មូល​និធិ​​គន្ធ​បុប្ផា​​កម្ពុជា​ ទទួល​​បាន​​ថវិកា​​បរិច្ចាគ​​ពី​​សប្បុរស​ជន​​ជាង​៨០​ម៉ឺន​​ដុល្លារ​​

ទិដ្ឋភាពនៅតាមដងផ្លូវមុខមន្ទីរពេទ្យគន្ធបុប្ផា។ រូបភាព៖ ហ៊ី ឆាយ

មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ ទទួល​បាន​ថវិកា​បរិច្ចាគ​ពី​សប្បុរសជន​នានា ជាង៨០ម៉ឺន​ដុល្លារ សម្រាប់​ទ្រទ្រង់និង​ធានា​ឱ្យ​បាន​នូវ​កិច្ច​ដំណើរការ​ប្រកបដោយ​ចីរភាព ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព​កុមារនិង​ទារក​នៅ​កម្ពុជា។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​មូ​លនិធិ​គន្ធបុប្ផា​កម្ពុជា ចុះ​ថ្ងៃ០៨ ខែតុលា បានឱ្យ​ដឹង​ថា គិត​ត្រឹម​ត្រីមាស​ទី៣នៃ​ឆ្នាំ២០២០នេះ មូ​លនិធិ​គន្ធបុប្ផា​បាន​ទទួលបានការ​បរិច្ចាគ​សរុប​ចំនួន៣៥២ ៩៣៤ដុល្លារ​អាមេរិក និង ១ ៩២០ ០៧៤ ១៤៩រៀល (ស្មើ​ប្រមាណ​ជាង៤៦ម៉ឺន​ដុល្លារ​) ដោយ​រួមបញ្ចូល​ទាំង​ថវិកា​បរិច្ចាគ​ដែល​សប្បុរសជន​បាន​បរិច្ចា​គដោយ​ផ្ទាល់នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ភ្នំពេញ និង​មន្ទីរពេទ្យ​ជ័យ​វរ័្ម​នទី៧ (ឬមន្ទីរ​ពេទ្យ​គន្ធបុប្ផា​នៅ​ខេត្តសៀមរាប​)។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ចំនួន​ថវិកា​សរុប​នេះ ទទួល​បាន​មក​ពីសំណាក់​សប្បុរសជន​ចំនួន​៣៥ ៤១២នាក់ ក្នុង​នោះ​មានសមាជិក​កិត្តិយស១៣រូប​, សមាជិក​គាំទ្រ​ចំនួន៣៣ ០៣២រូប​, សប្បុរស​ជន​ផ្សេង​ៗ ២ ៣៦៧រូប និង​ថវិកា​ទទួល​បាន​មក​ពី​ហិប​នៅ​ទី​តាំង​ផ្សេង​ៗចំនួន​១២​កន្លែង។ 

សេចក្តី​ប្រកាស​ព័ត៌មាន បន្ថែម​ថា៖ «មូលនិធិ​គន្ធបុប្ផា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សប្បុរសជន​ទាំងអស់ ដែល​តែងតែ​ផ្តល់​ការ​គាំទ្រនិង​បរិច្ចាគ​ថវិកា​សម្រាប់​ទ្រទ្រង់និង​ធានា​ឱ្យ​បាន​នូវ​កិច្ច​ដំណើរការ​ប្រកបដោយ​ចីរភាព ប្រសិទ្ធភាព និង​គុណភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា សំដៅលើ​កកម្ពស់​សុខុមាលភាព​កុមារនិង​ទារក​នៅ​កម្ពុជា»។

គួរ​បញ្ជាក់​ផង​ដែរ​ថា មូលនិធិ​គន្ធបុប្ផា​កម្ពុជា បង្កើត​ឡើង​ក្នុង​ទស្សនៈ​វិស័យ «កុមារ​ជា​អនាគត​របស់​កម្ពុជា» សម្រាប់​ទទួល​ពិនិត្យនិង​ព្យាបាល​ជំងឺ​ឱ្យ​កុមារនិង​ទារក​នៅ​ទូទាំង​ប្រទេស​ដោយ​ឥតគិតថ្លៃ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ