តំណាងកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី បានឱ្យដឹងថា ក្រុមកម្មករនៅតែបន្តធ្វើកូដកម្មនៅថ្ងៃនេះ បន្ទាប់ពីការជួបជជែកចរចាម្សិលមិញនេះ នៅមិនទាន់ឈានដល់ចំណុចទាមទាររួមនៅឡើយ។
លេខាធិការសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ប្រចាំក្រុមហ៊ុនស៊ីនទ្រី លោក មី ផាន ប្រាប់វីអូឌីនៅព្រឹកថ្ងៃនេះថា ក្រុមកម្មករ ជាងឡាន និងអ្នកបើកបរឡាន នៅតែបន្តធ្វើកូដកម្មដដែលនៅព្រឹកថ្ងៃនេះ។
លោក មី ផាន ដែលបម្រើការជាអ្នកបើកបរដឹកសំរាមប្រចាំខណ្ឌទួលគោក បានប្រាប់បន្ថែមថា ក្រុមកម្មករទាមទារទៅក្រុមហ៊ុនស៊ីនទ្រី ឱ្យទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗទាំងអស់ឱ្យបានរួចរាល់ ជាជាងការទូទាត់ជាដំណាក់កាល។
ក្រុមកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី បានធ្វើកូដកម្មមិនប្រមូលសំរាមនៅតាមបណ្ដាខណ្ឌនានាចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន ដែលនាំឱ្យមានការវាយតម្លៃថា សំរាមរាប់ម៉ឺនតោននៅកកកុញនៅតាមគេហដ្ឋាននិងតាមដងផ្លូវសាធារណៈនានាក្នុងរាជធានីភ្នំពេញ។









