រយៈ​ពេល​៩​ខែ​ កម្ពុជា​​ប្រមូល​​ពន្ធ​-អាករ​​បាន​​ជាង​២​ពាន់​​លាន​​ដុល្លារ ​

ទិដ្ឋភាពនៅពីមុខអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅជិតស្ពានអាកាស៥មករា ក្រុងភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។ (ហួត វុទ្ធី)

អគ្គនាយក​ដ្ឋាន​ពន្ធដារ​កម្ពុជា បាន​ប្រកាស​ថា ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​-អាករ បាន​ជាង២ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ជិត៤​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​កម្ពុជា ចុះ​ថ្ងៃទី១២ ខែតុលា បានឱ្យ​ដឹង​ថា ចំណូល​ពន្ធ-អាករ ដែល​អគ្គនាយក​ដ្ឋាន​ប្រមូល​បាន​ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ មាន​ចំនួន​ ៩ ០១៥,០៨ ប៊ី​លាន​រៀល ស្មើ​ប្រមាណ​ជាង ២ ២២៥ លាន​ដុល្លារ កើនឡើង​ជាង ៨០លាន​ដុល្លារ ឬស្មើនឹង ៣,៧១​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ 

ដោយឡែក សម្រាប់​តែ​ខែកញ្ញា ឆ្នាំ២០២០ អគ្គនាយក​ដ្ឋានប្រមូល​ពន្ធ​-អាករ​បាន​ជាង ១៨៦ លាន​ដុល្លារ ស្មើនឹង ៦,៥៣​% ដែល​ចំនួន​នេះ​មានការ​ថយ​ចុះជាង ៤២ លាន​ដុល្លារ ស្មើនឹង ១៨,៧៥​% បើ​ធៀប​នឹង​ខែកញ្ញាឆ្នាំមុន។ 

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​កម្ពុជា លោក គង់ វិបុល បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា ឥទ្ធិពល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ បាន​បង្ហាញ​នូវ​សញ្ញានិង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅលើ​ចំណូល​ពន្ធ ជាពិសេស​ប្រភេទ​ពន្ធនិង​វិស័យ​សំ​ខាន់​ៗក្នុង​ត្រីមាស​ទី៣នេះ។ 

ករណីនេះ លោក​បាន​ក្រើនរំឭក​ដល់​ប្រធាន​អង្គភាព​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ពង្រឹង​កិច្ចសហការ​រវាង​អង្គភាព​និង​អង្គភាព និង​អន្តរក្រសួង​-ស្ថាប័ន ដើម្បី​បង្កើន​ប្រសិទ្ធ​ភាពនិង​តម្លាភាពដល់​ការ​ប្រមូល​ពន្ធ។ 

លោក គង់ វិបុល ក៏បាន​ណែនាំ​ដល់​មន្ត្រី​ទាំងអស់ បន្ត​ពង្រឹង​វិធានការ​អន្តរាគមន៍​បន្ទាន់​របស់​រដ្ឋាភិបាល ដើម្បី​ទ្រទ្រង់​វិស័យ​ទេសចរណ៍ អាកាសចរណ៍ កសិកម្ម​និង​ការ​ចិញ្ចឹមសត្វ និង​វិ​ស័យ​កាម្មន្ត​សាល​ទូទៅ រួម​ទាំង​វិធានការ​អន្តរាគមន៍​នានា ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​ជំងឺ​កូ​វីដ១៩។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ