អ្នកភូមិជិត១០០នាក់នៅស្រុកឆែប ខេត្តព្រះវិហារ បានបោះតង់តវ៉ានៅមុខសាលាដំបូងខេត្ត ទាំងយប់ទាំងថ្ងៃ ដើម្បីទាមទារឱ្យមានការដោះលែងពលរដ្ឋ២នាក់ដែលតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន។
ពលរដ្ឋម្នាក់ អ្នកស្រី ចាន់ ធីណា ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា កាលពីខែមិថុនា ឆ្នាំ២០២០ តុលាការខេត្តព្រះវិហារបានចេញដីកាឱ្យនាំខ្លួនពលរដ្ឋចំនួន៥នាក់ នៅភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ក្រោយពីពួកគេបានឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនចិនមិនឱ្យធ្វើការឈូសឆាយដីទំនាស់កាលពីឆ្នាំ២០១៨។
អ្នកស្រីបន្តថា លុះដល់ថ្ងៃទី៧ ខែតុលានេះ សមត្ថកិច្ចបានចាប់ខ្លួនពលរដ្ឋ២នាក់ ក្នុងចំណោម៥នាក់នោះ រួមមាន លោក ធឿន វង និងលោក ខាំ ភ័ក្រ បញ្ជូនទៅតុលាការ ក្រោមការចោទថា បានគំរាមកំហែងយកគ្រឿងចក្រនិងធ្វើឱ្យខូចខាតដោយចេតនា ទៅតាមបណ្តឹងរបស់ក្រុមហ៊ុនចិនឈ្មោះ ឡានហ្វេង និងក្រុមហ៊ុន រ៉ូយហ្វេង។
អ្នកស្រីថា ពលរដ្ឋ២នាក់នោះ ត្រូវបានតុលាការសម្រេចឃុំខ្លួនហើយកាលពីល្ងាចថ្ងៃទី៧ ដែលការឃុំខ្លួននេះបានធ្វើឱ្យអ្នកភូមិមិនពេញចិត្ត និងបាននាំគ្នាតវ៉ាបោះតង់នៅមុខសាលាដំបូងខេត្ត។
អ្នកស្រី ចាន់ ធីណា បន្ថែមថា៖ «ខ្ញុំសំណូមពរឱ្យតុលាការដោះលែងអ្នកដែលបានឃុំខ្លួន និងទម្លាក់ចោលការចោទប្រកាន់មកលើពួកគាត់ទាំង៥នាក់នោះឱ្យមានសេរីភាពវិញ ព្រោះពួកគាត់មិនបានប្រព្រឹត្តធ្ងន់ដូចការចោទប្រកាន់ទេ ហើយគ្រឿងចក្រដែលពួកយើងឃាត់នោះ គឺម្ចាស់គេបានយកទៅវិញហើយ មិនមានអ្វីខូចខាតទេ»។
ពលរដ្ឋម្នាក់ទៀត លោក រួន ថងមី បានរៀបរាប់ពីដើមចមនៃរឿងជម្លោះដីធ្លីនេះថា កាលពីឆ្នាំ២០១៨ ក្រុមហ៊ុនទាំងពីរនេះតែងតែដាក់គ្រឿងចក្រឈូសឆាយប៉ះពាល់លើដីសហគមន៍ជនជាតិដើមភាគតិចកួយ និងដីស្រែចម្ការរបស់អ្នកភូមិជាច្រើនលើកច្រើនសារ។
លោកបន្តថា អ្នកភូមិបាននាំគ្នាតវ៉ានិងហាមឃាត់ជាច្រើនដងដែរ ប៉ុន្តែក្រុមហ៊ុនទាំងនោះមិនស្តាប់ ទើបបណ្តាលឱ្យអ្នកភូមិខឹងសម្បានិងបានឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនទៅរក្សាទុកនៅសហគមន៍ ហើយក្រុមហ៊ុនបានប្តឹងពលរដ្ឋទៅតុលាការ។
លោកនិយាយថា៖ «ការចាប់ខ្លួននេះ គឺមិនយុត្តិធម៌សម្រាប់បងប្អូនទាំង៥នាក់ទេ។ ការចោទប្រកាន់នេះមិនត្រឹមត្រូវទេ ព្រោះអ្នកទាំង៥នាក់នោះមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ ហើយពួកគាត់ក៏មិនបានទៅធ្វើឱ្យខូចខាតដោយចេតនាដូចការចោទប្រកាន់ដែរ។ ករណីកើតឡើងដោយសារក្រុមហ៊ុនបានឈូសឆាយប៉ះពាល់ក្បាលដីប្រជាពលរដ្ឋនិងដីសហគមន៍ដែលប្រជាពលរដ្ឋសុំរក្សាទុក»។
វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ អ្នកស្រី ភី ស៊ីថង បានទេ នៅថ្ងៃសុក្រនេះ។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ មានប្រសាសន៍ថា ការចាប់ខ្លួនពលរដ្ឋ២នាក់នោះ ដោយសារតែពួកគេខកខានចូលទៅបំភ្លឺតាមការកោះហៅរបស់តុលាការចំនួន២ដងមកហើយ។
លោកថា ក្រោយរងបណ្តឹងពីក្រុមហ៊ុន ពលរដ្ឋទាំងនោះក៏ធ្លាប់បានដាក់ពាក្យស្នើសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តផងដែរ ប៉ុន្តែដោយសារសំណុំរឿងស្ថិតក្រោមចំណាត់ការរបស់តុលាការ ទើបអាជ្ញាធរនៅមិនទាន់មានចំណាត់ការឆ្លើយតបនៅឡើយ។
លោកបន្ថែមថា៖ «ខ្ញុំនឹងជួយពួកគាត់ ខ្ញុំមិនចង់ឱ្យពលរដ្ឋខ្ញុំជាប់ឃុំដោយសារដីធ្លីទេ ប៉ុន្តែឥលូូវតុលាការគេកំពុងធ្វើការ ដូច្នេះយើងទុកពេលឱ្យគេធ្វើការសិន»។
នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ្ឌ មានប្រសាសន៍ថា ករណីចាប់និងឃុំខ្លួនពលរដ្ឋ២នាក់នោះ ហាក់ធ្វើខុសនីតិវិធីនិងមិនសមហេតុផល។ លោកថា សមត្ថកិច្ចចាប់ខ្លួនពលរដ្ឋទាំងនោះ ខណៈដែលពួកគេកំពុងធ្វើដំណើរទៅសាលាដំបូងខេត្ត ដើម្បីដាក់ពាក្យស្នើសុំពន្យារពេលចូលបំភ្លឺ ដោយសារមិនទាន់មានមេធាវីការពារក្តី។
ករណីនេះ លោកបានស្នើដល់តុលាការដោះលែងនិងទម្លាក់ចោលការចោទប្រកាន់លើពលរដ្ឋទាំងនោះ។
លោកបន្ថែមថា៖ «ចាប់ពលរដ្ឋនេះ វាមិនសមហេតុផលទេ ពីព្រោះករណីនេះ វាកើតឡើងដោយសារក្រុមហ៊ុន រ៉ុយហ្វេង បានដាក់គ្រឿងចក្រទៅឈូសឆាយលើដីស្រែចម្ការនិងដីព្រៃអាស្រ័យផលរបស់គាត់ ហើយប្រជាសហគមន៍មួយភូមិបានទៅចាប់យកគ្រឿងចក្រហ្នឹងមកដាក់នៅភូមិ ហើយក្រោយមកក៏រកដំណោះស្រាយជាមួយអាជ្ញាធរខេត្តចប់ អ៊ីចឹងរឿងវាប៉ុណ្ណឹងទេ ពួកគាត់មិនបានទៅបំផ្លិចបំផ្លាញធ្វើឱ្យខូចខាតអីទេ»។
កាលពីឆ្នាំ២០១១ រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅខេត្តព្រះវិហារដល់ក្រុមហ៊ុនចំនួន៥ រួមមាន ក្រុមហ៊ុន ហេង ណុង, ក្រុមហ៊ុន ហេង រ៉ូយ, ក្រុមហ៊ុន ហេង យូ, ក្រុមហ៊ុន ឡាន ហ្វេង និងក្រុមហ៊ុន រ៉ូយ ហ្វេង ដែលមានទំហំចន្លោះពី៦ ៤៨៨ហិកតា ទៅ៩ ១១៩ហិកតា សម្រាប់ក្រុមហ៊ុននីមួយៗ។
បើយោងតាមកំណត់ត្រារបស់អង្គការទិន្នន័យដើម្បីអភិវឌ្ឍន៍កម្ពុជា និងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ អះអាងថា បូកបញ្ចូលគ្នាគឺក្រុមហ៊ុនទាំង៥នេះទទួលបាន ៤២ ៤២២ហិកតា នៅក្នុងខេត្តព្រះវិហារ។
អង្គការធ្វើការលើសិទ្ធិដីធ្លីទាំងនោះ ប៉ាន់ប្រមាណថា ប្រហែល២៥ភាគរយនៃដីនោះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ២ ០០០គ្រួសារ៕