បទ​​យក​ការណ៍​៖ សំរាម​​គរ​​ដូច​​ភ្នំ​​ដោយ​សារ​​កម្មករ​​ធ្វើ​កូដកម្ម​ ព្រោះ​​បារម្ភ​​ពី​​ការ​​រុះរើ​​រចនា​សម្ព័ន្ធ​​ក្រុមហ៊ុន​​ស៊ីន​ទ្រី​

គំនរសំរាមមួយកន្លែងនៅក្បែរផ្សារធំថ្មី ក្រុងភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។ (អ៊ុយ សុធា)

សំរាម​គរ​ខ្ពស់​ឡើង​ៗនៅ​ទូទាំង​រាជធានី ដោយសារតែ​កម្មករ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ជាង២ ០០០នាក់​ធ្វើកូដកម្ម ដើម្បី​ទាមទារ​ប្រាក់​ដំណាច់ឆ្នាំ​របស់​ខ្លួន មុន​ពេល​សាលា​រាជធានី​រុះរើ​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ប្រតិបត្តិ​ការគ្រប់គ្រង​កាកសំណល់។

នៅ​សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ សំរាម​គរ​ឡើង​ខ្ពស់​រហូត​ទៅ​ជិត​មួយ​ម៉ែត្រ​ពី​ដី នៅមុខ​តូប​លក់​គ្រឿងទេស​របស់​អ្នកស្រី សុខ បូរិ​ន។ ស្រ្តី​វ័យ៦៦ឆ្នាំ​រូប​នេះ បាន​ប្រាប់ VOD ឱ្យដឹង​ថា នៅពេល​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី បញ្ឈប់​ប្រតិបត្តិ​ការ​ប្រមូល​សំរាម​ប្រចាំថ្ងៃនៅ​ពីរបី​ថ្ងៃ​ចុងក្រោយ ក្លិនស្អុយ​ចេញពី​សំរាម​មាន​សភាព​កាន់តែ​ខ្លាំង​ឡើង​ៗ។

អ្នកស្រី​បាន​ពោល​ដូច្នេះ​ថា៖ «គេ​ជិ​តៗ​ហ្នឹង​យក​ថង់​សំរាម​មក​ដាក់​នៅ​ហ្នឹង​កាន់តែ​ច្រើនឡើង​ទៀត​ហ្នឹង​ណា។ ខ្ញុំ​មិនដឹង​ថា ពេលណា​គេ​មក​ប្រមូល​ទេ»។

អ្នកស្រី បូរិ​ន ព្រួយបារម្ភ​ថា ក្នុង​ពេល​ឆាប់​ៗនេះ នឹង​មាន​ដង្កូវ​គ្រប់​ទីកន្លែង។

កញ្ញា តែន ចិ​ត្រា អាយុ២២ឆ្នាំ ធ្វើ​ការ​ផ្នែក​ម្អូប​អាហារ​មួយ​នៅ​ភោជនីយដ្ឋាន​ក្បែរ​តូប​របស់​អ្នកស្រី បូរិ​ន លើកឡើង​ថា នាង​ដាក់​កៅស៊ូ​តង់​គ្រប​លើ​គំនរសំរាម​នោះ ហើយ​សុំ​ឱ្យ​អតិថិជន​របស់​នាង​អង្គុយ​ខាងក្នុង។ 

កញ្ញា ចិ​ត្រា និយាយ​ថា៖ «វា​ប៉ះពាល់​កន្លែង​យើង ពេល​មាន​ក្លិន​មិនល្អ​ចេញពី​សំរាម​មក»។

អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ឈ្មោះ នាង សម្បត្តិ អាយុ៥៥ឆ្នាំ បាន​លើកឡើង​ថា​ ជា​ធម្មតា​ គាត់​រង់ចាំ​អតិថិជន​នៅ​កែង​ផ្លូវ​ដែល​មាន​គំនរសំរាម​នោះ ប៉ុន្តែ​ពេលនេះ​គាត់​ពិបាក​អង្គុយ​នៅ​ទីនោះ​ណាស់។ 

លោក សម្បត្តិ​ និយាយ​ថា៖ «ខ្ញុំ​អង្គុយ​នៅ​ហ្នឹង​មិនកើត​ទេ។ ក្លិនស្អុយ​ខ្លាំង​ណាស់»។

លោក គីម វុត្ថា ប្រធាន​ផ្នែក​សណ្តាប់​ធ្នាប់​សាធារណៈ​ខណ្ឌដូនពេញ បាន​ឱ្យដឹង​ថា រថយន្ត​ដឹក​សំរាម​បួន​គ្រឿងនិង​កម្លាំង​សណ្តាប់​ធ្នាប់​ចំនួន១៥០នាក់ កំពុង​ខិតខំ​ប្រមូល​សំរាម​ជំនួស​កម្មករ​ដែល​កំពុង​ធ្វើកូដកម្ម ប៉ុន្តែ​ពួក​គេ​មិន​អាច​ប្រមូល​បាន​អស់នោះ​ទេ។

លោក​បន្ថែម​ថា ​នៅក្នុង​ខណ្ឌដូនពេញ ក្នុង​មួយ​ថ្ងៃ​ៗមាន​សំរាម​ប្រហែល៣០០តោន ហើយ​ក្រុមការងារ​ប្រមូល​សំរាម​ផ្លាស់វេន​គ្នា​ប្រមូល​បាន​ប្រមាណ​ជា​ពី១៥០​ទៅ២០០តោន​ក្នុង​មួយ​ថ្ងៃ​ៗ។ 

លោក វុត្ថា បាន​មានប្រសាសន៍​ថា៖ «ឡាន​គេ [ស៊ីន​ទ្រី​] ប្រើប្រាស់​ឡាន១០គ្រឿង យើង​មានតែ៤គ្រឿង​ទេ​ អ៊ីចឹង​ទោះ​យ៉ាងណា​ យើង​មិន​អាច​ដឹក​ចេញ​ទាំងអស់​បានទេ ​[…] តែបើ​យើង​មិន​ធ្វើ​ខ្លះ ​សំរាម​ហ្នឹង​វា​កាន់តែ​ខ្លាំង»។

ប្រធាន​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ ស៊ីន​ទ្រី លោក កៅ សុខ​វ៉ាត់ បាន​ឱ្យដឹង​ថា​ មាន​កិច្ចចរចា​គ្នា​កាលពី​ថ្ងៃចន្ទ ជាមួយ​សាលា​រាជធានី​ភ្នំពេញ មន្ត្រី​សាលា​ខណ្ឌ ក្រសួងការងារ និង​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន ប៉ុន្តែ​កិច្ចប្រជុំ​នោះ​មិនបាន​ឈាន​ដល់​ចំណុច​យល់ស្រប​គ្នា​ណាមួយ​ទេ។ លោក សុខ​វ៉ាត់ បន្ត​ថា ​ចំណុច​ទាមទារ​ទាំង​ប្រាំ​របស់​ភាគី​កម្មករ​ពាក់ព័ន្ធ​នឹង​ប្រាក់​អតីតភាព​ការងារនិង​ប្រាក់ទូទាត់​ចុងក្រោយ សុទ្ធតែ​ត្រូវ​បាន​ច្រានចោល​ទាំងអស់។

គំនរសំរាមមួយកន្លែងនៅម្ដុំផ្សារស៊ីឡឹប ក្រុងភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។ (អ៊ុយ សុធា)

លោក សុខ​វ៉ាត់ អះអាង​ថា កម្មករ​ម្នា​ក់ៗ​ក្នុងចំណោម​អ្នកធ្វើ​កូដកម្ម​ជាង២០០០នាក់​នោះ អាច​ទទួល​អត្ថ​ប្រយោជន៍​ចុងក្រោយ​ខ្ទង់១ ០០០ដុល្លារ​ដែរ តាមច្បាប់​ការងារ បូករួម​ទាំង​ប្រាក់​អតីតភាព​ផង​ដែរ។

លោក សុខ​វ៉ាត់ មានប្រសាសន៍​ថា៖ «យើង​នៅតែ​ទាមទារ ហើយ​គេ​នៅតែ​បដិសេធ។ អ៊ីចឹង លទ្ធផល​គ្មាន​បាន​ស្អី​ទេ»។

ក្រុមហ៊ុន ស៊ីន​ទ្រី ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ក្រុង​កាលពី​មួយឆ្នាំ​មុន នៅពេល​មានការ​រិះ​គន់​ដដែល​ៗថា ក្រុមហ៊ុន​នេះ​ផ្តល់​សេវា​មិនល្អ។ នៅពេល​នោះ រដ្ឋាភិបាល​បាន​លើកឡើង​ថា ប្រតិបត្តិ​ការ​ប្រមូល​សំរាម​ត្រូវ​ចែក​ឱ្យ​ក្រុមហ៊ុន​ចំនួន​បួន​ទទួលបន្ទុក​ដើម្បី​កែ​លម្អ​សេវាកម្ម​នេះ​ឡើងវិញ។

លោក សុខ​វ៉ាត់ បានឱ្យ​ដឹង​ថា កម្មវិធី​ដេញថ្លៃ​សម្រាប់​ទទួល​បាន​សិទ្ធិ​ប្រតិបត្តិ​ករ​ប្រមូល​សំរាម​នឹង​ត្រូវ​ធ្វើឡើង​នៅ​សប្តាហ៍​ក្រោយ ដែល​ជាហេតុ​បណ្តាល​ឱ្យ​កម្មករ​ទាមទារ​អត្ថ​ប្រយោជន៍​ផ្សេង​ៗជាបន្ទាន់។

គំនរសំរាមមួយកន្លែងម្ដុំលូទឹកស្អុយ ក្នុងខណ្ឌចំការមន ក្រុងភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។ (អ៊ុយ សុធា)

លោក ម៉ី ផាន់ សមាជិក​សហជីព​ម្នាក់ទៀត បាន​ឱ្យដឹង​ផង​ដែរ​ថា ក្រុមហ៊ុន ស៊ីន​ទ្រី បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​ទូទាត់​តែ​ប្រាក់ដំណាច់​ឱ្យ​កម្មករ​របស់​ខ្លួន នៅពេល​ណា​ដែល​ក្រុមហ៊ុន​ក្ស័យធន​ប៉ុណ្ណោះ។

លោក ផាន់ បាន​ឱ្យដឹង​ទៀត​ថា កម្មករ​ក៏​បារម្ភ​ផង​ដែរ​ថា ពួក​គេ​នឹង​បាត់បង់​អំណាច​ចរចា​នៅពេល​ដែល​កម្លាំង​ពលករ​ត្រូវ​បាន​បែងចែក​ទៅ​ធ្វើការ​នៅ​ក្រុម​ហ៊ុន​ផ្សេង​ៗគ្នា​នោះ។ 

លោក​បាន​មានប្រសាសន៍​ថា៖ «វា​មានន័យថា កម្មករ​នឹង​លែង​មាន​កម្លាំង​រួម​រឹងមាំ​ហើយ»។

លោក រ៉ុង សារ៉ាយ បុគ្គលិក​ផ្នែក​ជួសជុល​រថយន្ត​ដឹក​សំរាម​ បាន​ប្រាប់​ថា កម្មករ​ត្រៀម​បន្ត​ធ្វើកូដកម្មរហូត​ទាល់តែ​ពួក​គេ​ទទួល​បានអ្វី​ដែល​ពួក​គេ​ទាមទារ។ លោក​បន្ត​ថា ពួក​គេ​ខ្លាច​បាត់បង់​ប្រាក់​អតីតភាព​របស់​ខ្លួន​ប្រសិនបើ​ពួក​គេ​ប្តូរ​ក្រុមហ៊ុន។

លោក​និយាយ​ថា៖ «កម្មករ​យើង​នឹង​នៅតែ​រក្សា​ជំហររឹង​ដដែល។ ខ្ញុំ​មាន​អារម្មណ៍​ថា​ សោក​ស្តាយដែលគេ​មិន​ខ្វល់​អំពី​កម្មករ​និង​បុគ្គលិក​បែបហ្នឹង»។

ទោះជាយ៉ាងណា​ក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បាន​លើកឡើង​ថា ចំណុច​ទាមទារ​របស់​កម្មករ​ប្រមូល​សំរាម ​គឺ​ខុសច្បាប់។ លោក​បន្ត​ថា សាលា​រាជធានី​បាន​ចាប់ផ្តើម​ជ្រើសរើស​កម្ម​ករថ្មីៗ​កាលពី​រសៀល​ថ្ងៃចន្ទ​ ដើម្បី​ឆ្លើយតបទៅនឹង​កូដកម្ម​នោះ។

លោក មាស​ភក្តី មានប្រសាសន៍​ថា៖ «ដោយសារតែ​កិច្ចចរចា​មិនទាន់​ទទួលជោគជ័យ ហើយ​កម្មករ​នៅតែ​ទាមទារ​តាម​ចំណុច​របស់​ពួក​គេដែល​ខុស​នឹង​ច្បាប់​នោះ ពួក​យើង​មានតែ​បង្ខំចិត្ត​ជ្រើសរើស​អ្នកថ្មីឱ្យមក​បន្ត​ធ្វើការ និង​ធានា​សេវាកម្ម​ប្រមូល​សំរាម»។

លោក​បន្ថែម​ទៀត​ថា មាន​ក្រុមហ៊ុន​ចំនួន​បី​ដែល​នឹង​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ប្រមូល​និង​គ្រប់គ្រង​សំរាម​ចេញពី​ទីក្រុង​នៅ​បី​តំបន់ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ទាំងនោះ ហើយក៏​មិន​បង្ហើប​ឱ្យដឹង​ថា ​តើមាន​ក្រុមហ៊ុន ស៊ីន​ទ្រី ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ជាប់​បញ្ជី​សម្រាំង​នោះ​ដែរ​ឬក៏​អត់ទេ។ សេចក្តី​សម្រេច​នឹង​ចេញ​នៅ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០​៕ 


ប្រែ​សម្រួល​ពីអ​ត្ថ​បទ​ដើម​ជា​ភាសាអង់គ្លេស​ដោយ កង សុធា​

ចំណាំ​៖ «អត្ថបទនេះត្រូវបានផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ