ទឹក​ជំនន់​​នៅ​​វៀតណាម​​សម្លាប់​​មនុស្ស​​កើន​ឡើង​​ដល់​៣៦​នាក់​

ក្រុមសង្គ្រោះ​បាន​ចុះទៅ​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​នៅក្នុង​ខេត្ត​នៃ​ប្រទេស​វៀតណាម ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​នា​ឆ្នាំ២០២០នេះ។ (VN Explorer​)

​ការិយាល័យ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការគ្រប់គ្រង​គ្រោះមហន្តរាយវៀតណាម អះអាង​ថា​អាជ្ញាធរបាន​ជម្លៀស​ប្រជាជន​រាប់ពាន់​នាក់​ពី​ខេត្ត​ចំនួន៤ទៅ​រក​ទីតាំង​មាន​សុវត្ថិភាព ខណៈ​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់​កើនឡើង​ដល់៣៦នាក់និង១២នាក់​បាត់ខ្លួន។

យោង​តាម​សារ​ព័ត៌​មាន​វៀតណាម VN Explorer បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី១៤ ខែតុលា ខេត្តក្វាង​ប៊ិញ ក្វាង​ទ្រី ក្វាង​ណាម និង​ខេត្ត​ធួ​ធៀ​នហឺ មានការ​ជន់​លិច​ខ្លាំង​ជាង​បណ្តា​ខេត្ត​ផ្សេងទៀត ស្រប​ពេល​ដែលគណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​រាយការណ៍​ថា ផ្ទះ​ចំនួន៥៤១ខ្នង​បាន​បំផ្លិច​បំផ្លាញ ផ្ទះ​ចំនួន១៦០ ៧៨៤រង​ការ​ជន់​លិច ក្នុង​នោះ​ដំណាំ​ចំនួន៤ ០០០ហិ​កតា និង​ស្ពាន​ថ្នល់ជាច្រើន​បាន​ខូចខាត​និង​បាក់។ 

គណៈកម្មាធិការ​ដឹកនាំ​ការស្រាវជ្រាវ​បង្ការ​គ្រោះមហន្តរាយ ​បាន​រាយការណ៍​នៅ​ថ្ងៃទី១៣ ខែតុលា ​ថាប្រជាពលរដ្ឋ​ប្រមាណ១១ ៦៤០នាក់ ​ក្នុង​ខេត្ត​ចំនួន៤ខាងលើ បាន​ជួយសង្គ្រោះនិង​ជម្លៀស​ចេញពី​តំបន់​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព។ 

កាលពី​ថ្ងៃទី១៣ ខែតុលាកន្លងទៅ កាកបាទក្រហម​វៀតណាម បាន​ផ្តល់​ជំនួយ​ប្រមាណ១,៤ពាន់​លាន​ដុង ដល់​ខេត្ត​ចំនួន៤ខាងលើដែល​រងគ្រោះ​ខ្លាំង។ 

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​និយាយ​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ទូកនិង​រស់នៅ​លើ​នាវា​បាន​ជួយ​ស្វែងរក​ទីជម្រក​ដែល​មាន​សុវត្ថិភាព ខណៈ​ពួក​គេ​ទទួល​បាន​ជំនួយ​សង្គ្រោះ​ផ្នែក​ឧបភោគបរិភោគ។ 

យោងទៅតាមការ​ចេញផ្សាយរបស់ក្រ​សួង​ធនធានទឹក​និងឧតុនិយមវៀតណាម បានឱ្យ​ដឹង​ថា ព្យុះ​ណាន​កាដែលព្យុះជាទី៧ ក្នុង​ឆ្នាំនេះ​ គឺបង្ក​ឱ្យ​មាន​ខ្យល់បក់​ខ្លាំងនិង​ភ្លៀង​ខ្លាំង ដោយ​បង្កឡើង​ដោយ​ជ្រលង​សម្ពាធ​ទាប ខណៈ​វា​អូស​បន្លាយ​យូរ​ដែល​ធ្វើ​ឱ្យ​មាន​ទឹកជំនន់​នៅ​តំបន់​ភាគ​ខាងជើងនិង​ខាងជើង​ភាគ​កណ្តាល​នា​ពេល​ខាងមុខ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ