សាលា​​រាជ​ធានី​​ភ្នំពេញ​​បង្ហាញ​​ការ​​សោក​ស្ដាយ​​ក្រោយ​​ក្រុម​​កម្មករ​​ប្រមូល​​សំរាម​​បន្ត​កូដ​កម្ម​​ឡើង​វិញ​

កម្មករ​និយោជិត​ប្រមាណ​ជាង១០០០នាក់ ធ្វើការ​ផ្នែក​សម្អាត​ប្រមូល​សំរាម​ប្រចាំ​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​និង​កំពុង​បន្ត​ទាម​ទាមទារ​នូវ​អត្ថ​ប្រយោជន៍ សំណង​បញ្ចប់​កិច្ចសន្យា​និង​បញ្ឈប់​ពី​ការងារ ថ្ងៃ​ចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។ (សង់ត្រាល់)

​អាជ្ញាធរ​រាជធានី​ភ្នំពេញបាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​បន្ត​ធ្វើកូដកម្ម​បន្ត​ទៀត​របស់​ក្រុម​កម្មករ​ប្រមូល​សំរាម​នៃ​ក្រុមហ៊ុន​ស៊ីន​ទ្រី ប៉ុន្តែប្ដេជ្ញា​បញ្ចេញ​កម្លាំង​ប្រមូល​សំរាម​ដែល​កកស្ទះ​នៅក្នុង​រាជធានី​ភ្នំពេញ​ឱ្យអស់​ក្នុងរយៈពេល​ដ៏​ខ្លីខាងមុខនេះ។

សាលា​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា តំណាង​កម្មករ​ប្រមូល​សំរាម តំណាង​ក្រុមហ៊ុន​ស៊ីន​ទ្រី និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ជួប​ជជែកគ្នា​កាលពី​ថ្ងៃម្សិលមិញ​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឆ្លើយតប​នឹង​ការ​ទាមទារ​របស់​ក្រុម​កម្មករ។

សាលា​រាជធានី​ភ្នំពេញបាន​និយាយ​បន្ត​ថា ក្រោយ​ជួប​ជជែកគ្នា ក្រុម​កម្មករ​បាន​យល់ព្រម​វិលត្រឡប់​ទៅ​ប្រមូល​សំរាម​វិញ​នៅ​ល្ងាច​ថ្ងៃម្សិលមិញ​នេះ ហើយ​សាលា​រាជធានី​ភ្នំពេញ​ធានា​លើ​អត្ថ​ប្រយោជន៍និង​ការងារ​របស់​ក្រុម​កម្មករ។

ប៉ុន្តែលេខាធិការ​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​ប្រចាំ​នៅ​ក្រុមហ៊ុន​ស៊ីន​ទ្រី លោក មី ផាន ប្រាប់​វី​អូ​ឌី​នៅ​ព្រឹក​ថ្ងៃនេះ​ថា ក្រុម​កម្មករ​ប្រមូល​សំរាមសម្រេច​បន្ត​កូដកម្ម​បន្ត​ទៀត​នៅ​ថ្ងៃនេះ ដោយ​មិន​ចេញទៅ​ប្រមូល​សំរាម​នោះ​ឡើយ។

តំណាង​ក្រុម​កម្មករប្រាប់​ថា ក្រុម​កម្មករ​ទាមទារ​ទៅ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ឱ្យ​ទូទាត់ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗដល់​ពួក​គេ​ឱ្យ​រួចរាល់ ជាជាង​ទូទាត់​ជា​ដំ​ណា​ក់​កាល​ៗ។

ក្រោយ​ក្រុម​កម្មករ​សម្រេច​បែបនេះ សាលា​រាជធានី​ភ្នំពេញបាន​បង្ហាញ​ការ​សោកស្ដាយ ប៉ុន្តែអាជ្ញាធរ​បាន​ប្រកាស​ថា នឹង​ចាត់​កម្លាំង​ដើម្បី​ប្រមូល​សំរាម​កកស្ទះ​នៅក្នុង​រាជធានី​ភ្នំពេញ​ឱ្យអស់​នៅក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ។

ក្រុម​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ធ្វើកូដកម្ម​ដោយ​មិនទៅ​ប្រមូល​សំរាម​ចាប់តាំងពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន ដោយ​ពួក​គេ​ទាមទារ​ទៅ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ឱ្យទូទាត់ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗដល់​ពួក​គេ នៅចំពោះមុខ​នៃ​ការ​កែប្រែ​ប្រព័ន្ធ​គ្រប់គ្រងនិង​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ។

សំរាម​រាប់​ម៉ឺន​តោនត្រូវ​បាន​ប៉ាន់ប្រមាណ​ថា កកស្ទះ​នៅ​តាម​គេហដ្ឋាននិង​តាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ក្រុម​កម្មករ​ធ្វើកូដកម្ម​អស់​រយៈពេល​ជិត១សប្ដាហ៍​មក​ហើយ​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ