ក្រសួង​​ប្រាប់​​មន្ត្រី​​ពាក់ព័ន្ធ​​អនុវត្ត​​វិធាន​ការ​​ចាំបាច់​​មួយ​ចំនួន​​ដើម្បី​​ថែ​ទាំ​​ស្រូវ​វស្សា​​និង​​ស្រូវ​ប្រាំង​

កសិករម្នាក់នៅស្រុកបាធាយ ខេត្តកំពង់ចាម កំពុងព្រោះគ្រាប់ពូជស្រូវដាក់ស្រែដែលរីងស្ងួតព្រោះខ្សត់ទឹក។ (គង់ មេត្តា/ ៦ មិថុនា ២០២០)

​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ណែនាំ​មន្រ្តី​ក្រោម​ឱវាទ​ដែល​ពាក់ព័ន្ធ​ទាំងអស់​អនុវត្ត​វិធានការ​ចាំបាច់​មួយចំនួន សម្រាប់​ការថែទាំ​ស្រូវ​រដូវវស្សា​ឆ្នាំនេះ និង​ត្រៀមលក្ខណៈសម្រាប់​ផលិ​កម្ម​ស្រូវប្រាំង​ឆ្នាំ២០២០​-២០២១។ 

សារាចរណែនាំ​របស់ក្រ​សួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃទី០៧ ខែតុលា និង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃសុក្រ​នេះ បាន​លើកឡើង​ថា ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ស្បៀងនិង​ឈាន​សម្រេច​បាន​តាម​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ រួម​នឹង​ការនាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល ក្រសួង​ណែនាំ​ដល់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​អនុវត្ត​តាម​វិធានការ​ចាំបាច់និង​បន្ទាន់​មួយចំនួនដែល​បាន​ដាក់ចេញ។

ក្រសួង​បាន​បញ្ជាក់​ពី​វិធានការ​ទាំងនោះ រួមមាន ត្រូវ​ណែនាំ​កសិករ​ឱ្យ​ពិនិត្យ​ស្រែ​ជាប្រចាំនិង​បិទ​ភ្លឺ​រក្សាទុក​ទឹក​សម្រាប់​ប្រើប្រាស់​ចុងរដូវ​, ត្រូវ​ចុះ​ណែនាំ​បច្ចេកទេស​ថែទាំ បំប៉ន​ជី និង​ត្រួតពិនិត្យ​កុំឱ្យ​សត្វ​ចង្រៃ​រាតត្បាត​ក្នុង​ស្រែ និង​ចុះ​ពិនិត្យ​តំបន់​ដាំដុះ​ស្រូវ​បង្កើន​រដូវ​ដែល​ទើបនឹង​ប្រមូល​ផល​រួច។

ក្រសួងក៏បាន​ណែនាំ​ដល់​មន្ត្រី​ ត្រូវ​ចុះ​វាយតម្លៃ​ឱ្យ​បាន​ច្បាស់លាស់​ពី​ស្ថានភាព​ទឹក ជូនដំណឹង​ដល់​កសិករ​ជាមុន​នូវ​តំបន់​ដែល​អាច​ដាំដុះ​បាននិង​មិន​អាច​ដាំដុះ​បាន​នៅ​រដូវប្រាំង​, ណែនាំ​កសិករ​ឱ្យ​ត្រៀម​ឧបករណ៍ សម្ភារ និង​គ្រាប់ពូជ​ទុក និង​ត្រូវ​ជំរុញ​ការ​ដាំដុះ​ស្រូវប្រដេញទឹក​តាម​មាត់បឹងនិង​ទន្លេ​ផង​ដែរ។

ក្រសួង​បាន​បន្ថែម​ថា៖ «ត្រូវ​អប់រំ​កសិករ​អំពី​ការគ្រប់គ្រង​កត្តា​សត្វ​ចង្រៃ ដូចជា​ សត្វ​កណ្តុរនិង​សត្វល្អិត និង​ត្រៀមលក្ខណៈ​អន្តរាគមន៍​ឱ្យ​បាន​ទាន់ពេល​វេលានិង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់»។

ក្រសួងក៏បាន​ណែនាំ​ឱ្យ​មន្ត្រី​របស់​ខ្លួនជំរុញ​ដល់​អ្នក​ប្រមូល​ទិញ​ស្រូវ រោងម៉ាស៊ីន​កិនស្រូវ និង​អ្នកនាំ​ចេញ​អង្ករ ក្នុង​ការ​ត្រៀម​ថវិកា មធ្យោបាយ​ដឹកជញ្ជូន ឡសម្ងួត និង​ឃ្លាំង​ស្តុក​ស្រូវ សម្រាប់​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​សមរម្យ ដើម្បី​ទប់ស្កាត់​ការ​ហូរ​ស្រូវ​ចេញទៅ​ប្រទេសក្រៅ។

ការណែនាំ​របស់ក្រ​សួង​កសិកម្ម បាន​ធ្វើឡើង​ស្រប​ពេល​មាន​ប្រជាកសិករ​មួយចំនួនបាន​ព្រួយបារម្ភ​ពី​ការ​ដាំដុះ​ស្រូវ​រដូវប្រាំង ស្រប​ពេល​ស្ថានភាព​ទឹក​នៅ​អាងទន្លេ​មេគង្គ បឹងទន្លេសាប និង​បឹង​នានានៅ​ឆ្នាំនេះ មាន​កម្ពស់​ទាប​ជាង​ធម្មតា។

បើ​តាម​ក្រសួង​កសិកម្ម រយៈពេល៩ខែ​ឆ្នាំនេះ កសិករ​សម្រេច​ស្ទូង​-ព្រោះ​បាន​ចំនួន២ ៧១៤ ២១៦ហិត​កា ស្មើនឹង១០៤,៨៧​% នៃ​ផែនការ២ ៥៨៨ ១៣០ហិ​កតា ក្នុង​នោះ​ស្រូវស្រាល​មាន​ចំនួន៨២៨ ៧៣៣ហិ​កតា និង​ស្រូវឡើងទឹក​មាន​ចំនួន៣៣ ៤៤៨ហិ​កតា។ 

ក្រសួង​បន្ត​ថា ទន្ទឹម​នឹង​នេះ ដំណាំស្រូវ​វស្សា​ក្នុង​ខេត្ត​មួយចំនួន ដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​កំពង់ធំ បាន​ជួបប្រទះ​នឹង​គ្រោះ​រាំងស្ងួត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្ទៃដី​ដាំដុះ​ចំនួន១៣៤ ៧៧០ហិ​កតា និង​ខូចខាត​ផ្ទៃដី១៣ ៤៨០ហិ​កតា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ