ក្រសួងកសិកម្មអះអាងថា ដោយសារតែមានភ្លៀងធ្លាក់ និង ការខិតខំរបស់អាជ្ញាធរពាក់ព័ន្ធសហការជាមួយពលរដ្ឋ ទើបអាចស្តារផ្ទៃដីធ្វើស្រែចំនួនជាង១ម៉ឺនហិកតា ដែលរងការខូចខាតដោយសារភាពរាំងស្ងួតឱ្យមានភាពប្រសើរឡើងវិញ។
ក្នុងសារាចរណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃ៧ ខែតុលានេះថា នៅរដូវវស្សាឆ្នាំ២០២០នេះ ដោយទឹកភ្លៀងមានលក្ខណៈអំណោយផលតាំងពីដើមរដូវ និងដោយសារការខិតខំរបស់ប្រជាកសិករ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការគាំទ្របច្ចេកទេសពីស្ថាប័នជំនាញ និងការឧបត្ថម្ភគ្រប់មធ្យោបាយពីរដ្ឋាភិបាល ការបង្កបង្កើនស្រូវមានសន្ទុះលឿន បើគិតតាមថ្ងៃ៣០ ខែកញ្ញា ឆ្នាំនេះ។
ដំណាំស្រូវក្នុងខេត្តចំនួន៥ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ដែលជួបគ្រោះរាំងស្ងួតលើផ្ទៃដីដំាដុះចំនួន ១៣៤ ៧៧០ហិកតា និងខូចខាតលើផ្ទៃដី១៣ ៤៨០ ហិកតា ត្រូវបានក្រសួងកសិកម្មសង្គ្រោះបានឡើងវិញស្ទើរទាំងស្រុង ដោយសារមានភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែង បង្កលក្ខខណៈល្អ សម្រាប់ការដាំដុះលូតលាស់របស់ដំណាំស្រូវ។
បន្ថែមពីនេះ ក្រសួងកសិកម្ម បានស្ទួង-ព្រោះស្រូវ នៅក្នុងខេត្តចំនួន៥ខាងលើ បានចំនួន ២ ៧១៤ ២១៦ហិកតា ស្មើនឹង១០៤.៨៧% នៃផែនការ ២ ៥៨៨ ១៣០ហិកតា ក្នុងនោះស្រូវស្រាលចំនួន៨២៨ ៧៣៣ហិកតា ស្រូវកណ្តាលចំនួន១ ៣៨៥០៦៦ហិកតាទៀតផង។
សេចក្តីណែនាំរបស់ក្រសួងកសិកម្មដដែលបានបញ្ជាក់ថា ស្ថានភាពទឹកនៅអាងទន្លេមេគង្គ បឹងទន្លេសាប និងបឹងនានានៅមានកម្ពស់ទាបជាងធម្មតា ដែលជាហេតុនាំឲ្យកសិករមានការព្រួយបារម្ភសម្រាប់ការដាំដុះស្រូវរដូវប្រាំង។
ក្រសួងបន្តថា ដើម្បីធានាបានសន្តិសុខស្បៀង និងឈានបានសម្រេចតាមគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តវិធានការមួយចំនួនដូចជា ត្រូវចុះណែនាំកសិករឲ្យពិនិត្យស្រែជាប្រចាំ បិទភ្លឺរក្សាទឹកក្នុងស្រែ ណែនាំពីបច្ចេកទេសថែទាំ បំប៉នដី ត្រួតពិនិត្យ និងកម្ចាត់សត្វ ចង្រៃក្នុងស្រែ មើស្ថានភាពប្រភពទឹក ដើម្បីឈានចាប់ផ្តើមដាំស្រូវលើកទី២ និងជំរុញដល់អ្នកប្រមូលទិញស្រូវ រោងម៉ាស៊ីន ត្រូវត្រៀមថវិកា មធ្យោបាយដឹកជញ្ជូន ឡម្ងួត និងឃ្លាំងស្តុកស្រូវ សម្រាប់ប្រមូលទិញពីប្រជាកសិករក្នុងតម្លៃសមរម្យឲ្យអស់លទ្ធភាព ដើម្បីទប់ស្កាត់ការហូរស្រូវចេញទៅក្រៅប្រទេស៕









