ខណៈដែលមានសំណើដាក់បញ្ចូលក្បាច់គុនល្បុក្កតោទៅក្នុងវិញ្ញាសារមួយនៃព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុននោះ ក្រុមអ្នកថែរក្សាមរតកមនុស្សមួយនេះ បង្ហាញក្ដីសង្ឃឹមថា សិល្បៈក្បាច់គុនមួយនេះ នឹងត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បន្ទាប់ពីកម្ពុជាបានចាប់ផ្ដើមចងក្រឯកសារអំពីក្បាច់គុនមួយនេះអស់រយៈពេល ១០ឆ្នាំមកហើយនោះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ត្រូវបានដកស្រង់សម្ដីដោយក្រសួងព័ត៌មាន ដែលបានថ្លែងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា ភាគីពាក់ព័ន្ធរបស់កម្ពុជា កំពុងតែពន្លឿនការដាក់បញ្ចូលក្បាច់គុនល្បុក្កតោទៅក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូនៅចុងឆ្នាំនេះ។
ទន្ទឹមគ្នានេះ លោក ថោង ខុន ថ្លែងថា កម្ពុជាបានព្យាយាមស្នើដាក់ក្បាច់គុនល្បុក្កតោទៅក្នុងវិញ្ញាសារមួយនៃព្រឹត្តិការណ៍ប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា ស៊ីហ្គេម ដែលគ្រោងរៀបចំឡើងនៅកម្ពុជានៅឆ្នាំ២០២៣ខាងមុខ។
លោក ថោង ខុន ថ្លែងថា៖ «អ៊ីចឹងយើងបាននាំក្បាច់គុនល្បុក្កតោទៅប្រទេសទី៣ហើយ បានប្រទេសឡាវ វៀតណាម និងភូមា បានគាំទ្រ។ អាចថា ក្នុងទិវាក្នុងឆ្នាំ២០២៣ យើងបានដាក់វិញ្ញាសានេះប្រកួតដើម្បីយកមេដាយ និងជាវិញ្ញាសាមួយដ៏ធំក្នុងពិធីបើកសម្រាប់បង្ហាញក្បាច់គុនល្បុក្កតោនៅលើឆាកអន្ដរជាតិ ព្រោះក្បាច់គុននេះសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាយើង»។
ប្រធានរាជបណ្ឌិតសភាល្បុក្កតោកម្ពុជា លោក សាន គឹមស៊ាន ដែលត្រូវបានហៅថា «គ្រូតាក្រមាមាស» បានបង្ហាញក្ដីសង្ឃឹមថា ក្បាច់គុនល្បុកតោរបស់កម្ពុជា នឹងត្រូវបានពិចារណាដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌មនុស្សជាតិរបស់អង្គការយូណេស្កូនៅចុងឆ្នាំនេះ ដោយលោកថា ក្រុមអន្តរក្រសួង និងបណ្ដាស្ថាប័នផ្សេងទៀត បានរៀបចំចងក្រងឯកសារចាប់តាំងពីឆ្នាំ២០១០មក។
លោក សាន គឹមស៊ាន អាយុ ៧៥ឆ្នាំដែលបានចំណាយពេល ២០ឆ្នាំចុងក្រោយដើម្បីចងក្រងប្រវត្តិក្បាច់គុនល្បុក្កតោនោះ បានឲ្យដឹងថា លោកបានរៀបចំដាក់ឯកសារទៅអង្គការយូណេស្កូនៅឆ្នាំ២០១២ ហើយលោកថា លោក និងក្រសួងពាក់ព័ន្ធ ក៏បានឆ្លើយតបទៅនឹងកង្វះចន្លោះមួយចំនួនដែលភាគីអង្គការយូណេស្កូចោទសួរនោះហើយដែរ។
លោក សាន គឹមស៊ាន ប្រាប់ថា៖«យើងបានសហការជាមួយក្រសួងវប្បធម៌ ដើម្បីចុះសម្ភាសន៍។ ដូច្នេះ ការរៀបចំរបស់យើងបានសម្រេចរួចរាល់អស់ហើយ យើងតម្កល់ទុកយូរហើយ ហើយបើតាមដំណឹង ខ្ញុំបានដំណឹងពីក្រសួងវប្បធម៌មក គឺខែក្រោយនេះ ខែ១១ គេនឹងប្រកាសជាប់ ធ្លាក់ហើយ។ អ៊ីចឹង យើងចាំអ៊ុតមើលវាសនាយើងទាំងអស់គ្នា»។
លោកគ្រូ គឹមស៊ាន បញ្ជាក់ថា មុនទទួលស្កាល់ថាជារបស់យើង គឺខាងគណៈកម្មធិការខាងប្រវត្តិរបស់អង្គការយូនេស្កូ បានសាកសួរសំណួរជាច្រើនពីរូបចម្លាក់ ថតរូបនូវក្បាច់គុណ ហើយឆ្លងកាត់ក្រសួងវប្បធម៌ ដើម្បីពិនិត្យ និងសិក្សា។
លោកគ្រូថ្លែងបន្តថា៖«ខ្ញុំ និងក្រុមការងារវាមានការរន្ធត់។ វាដូចការអ៊ុតឆ្នោតអ៊ីចឹង។ យើងចង់បានរង្វន់ធំ ឥឡូវកំពុងព្រួយបារម្ភផង សប្បាយផង ភ័យផង អរផង ហើយខ្ញុំជឿថា បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេសលោកគ្រូតាតាមខេត្ត សិស្សគុនដែលបានមកហាត់ស្កាល់ល្បុក្កតោកាន់តែសប្បាយរីករាយ ហើយបើយើងលឺស្គរទូទាំងប្រទេស គឺយើងជាប់ហើយ។ នេះជាមោតនភាពរបស់ខ្ញុំ និងប្រទេសជាតិ»។
ជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោនៅសាលាគុនជ័យតេជៈ កញ្ញា ពេជ្រ ចរណៃ ដែលផ្ដល់ការណែនាំដល់សិស្សសរុបដល់ទៅ ២០០នាក់នោះ ប្រាប់វីអូឌីថា កញ្ញាសប្បាយរីករាយក្នុងនាមកញ្ញាជាកូនខ្មែរ ដែលជាអ្នកស្រលាញ់វប្បធម៍ខ្មែរ ក៏ដូចជាធ្លាប់បានផ្សព្វផ្សាយពីគុនល្បុក្កតោ។
កញ្ញា ពេជ្រ ចរណៃ ប្រាប់ថា៖«ប្រសិនបើខាងរដ្ឋាភិបាលគាត់គិតគូរបានប្រញាប់ បានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាន់តែលឿន កាន់តែល្អ ព្រោះកូនខ្មែរគ្រប់រូបចាំមើលគ្រប់គ្នា។ អ៊ីចឹង បើដល់ថ្ងៃនោះ ព្រោះយើងបានលឺល្ហៀងៗមកថា ខាងរដ្ឋាភិបាលបានគិតគូ ក៏ដូចជាត្រៀមដាក់ក្បាច់គុនល្បុក្កតោ អ៊ីចឹងយើងរង់ចាំអ៊ុតលទ្ធផលនៅខែ១១នេះ»។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានប្រាប់វីអូឌីនៅរសៀលនេះថា ក្រសួងកំពុងធ្វើការជាមួយអ្នកពាក់ព័ន្ធពីការចំណាយពេលលើការដាក់ស្នើ និងរៀបចំឯកសារ ប៉ុន្តែ លោកមិនទាន់អាចបញ្ជាក់បន្ថែមលើសពីនេះទៀតនោះទេ។
កម្ពុជាបានដាក់បញ្ចូលសម្បតិ្តបេតិកភណ្ឌពិភពលោកក្នុងអង្គការយូណេស្កូចំនួន៨រួចមកហើយ ក្នុងនោះរួមមាន ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក របាំព្រះរាជទ្រព្យ ល្ខោនខោល ល្ខោនស្បែកធំ ចាប៉ីដងវែង និងល្បែងទាញព្រ័ត្រ៕