នាយករដ្ឋមន្ត្រី បានបង្ហាញថា គិតត្រឹមល្ងាចថ្ងៃអង្គារនេះ រដ្ឋាភិបាល បានទទួលថវិកាចំនួន ១លានដុល្លារ ពីសប្បុរសជននានា ដែលបានចូលរួមជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងក្នុងទំព័រហ្វេសប៊ុករបស់លោកថា ថវិកាដែលរដ្ឋាភិបាលទទួលបានពីសប្បុរសជននានា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ មានចំនួន ១លានដុល្លារ។
លោកបន្តថា ថវិកាដែលសប្បុរសជនចូលរួមនេះ នឹងចាត់ចែងជួយសង្គ្រោះបន្ទាន់ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោកបានបន្ថែមថា៖ «ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេស»។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានភ្ជាប់នឹងពាក្យស្លោកមួយឃ្លាផងដែរថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។
បើតាមរបាយការណ៍ពីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យដឹងនៅរសៀលថ្ងៃនេះថា ចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែតុលានេះ ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់រាជធានី-ខេត្តចំនួន១៧ និងបានសម្លាប់មនុស្ស១០នាក់ ខណៈប្រជាពលរដ្ឋជាង១ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព៕









