ក្រសួងសុខាភិបាលបានប្រកាសថា ព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន១នាក់បន្ថែមទៀត ដែលធ្វើឲ្យអ្នកជាសះស្បើយទូទាំងប្រទេសមានចំនួនសរុប២៧៨នាក់។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានលើកឡើងថា បុរសជាជនជាតិហុងគ្រីអាយុ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រូស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរពីប្រទេសបារាំង បានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយនៅថ្ងទី១១ ខែតុលា ឆ្នាំដដែលនេះ។
បើតាមក្រសួងសុខាភិបាល គិតមកដល់ម៉ោង ៧ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៨៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៧៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥នាក់៕









