អាជ្ញាធរ​​ព្រមាន​​ចាត់​វិធាន​ការ​​ផ្លូវ​ច្បាប់​​លើ​​ពល​​រដ្ឋ​​ដែល​​ទន្ទ្រាន​ដី​​រដ្ឋ​​នៅ​ស្រុក​​ស្ទឹង​ហាវ

អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ (រូបថត៖ ហេង វិចិត្រ)

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា ដែល​នៅ​បន្ត​ធ្វើសកម្មភាព​ទន្ទ្រាន​ដី​រដ្ឋនិង​សាងសង់​ខ្ទម​ខុសច្បាប់ នៅ​ទីតាំង​ដីសម្បទាន​សង្គមកិច្ច​របស់​រដ្ឋ ក្នុង​ភូមិ១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ។ 

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី០៨ ខែតុលា បាន​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​ចលនា​នៃ​ការ​ចូល​បោះបង្គោល​ដីនិង​សាងសង់​ខ្ទម​យ៉ាង​អនា​ធិប​តេយ្យ​នៅ​ទីតាំង​ដីសម្បទាន​សង្គមកិច្ច​របស់​រដ្ឋ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​ស្ទឹងហាវ បាន​ធ្វើការ​ទប់ស្កាត់​ទាន់ពេល​។

រដ្ឋបាល​ខេត្ត បន្ត​ថា ក្រុម​ប្រជាពលរដ្ឋដែល​មានការ​ដឹកនាំ​បញ្ជា​ពី​មេខ្យល់ បាន​នាំគ្នា​ចេញ​មក​តវ៉ានិង​រារាំង​ការងារ​របស់​អាជ្ញាធរ​ស្រុក ព្រមទាំង​បាន​នាំគ្នា​តវ៉ា​បិទ​កំណាត់​វិថី​សម្តេច​សង្ឃរាជ​ទេព​វង្ស បណ្តាល​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ។ ករណីនេះ រដ្ឋបាល​ខេត្ត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងនោះ បញ្ឈប់​សកម្មភាព​តវ៉ា​របស់​ពួក​គេ​ជាបន្ទាន់ បើ​ពុំ​នោះ​ទេ ​អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់។

រដ្ឋបាល​ខេត្ត​បាន​គូសបញ្ជាក់​ថា៖ «ក្នុងករណី​បងប្អូន​នៅតែ​បន្ត​ធ្វើសកម្មភាពដែល​ប្រាសចាក​ពី​ផ្លូវច្បាប់​បន្ត​ទៀត រដ្ឋបាល​ខេត្តនឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​នោះ​ឡើយ»។

លោក សយ ធី អាយុ៤០ឆ្នាំ អះអាង​ជា​ពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ បាន​និយាយ​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់និង​តវ៉ា​នេះ​មាន​ប្រមាណ២០០គ្រួសារ។ លោក​បន្ត​ថា អាជ្ញាធរ​បាន​យក​គ្រឿងចក្រ​ទៅ​វាយកម្ទេច​ផ្ទះ​របស់​ពួក​គាត់ ដោយ​មិនបាន​ជូនដំណឹង​មុន​ទេ ខណៈ​ដែល​ពួក​គាត់​បាន​រស់នៅ​លើ​ដី​នោះ​រយៈពេល៥ឆ្នាំ​មក​ហើយ បន្ទាប់ពី​អាជ្ញាធរ​ឃុំ​និង​ស្រុក ចែក​ដី​ឱ្យ​ពួក​គាត់​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​ទំហំ៣០ទៅ៤០ម៉ែត្រ។ 

លោក​បន្ត​ថា៖ «គាត់​ចុះទៅ​វាយ​ហ្នឹង​ហ្មង យក​គ្រឿងចក្រ​វាយ​ហ្នឹង​ហ្មង អត់មាន​ផ្តល់​ដំណឹង​ថា​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ហ្នឹង​ទាំងអស់គ្នា ខ្ញុំ​ដាក់​ពេល​ឱ្យ​បី​ថ្ងៃ​បួន​ថ្ងៃ បងប្អូន​រុះផ្ទះ​ចេញទៅ​ព្រោះ​ដី​នេះ​គេ​ត្រូវការ​ឈូស​ឆាយ​អី​ក៏​ខ្ញុំ​អស់ចិត្ត​ដែរ តែ​នេះ​អត់ទេ គាត់​ចុះទៅ​ គាត់​អាង​អំណាច មាន​សិទ្ធ​ិ គាត់​ធ្វើ​អី​តាមតែ​ចិត្ត​គាត់​ទៅ ​យើង​ទៅ​ឃាត់​គាត់​ ក៏​គាត់​មិន​ស្តាប់​យើង​ដែរ»។

បើ​តាម​លោក សយ ធី នៅ​ថ្ងៃសុក្រ​នេះ ប្រជាពលរដ្ឋ​ជាង៥០គ្រួសារ នៅ​ឃុំ​ទំនប់រលក​នេះ បាន​នាំគ្នា​ទៅ​ប្រមូល​ផ្តុំ​តវ៉ា​នៅមុខ​សាលាខេត្ត​ព្រះសីហនុ ដើម្បី​រង​់ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ​រឿង​ដីធ្លី​នេះ​ផង​ដែរ។

មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ​ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់​លី ដែល​តាមដាន​ករណីនេះ មានប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទាំងនោះបាន​រស់នៅ​លើ​ដី​នោះ​តាំងពី​ឆ្នាំ២០១៥មក ប៉ុន្តែ​លោក​ពុំ​ទាន់​អាច​បញ្ជាក់​បានទេ​ថា ​តើ​ដី​នោះ​ជា​ដីសម្បទាន​សង្គមកិច្ច​របស់​រដ្ឋឬជា​ដី​របស់​ប្រជាពលរដ្ឋ។ 

ទោះជាយ៉ាងណា លោក​ថា៖ «ការ​ចុះ​វាយ​កម្ទេច ខ្ញុំ​ឃើញថា​ វា​ស្រប​ពេល​រដ្ឋបាល​ខេត្ត​ជូនដំណឹង​ឱ្យ​ប្រជាពលរដ្ឋ​ដាក់ពាក្យ ដើម្បី​រង់​ចាំ​ដី​គម្រប​ព្រៃ ខ្ញុំ​គិតថា ប្រសិន​រដ្ឋបាល​ខេត្ត​មេ​ត្តា​ពន្យា​រពេល​បន្តិច ដើម្បី​ឱ្យ​ពួក​គាត់ ​[ពលរដ្ឋ​] ធ្វើការ​ស្នើសុំ ហើយ​រង់​ចាំ​ពិនិត្យ​ក្នុង​ការ​ដោះស្រាយ​ឡើងវិញ ជាជាង​ចុះទៅ​វាយកម្ទេច​ផ្ទះ​ពួក​គាត់​នៅ​រដូវភ្លៀង ដែល​ធ្វើ​ឱ្យ​គាត់​ពិបាក​រស់នៅ»។ 

បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កន្លងមក មាន​មេខ្យល់​មួយចំនួន​បាន​បំផុស​ប្រជាពលរដ្ឋឱ្យ​ចូល​ទៅ​បោះបង្គោល​របង​ចាប់​យក​ដីនិង​សាងសង់​ខ្ទម​នៅ​ទីតាំង​នោះ និង​ត្រូវបាន​អាជ្ញាធរ​ស្រុក​ចុះ​ណែនាំ​ឱ្យ​ពលរដ្ឋ​ចាកចេញ​ពី​ដី​នោះ និង​រុះរើ​ខ្ទម​និង​បង្គោលរបង​ចំនួន​៤លើក​មក​ហើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ