CCHRឃើញថា ការរំលោភសិទ្ធិជនជាប់ចោទនៅសាលាឧទ្ធរណ៍នៅតែមានខ្ពស់

បុរសពីរនាកឈរនៅជិតមុខខ្លោងទ្វារសាលាឧទ្ធរណ៍ មហាអយ្យការ ក្នុងរាជធានីភ្នំពេញ។ (ហ៊ី ឆាយ)

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)រកឃើញថា ការរំលោភសិទ្ធិជនជាប់ចោទនៅសាលាឧទ្ធរណ៍នៅក្នុងដំណើរការជម្រះក្តីនៅតែមានច្រើន។​

របាយការណ៍អង្កេតរបស់មជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា CCHR ចេញផ្សាយ​ក្នុង​ខែតុលានេះ​បាន​អង្កេតលើ​ សវនាការនៅសាលាឧទ្ធរណ៍លើសំណុំរឿង​ចំនួន​២៣៩ ដែល​មានជនជាប់​ចោទសរុប៣៥២នាក់។ ក្នុងចំណោមសំណុំរឿង​សរុប​២៣៩ ដែលCCHRបានអង្កេត ឱ្យដឹងថា ៦៦% ឬ១៣៧ករណី ចៅក្រមមិនបាន​ប្រាប់​​ជនជាប់ចោទថាពួកគេមាន សិទ្ធិនៅស្ងៀម​ឡើយ​។​ សំណុំរឿងចំនួន៥៣ ឬ២៦%  ចៅក្រមបានប្រាប់ជនជាប់ចោទថាពួកគេ​មានសិទ្ធិនៅ​ស្ងៀម​តែ​មិន​ពន្យល់ទេ ខណៈដែលចៅក្រមពន្យល់ពីសិទ្ធិនេះដល់ជនជាប់​ចោទក្នុងសំណុំ​រឿង​ចំនួន១៧ឬស្មើនឹង៨%ប៉ុណ្ណោះ។

CCHR រកឃើញទៀតថា ជនជាប់ចោទចំនួន៧៧នាក់ ឬស្មើនឹង​ជាង២១% ក្នុង​ចំណោម៣៥២​នាក់ បានបង្ហាញខ្លួនដោយពាក់សម្លៀកបំពាក់ទណ្ឌិត នៅក្នុង​សវនាការ។

អ្នកសម្របសម្រួលគម្រោងសិទ្ធិទទួលបានការជម្រះដោយយុត្តិធម៌ លោក ហ៊ុន ស៊ាងហាក់ មាន​ប្រសាសន៍ថា សង្គមស៊ីវិលនៅតែសម្ដែងក្ដីបារម្មណ៍នៅពេលរក​ឃើញថា ចៅក្រមបាន​មើល​រំលងពីសិទ្ធិ«សន្មត់ទុកជាមុនថាគ្មានទោស»របស់​ជន​ជាប់ចោទ​ដែលត្រូវបានធានា​ដោយច្បាប់នោះ។

ប្រសាសន៍លោក ហ៊ុន ស៊ាងហាក់ ៖ យើងចង់ឱ្យឃើញថាជនជាប់ចោទទាំងអស់ហ្នឹង មិនត្រូវ​សន្មត់ថាគាត់ជាអ្នកទោសជាទណ្ឌិតអីចឹង ។បើអ្នកណាម្នាក់មិនទាន់មានសាលក្រមឬ​​សាល​ដីការស្ថាពរ  ហើយបំពាក់ខោអាវគាត់ជាទណ្ឌិតអីចឹង វាខុសនឹងគោលការណ៍​ច្បាប់​និង​អយុត្តិ​ធម៌​​សម្រាប់ពួកគាត់។

ទោះជាយ៉ាងណាក្ដី CCHR បញ្ជាក់ថា ចៅក្រមសាលាឧទ្ធរណ៍ ព្រះ​រាជ​​អាជ្ញា សាលាឧទ្ធរណ៍​កាល​ពីខែសីហា បានឆ្លើយតបចំពោះមុខ ក្រុមអ្នកចងក្រងរបាយការណ៍ថា មានសិទ្ធិខ្លះគួរតែ​ប្រាប់និងសិទ្ធិ​ខ្លះ​ទៀត​មិនគួរប្រាប់ដល់ជនជាប់ចោទទេ ដូចជា សិទ្ធិ«សន្មត់ទុកជាមុនថាគ្មានទោស»​ជា​ដើម។ សាលាឧទ្ធរណ៍ក៏បានទទូលស្គាល់ថា តុលាការនឹងរកដំណោះស្រាយ​ជា​មួយ​អគ្គ​នា​យក​ដ្ឋានពន្ធនាគារក្នុងករណី ជនជាប់ចោទស្លៀកសម្លៀក​បំពាក់ទណ្ឌិតចូលក្នុ​ង​សវនាការ ដើម្បី​កំណត់លទ្ធភាពឱ្យពួកគេស្លៀកពាក់ស៊ីវិលចូលក្នុងដំណើរការជម្រះក្ដី។

អ្នកនាំពាក្យអគ្គនាយកដ្ឋាន ពន្ធនាគារ លោក នុត សវនា ថ្លែងប្រាប់វីអូឌីថា អគ្គនាយកដ្ឋាន​ពន្ធនាគារធ្លាប់បានពិភាក្សាជាមួយស្ថាប័នតុលាការរួចហើយ ជុំវិញករណី សម្លៀកបំពាក់​ជនជាប់ចោទ ពេលឡើងមកសវនាការនេះ ប៉ុន្តែមិនទាន់មានការសម្រេចណាមួយផ្លូវការ​នៅឡើយទេ។

ប្រសាសន៍លោក នុត សវនា«៖ ដោយសារកត្តាសន្តិសុខ យើងខ្លាចគាត់ស្លៀកស៊ីវិល ពេល​ដែលមានការរត់គេចខ្លួនអីហ្នឹងពិបាកតាមចាប់ដោយសារខោអាវស៊ីវិល ប៉ុន្តែក៏មានការថ្លឹង​ថ្លែងជាមួយនិតិវិធីច្បាប់និងសិទ្ធិមនុស្សដែរ អីចឹងមិនទាន់មានការឯកភាពជារួមមួយថា ពេល​ឡើងសវនាការត្រូវស្លៀកពាក់អីនៅឡើយទេ។»

ទន្ទឹមនឹងនេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន មានប្រសាសន៍​ថា លោក​ទទួលស្គាល់ថាដំណើរការសវនាមានចំណុចខ្វះខាតមួយចំនួនដែលត្រូវពង្រឹងនិង​កែលម្អ ប៉ុន្តែ សវនាការទាំងអស់ដំណើរការទៅរលូនទៅតាម​គោលនយោបាយកំណែរ​ទម្រង់​ច្បាប់​និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល។

ប្រសាសន៍លោក កត្តា អ៊ន៖  «គណៈកម្មាធិការសិទ្ធិមនុស្សតែងតែជំរុញ ឱ្យមានការគោរព​និតិវិធី ត្រឹមត្រូវ គោរពបែបបទសេចក្ដីណែរនាំរបស់ក្រសួងយុត្តិធម៌ ធ្វើយ៉ាងណាឱ្យសមត្ថកិច្ច​ធ្វើយ៉ាងណាគោរពសិទ្ធិមនុស្ស គោរពសិទ្ធិទាំងជនរងគ្រោះទាំងសិទ្ធិជនជាប់ចោទ។»

រដ្ឋធម្មនុញ្ញមាត្រា៣៨ដែលបានចែងថា ជនជាប់ចោទណាក៏ដោយ ត្រូវទុកថាជាមនុស្សឥតទោស ដ៏រាបណាតុលាការមិនទាន់ កាត់ទោសជាស្ថាពរ។ កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងនយោបាយ មាត្រា១៤(២) ជនដែលជាប់ចោទពីបទព្រហ្មទណ្ឌត្រូវបានសន្មត់ជាមុនថាគ្មានទោស រហូតដល់ពិរុទ្ធិភាពរបស់ខ្លួន ត្រូវបានកំណត់ស្របតាមច្បាប់។ ច្បាប់ស្ដីពីយុត្តិធម៌អនិតិជន មាត្រា៥ ចែងថា គ្រប់បុគ្គលដែលបំពេញមុខងារណាមួយពាក់ព័ន្ធនឹងអនិតិជន ត្រូវធានាឱ្យមានការគោរពគោលការណ៍ដូចតទៅ៖ …សន្មត់ថាគ្មានទោសដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។

ទោះបែបណាក៏ដោយ អតីតអ្នកទណ្ឌិតម្នាក់ឈ្មោះ សុភា ថ្លែងប្រាប់វីអូឌីថា លោកធ្លាប់​ត្រូវ​បាន​តុលាការសាលាដំបូង​រាជធានីភ្នំពេញ ផ្តន្ទាទោសជាប់ពន្ធនាគាររយៈ២ឆ្នាំកន្លះក្នុង​សំណុំ​រឿង​រំលោភសេចក្ដី​ទុកចិត្ត​កាលពីឆ្នាំ២០១២ ។​ លោកថា លោកបានប្ដឹងឧទ្ធរណ៍ប្រឆាំង​នឹង​សេចក្ដី​សម្រេចរបស់សាលា​ដំបូង ប៉ុន្តែចៅក្រមសាលាឧទ្ធរណ៍សម្រេចតម្កល់​ទោសនោះ​ដដែល។

លោកសុភា៖ កាលខ្ញុំឡើងសវនាការសាលាឧទ្ធរណ៍ហ្នឹងខ្ញុំភ័យណាស់។ ចៅក្រមនិយាយ​មិន​សូវលឺ ខាងរាជអាជ្ញាសំឡុតៗ  ខ្ញុំភ័យរហូតរៀបពាក្យនិយាយមិនត្រូវ គេ​និ​យា​យ​​ ចុះ​ឡើង​​រួចចេញសាលដីការសម្រេចឱ្យខ្ញុំជាប់គុកដដែល។ គ្មានអ្នកណាប្រាប់ខ្ញុំថាខ្ញុំ​មានសិទ្ធិអី​ឬគ្មានសិទ្ធិអីខ្លះនោះទេ ខ្ញុំពាក់អាវគុកហ្នឹងឡើងមកតុលាការ …។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកត់សម្គាល់ថា ការសន្មត់ជាមុនថាគ្មានទោសជាសិទ្ធិមូលដ្ឋា​ននិងត្រូវបានទទួលស្គាល់ជាសកលថាជាសិទ្ធិទទួលបានការជម្រះក្ដីដោយយុត្តិធម៌ ដែលសិទ្ធិនេះត្រូវអនុវត្តពេញលេញ រយៈពេលនៃនិតិវិធីស៊ើបអង្កេតនិងការជំនុំជម្រះផ្នែកព្រហ្មទណ្ឌរហូតដល់បណ្ដឹងចុងក្រោយ។ មានន័យថា ជនម្នាក់នឹងត្រូវបានសន្មត់ជាមុនថាគ្មានទោស​រហូតទាល់តែពិរុទ្ធភាពរបស់ខ្លួន ត្រូវបានកំណត់ស្របតាមច្បាប់ និងតាមរយៈដីកាស្ថាពរ។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រីចក់ សុភាព លើកឡើងក្នុងរបាយការណ៍ថា សិទ្ធិមួយចំនួនរបស់ជនជាប់ចោទមិនទាន់ត្រូវបានគោរពពេញលេញឡើយក្នុងដំណើរការសវនា នៅសាលាឧទ្ធរណ៍។

អ្នកស្រី ចក់ សុភាព៖ «ឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តចាត់វិធានការ​បន្ទាន់​​នឹង​សម​ស្រប​ដើម្បី​ធានាថា សិទ្ធិទទួលបានការជម្រះក្ដីដោយយុត្តិជំរុញធម៌ ពិសេសសិទ្ធិទទួល​បានការសន្មត់​ទុកជាមុនថាគ្មានទោស [..]ត្រូវបានធានាយ៉ាងពេញលេញ។»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ