អគ្គនាយកដ្ឋានសុខភាពសត្វនៃក្រសួងកសិកម្ម បានប្រាប់ឱ្យប្រជាកសិករចិញ្ចឹមសត្វ មានការប្រុងប្រយ័ត្នខ្ពស់និងតាមដានសុខភាពសត្វជាប្រចាំ ខណៈខេត្តមួយចំនួនកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
ក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជូនដំណឹងដល់កសិករចិញ្ចឹមសត្វទាំងអស់ដែលកំពុងប្រឈមការជន់លិច ត្រូវជម្លៀសសត្វរបស់ខ្លួនទៅទីទួលសុវត្ថិភាពនិងតាមដានសុខភាពសត្វជាប្រចាំ ហើយត្រូវរាយការណ៍ទៅមន្ត្រីបសុពេទ្យនិងអាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ក្នុងករណីសត្វមានបញ្ហាសុខភាពផ្សេងៗ។
អគ្គនាយកដ្ឋាន បន្តថា ចំពោះតំបន់ដែលមិនទាន់ទទួលរងការជន់លិច ក៏ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះសត្វនិងមានវិធានការទប់ស្កាត់ការឆ្លងជំងឺផ្សងៗផងដែរ ដូចជា ការត្រៀមទីទួលសុវត្ថិភាពដែលមិនលិចទឹក ត្រៀមចំណី-ទឹកឱ្យបានគ្រប់គ្រាន់និងមានអនាម័យល្អ រួមទាំងត្រៀមមធ្យោបាយជួយសង្គ្រោះផ្សេងៗទៀត។
ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ លោក នូ វនិកា ប្រាប់វីអូឌីបន្ថែមលើលិខិតថា អំឡុងទឹកជំនន់ប៉ុន្មានថ្ងៃមកនេះ មានសត្វរបស់កសិករតិចតួចប៉ុណ្ណោះដែលរងផលប៉ះពាល់។ លោកបញ្ជាក់ថា សត្វចិញ្ចឹមរបស់កសិករដែលរងផលប៉ះពាល់និងពិបាកជាងគេនោះ គឺសត្វគោក្របីដែលចិញ្ចឹមលក្ខណៈគ្រួសារ។
លោកបន្ថែមថា៖ «បានត្រៀមមន្ត្រីជំនាញរួចហើយដើម្បីជួយដល់ពួកគាត់ ហើយខាងពេទ្យសត្វយើងក៏បានជួយចាក់វ៉ាក់សាំងការពារដល់សត្វទាំងអស់នោះហើយ ដើម្បីការពារពេលដែលវាផ្លាស់ប្តូរទៅទីទួលសុវត្ថិភាពហ្នឹង ព្រោះខ្លាចវាឈឺ»។
បើតាមលោក នូ វនិកា ខេត្តដែលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាងគេ ហើយប៉ះពាល់ដល់សត្វរបស់កសិករនោះ រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងខេត្តមួយចំនួនទៀត៕