយៈ​ការ​​ដង​​ជ័រ ការរកផ្សិត និងឱសថ​​ជាដើម ដោយរកចំណូលបានតិចតួចប៉ុណ្ណោះសម្រាប់ចិញ្ចឹមជីវិត។ អ្នកស្រីបន្តថា តាមរយៈគម្រោង​សហគមន៍​អេកូទេសចរណ៍ Jahoo Gibbon Camps ដែល​នាំភ្ញៀវ​ទេស​ចរ​ទៅ​ទស្សនា​សត្វ​​ទោច​ថ្ពាល់​លឿង និង​សត្វ​ស្វាកន្ទុយ​ស រួម​និងទឹកធ្លាក់នោះ បានធ្វើឱ្យ​សហគមន៍មានជីវភាពល្អប្រសើរជាងមុន។

អ្នកស្រីថា៖ «ដូចជាប្តីខ្ញុំជាដើម គាត់​អាចនាំភ្ញៀវទេសចរទៅមើលសត្វទោសថ្ពាល់លឿង និងស្វាកន្ទុយ​​ស និងសត្វព្រៃផ្សេងៗ និងទឹកធ្លាក់ ក្នុង​មួយ​ដងបាន ៥ម៉ឺនរៀល ហើយ​មួយ​ទៀត​ គឺ​យើងអាច​​ការពារដីធ្លី ព្រៃឈើ និង​សត្វព្រៃកុំឱ្យបាត់បង់បាន»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ