អាជ្ញាធរកម្ពុជាអះអាងថា កំពុងអន្តរាគមន៍ដោះស្រាយជួយពលការិនីម្នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការងារនៅប្រទេសចិន ដើម្បីឲ្យបានត្រឡប់មកកម្ពុជាវិញស្របតាមច្បាប់។
ក្នុងគេហទំព័រហ្វេសប៊ុករបស់អគ្គស្នងការនគរបាលជាតិ កាលពីម្សិលមិញបានឲ្យដឹងថា ក្រោយពីពិនិត្យឃើញព័ត៌មានលើបណ្ដាញទំនាក់ទំនងសង្គមផ្សព្វផ្សាយជាបន្តបន្ទាប់ថា មានករណីពលការិនីម្នាក់ ដែលត្រូវបានមេខ្យល់បោកឲ្យទៅបម្រើការងារនៅប្រទេសចិនអាជ្ញាធរកំពុងជួយអន្តរាគមន៍។
ករណីនេះ ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅក្នុងស្ថាប័នដដែល ធ្វើការស្រាវជ្រាវរកអាសយដ្ឋានពិតប្រាក ដែលពលការិនីរូបនោះកំពុងស្នាក់នៅឯប្រទេសចិន និងស្វែងរកសាច់ញាតិរបស់គាត់នៅក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីឈានដល់ការអន្តរាគមន៍នាំយកនារីរងគ្រោះត្រឡប់មកប្រទេសកម្ពុជាវិញដោយសុវត្ថិភាព និងស្របតាមនីតិវិធីច្បាប់៕