លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់មធ្យោបាយផ្សេងៗសុំទោសព្រះមហាក្សត្រម្តងហើយ ម្តងទៀត ដោយលោកថាមិនអស់ចិត្តព្រោះបានប្រព្រឹត្តកំហុសអចេតនា ដោយពាក់វ៉ែនតាខ្មៅជូន ព្រះរាជដំណើរព្រះមហាក្សត្រនិងសម្តេចព្រះមហាក្សត្រី។
នៅក្នុងពិធីមួយនៅស្រុកកៀនស្វាយ ខេត្តកណ្តាលនៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មី ទៀតថា លោកសុំព្រះរាជទានទោស ព្រោះជាកំហុសនិងគំរូមិនល្អ។
លោក ហ៊ុន សែន៖ «បានវ៉ៃ WhatsApp ភ្លាមៗចូលទៅក្នុងយន្តហោះ ដើម្បីសុំព្រះរាជទានទោស ប៉ុន្តែនៅមិនអស់ចិត្ត ត្រូវបង្ហោះហ្វេសប៊ុកមួយទៀត ព្រោះមិនមែនតែបញ្ហាព្រះមហាក្សត្រនិងហ្លួងម៉ែទេ តែជាបញ្ហាប្រជាជនទូទៅដែលគោរពព្រះរាជា នឹងមើលឃើញថា នឹងមានការខុសឆ្គងក្នុងផ្លូវពិធីការ។ ដោយខ្វះការគោរព និយាយមួយបែប ខ្វះការគោរពក្នុងការប្រើប្រាស់វ៉ែនតាខ្មៅ»។
កាលពីថ្ងៃអង្គារម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត បានជូនព្រះរាជដំណើរព្រះមហាក្សត្រនិងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីស្តេចគង់ប្រថាប់ពិនិត្យនិងព្យាបាលព្រះរាជសុខភាព៕
ដោយអ្នកហាត់ការ ឈ្មោះ ហាន ណូយ