ឧទ្យាន​ជាតិ​​ធំ​​មួយ​​របស់​​ថៃ​​ត្រូវ​​វាយ​ប្រហារ​​យ៉ាង​ធ្ងន់​ធ្ងរ​​ដោយ​​ទឹក​ជំនន់

​ទឹកជន់​លិច​តំបន់​ជាច្រើន​ក្នុង​ស្រុក​ប៉ាក​ឆុង (Pak Chong) ខេត្ត​ណា​ខន​រាជសីមា (Nakhon Ratchasima) ភាគ​កណ្តាល​ប្រទេស​ថៃ នាឆ្នាំ២០២០នេះ។ (Bangkok Post/ Prasit Tangprasert)

​ឈើ​ជាច្រើន​ដើម​បាន​ដាច់ហូរ​​ចេញពី​ឧទ្យានជាតិ​ខៅ​យ៉ៃចូល​ទៅ​ក្នុង​ទំនប់​ឡាំ​តា​ខុងដែល​បណ្តាល​ឱ្យ​ប្រឡាយ​ដ៏​ធំ​មួយ​បាន​ហូរហៀរនិង​ជន់​លិច​តំបន់​ជាច្រើន​ក្នុង​ស្រុក​ប៉ាក​ឆុង (Pak Chong) ខេត្ត​ណា​ខន​រាជសីមា (Nakhon Ratchasima) ភាគ​កណ្តាល​ប្រទេស​ថៃ។ តាម​ការ​ចុះផ្សាយ​របស់​បាងកក​ប៉ុស្តិ៍ នេះ​ជា​គ្រោះ​ទឹកជំនន់​ដ៏​អាក្រក់​ដែល​កើតឡើង​ក្នុង​តំបន់​នា​រយៈពេល១៥ឆ្នាំ​ចុងក្រោយ​នេះ។

ភ្លៀង​ធ្លាក់​ខ្លាំង​ចាប់តាំងពី​ថ្ងៃពុធ​ បាន​ធ្វើ​ឱ្យ​ដាច់​ហូរ​ឈើ​ជាច្រើន​ចេញពី​ឧទ្យាន​ទៅ​ទើរ​នឹង​ផ្លូវ​ដែល​ជន់​លិច ការិយាល័យ​រដ្ឋាភិបាល ផ្ទះសម្បែង និង​ដីស្រែ​ចម្ការចំនួន៧តំបន់​នៅក្នុង​ស្រុក​ប៉ាក​ឆុង។ អ្វី​ដែល​កាន់តែ​អាក្រក់​ជាង​នេះ​ទៅទៀត​នោះ ​គឺថា​ ឈើ​ដែល​ដាច់​នោះ​បាន​ហូរ​ចូល​ទៅ​ទំនប់​ឡាំ​តា​ខុង​នៅ​យប់​ថ្ងៃសុក្រ​ បណ្តាល​ឱ្យ​ទឹកហូរ​ជាច្រើន​ហៀរ​ចេញពី​ទំនប់ ដែល​បណ្តាល​ឱ្យ​ទឹកហូរ​យ៉ាង​ខ្លាំង​នៅ​ទីប្រជុំជន​ប៉ាក​ឆុង ​ដែល​កម្ពស់​ទឹក​ប្រមាណ​ជា៥០សង់ទីម៉ែត្រ​ទៅ១ម៉ែត្រ។ 

ឧទ្យានជាតិ​ខៅ​យ៉ៃ​របស់​ថៃ​ត្រូវ​បាន​បិទទ្វារ​កាលពី​ចុង​សប្តាហ៍ ដោយសារតែ​ហានិភ័យ​នៃ​ទឹកជំនន់និង​ការ​បាក់​ដី​កាន់តែ​ច្រើន។

ផ្ទះសម្បែង​ប្រជាជន​ជាង២០០គ្រួសារ​នៅ​តំបន់​ណង់​ណាម​ឌែង ខា​ណុង​ប្រា និង​មូស៊ិ ត្រូវ​បាន​លិចលង់។ អាជ្ញាធរ​និង​ប្រជាជន​ក្នុង​តំបន់បាន​និយាយ​ថា​ វា​ជា​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប៉ុន្មាន​ឆ្នាំនេះ។

ទឹកជំនន់​បាន​ធ្វើ​ឱ្យ​ផ្លូ​វណង​សារ៉ាយ-ប៉ាក់​ឆុង មិន​អាច​បើកបរ​បាន​សម្រាប់​យាន​យន្ត​តូច​ៗ។ ផ្សារ ការិយាល័យ​ស្រុក​ប៉ាក​ឆុង ស្ថានីយ​ប៉ូល​ិស ប្រាសាទ និង​សណ្ឋាគារ​នៅ​តំបន់​ក្រុង​បាន​លិចលង់។

លោក វិ​ឈៀន ចាន់​តា​រា​ណូ​ថៃ អភិបាលខេត្ត​ណា​ខន​រាជសីមា កាលពី​ម្សិលមិញ​ បាន​ជួប​ជាមួយ​មន្រ្តី​មក​ពីទី​ភ្នាក់ងារ​រដ្ឋាភិបាល​ជាច្រើន​នៅក្នុង​ការិយាល័យ​ស្រុក​ ដើម្បី​រៀបចំ​វិធានការ​ទប់ទល់​នឹង​ស្ថានភាព​ទឹកជំនន់។

អាជ្ញាធរ​បាន​បង្កើត​ជម្រក​បណ្តោះអាសន្ន​ចំនួន៥កន្លែង​ដែល​រួមមាន​ក្នុង​មន្ទីរពេទ្យ​ប៉ាក​ឆុង និង​សាលារៀន​ជាដើម​ សម្រាប់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់។

ទូក​និង​កងកម្លាំង​ជាច្រើន​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ជួយ​ជម្លៀស​ប្រជាជន​នៅ​តាម​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​ផង​ដែរ។

លោក​ ស៊ូ​រ៉ា​ផាន់ ស៊ី​លប៉ា​ស៊ូ​វ៉ាន់ អភិបាលស្រុកប៉ាក​ឆុង បាន​និយាយ​ថា ​មិន​មាន​ទឹកហូរ​ចេញពី​ឧទ្យាន​ដែល​ហូរ​ចូល​ទីប្រជុំជនប៉ាក​ឆុងទៀត​ទេ​ ហើយ​ទឹកនឹង​ត្រូវ​បង្ហូរ​ចេញ​ក្នុងរយៈពេល​ពីរ​ថ្ងៃ​ទៀត។

លោក​បាន​និយាយ​ថា​ មន្រ្តី​ស្រុក​កំពុងធ្វើការ​ប៉ាន់ស្មាន​ការខូចខាត​ដែល​បណ្តាល​មក​ពី​ទឹកជំនន់​ហើយ​កំពុង​ពិចារណា​ពី​ការ​ជួយ​ដល់​អ្នក​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ