សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​មនុស្ស​​ជាង​៦០​នាក់​ សង្ស័យ​​ពាក់​ព័ន្ធ​​នឹង​​ការ​ប្រើ​ប្រាស់​​គ្រឿង​ញៀន​​

ថ្នាំញៀន និង​សារធាតុ​ញៀន ដែល​សមត្ថកិច្ច​បង្ក្រាប​នៅ​ក្លឹប​កម្សាន្ត​រ៉ក កាលពី​យប់​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក ស ថេត​

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនបរទេសនិង​ខ្មែរ​សរុប​ចំនួន៦៥នាក់ នៅ​ភោជនីយដ្ឋាន​មួយ​ឈ្មោះ «ហុកសិប​ប្រាំមួយ​ដឺក្រេ» នៅ​សង្កាត់​ទួលស្វាយព្រៃ២ ខណ្ឌ​បឹង​កេង​កេង ដោយ​សង្ស័យ​ថា​មាន​ជាប់ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន។ 

អ្នកនាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន បាន​ប្រាប់​វី​អូ​ឌី​នៅ​ព្រឹក​នេះ​ថា កាលពី​យប់​ម៉ោង១២រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃទី១៣ ខែកញ្ញា សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​នៅ​ភោជនីយដ្ឋាន «ហុកសិប​ប្រាំមួយ​ដឺក្រេ» មួយ​កន្លែង ដោយ​បាន​រក​ឃើញ​វត្ថុ​តាង​ជា​គ្រឿងញៀន​មួយចំនួន និង​បាន​ឃាត់ខ្លួន​មនុស្ស៦៥នាក់ ក្នុង​នោះ​មាន​ស្រី្ត២១នាក់។

ទោះ​យ៉ាងណា លោក​ថា កម្លាំង​សមត្ថកិច្ចមិនទាន់​អាច​កំណត់​អត្ដ​សញ្ញាណ​របស់​ជន​ណាមួយ​ដែល​ប្រព្រឹត្ត​នូវបទល្មើស​គ្រឿងញៀន​នេះ​បានទេ ដោយ​បច្ចុប្បន្ន​លោក​កំពុង​ស្រាវជ្រាវ​និង​ពិនិត្យទៅលើ​ជនសង្ស័យ​ទាំងនោះ។

លោក​បាន​ថ្លែង​ថា៖ «ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ហ្នឹង​អញ្ចេះ ជនជាតិ​បរទេស មិនមែន​មានតែ​ចិន​ទេ ប្រសិនបើ​យើង​ដឹង​ថា​ពួក​គាត់​ជាប់ពាក់ព័ន្ធ​ជាមួយ​ការ​ជួញដូរ ចែកចាយ នេះ​អត់មាន​បញ្ជូន​ទៅណា​ទេ [ក្រៅពី​បញ្ជូន​ទៅ​តុលាការ​] […] តែបើ​គាត់​ជា​អ្នកប្រើ​ប្រាស់ បានន័យ​ថា គាត់​មិនមែន​ជា​អ្នក​ជួញដូរ​ទេ តែ​គា​ត់់​ជា​អ្នកប្រើ​ប្រាស់ អីចឹង​យើង​នឹង​ស្នើសុំ​គោលការណ៍​បណ្ដេញចេញ​ក្រៅប្រទេស»។ 

អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា មានប្រសាសន៍​ថា សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ពិនិត្យ​រក​សារធាតុញៀន​ទៅលើ​មនុស្ស​ទាំង៦៥នាក់ ក្នុង​នោះ​ជា​លទ្ធផល​បឋម​បាន​រក​ឃើញ​មាន​មនុស្ស​មួយចំនួន​បាន​ប្រើប្រាស់​គ្រឿងញៀន។ 

តែ​យ៉ាងណា លោក​នៅ​ពុំ​ទាន់​អាច​បញ្ជាក់​លម្អិត​ជុំវិញ​ករណីនេះ​បាន​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ថា ក្នុងចំណោម​មនុស្ស​ទាំង៦៥នាក់​នោះ មាន​ជនបរទេស​ចំនួន១០នាក់ ដូចជា ជនជាតិ​វៀតណាម នេប៉ាល់ ថៃ ចិន និង​ជនជាតិ​ខ្មែរ ៥៥នាក់។

យោង​តាម​របាយការណ៍​របស់ក្រសួងទេសចរណ៍ គិត​ត្រឹម​ខែមីនា​កន្លងមក កម្ពុជា​មាន​មណ្ឌល​កម្សាន្ត​មនុស្ស​ពេញវ័យ​ចំនួន១ ២៩៣កន្លែងនៅ​ទូទាំង​ប្រទេស ក្នុង​នោះ មាន​ខារ៉ាអូខេ (KTV​) ចំនួន១ ០៨៤កន្លែង ក្លឹប​ឌីស្កូ​ថេ​ក (Club Disco​) ១០៩កន្លែង អាជីវកម្ម​រង្គសាល (Night Club​) ១៦កន្លែង អាជីវកម្ម​បៀរហ្គាឌិន ៨៤កន្លែង ដែល​ផ្ដល់​ការងារ១៨ ៣៨១កន្លែង សម្រាប់​ពលរដ្ឋ​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ