ប្រធានគណៈមេធាវីកម្ពុជា លោក សួន វិសាល បានស្នើក្រសួងមហាផ្ទៃរកលទ្ធភាពដាក់ពង្រាយមេធាវីនៅតាមប៉ុស្តិ៍នគរបាលក្នុងឃុំ-សង្កាត់នានាទូទាំងប្រទេស ជាអ្វីដែលលោកថា ដើម្បីផ្តល់ប្រឹក្សាផ្នែកច្បាប់ក្នុងបំណងធានាសិទ្ធិជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
លោក សួន វិសាល លើកឡើងបែបនេះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ស ខេង។
លោក សួន វិសាល ប្រាប់លោក ស ខេង ថា លោកចង់ឱ្យមេធាវីអាចចូលជួបកូនក្ដីនៅប៉ុស្តិ៍នគរបាលបានច្រើនជាងមុន ខណៈការសហការកន្លងទៅមានភាពខ្វះចន្លោះ។
លោក សួន វិសាល ស្នើទៅលោក ស ខេង ថា៖ «ពិនិត្យលទ្ធភាពឱ្យមេធាវីបាននៅប្រចាំការនៅការិយាល័យនគរបាលនីមួយៗ ដើម្បីអាចផ្ដល់មតិយោបល់ផ្នែកច្បាប់ ចៀសវាងមានបញ្ហាពេលបញ្ជូនរឿងក្ដីទៅតុលាការ»។
លោក សួន វិសាល ឱ្យដឹងបន្ថែមថា ជនសង្ស័យគ្រប់រូបមានសិទ្ធិទទួលបានមេធាវីសម្រាប់ការពារចាប់ពីដំណាក់កាលដំបូងនៃការចាប់ខ្លួន ហើយថា ការស្នើសុំកិច្ចសហការបន្ថែមពីក្រសួងមហាផ្ទៃនេះ ដើម្បីរួមគ្នាពង្រឹងវិស័យយុត្តិធម៌នៅកម្ពុជា។
លោកបានបន្ថែមថា៖ «នៅពេលដែលយើងមានមេធាវីធ្វើការប្រចាំការនៅការិយាល័យប៉ូលិស វាអាចជាជំនួយមួយផ្តល់ប្រឹក្សាផ្នែកច្បាប់ដល់ការស៊ើបអង្កេតរបស់ប៉ូលិស។ ទី២ ការរៀបចំបញ្ជូនរឿងទៅតុលាការ ដើម្បីឱ្យតុលាការកាត់ឱ្យចំជនល្មើស […] យើងដឹងហើយ ជួនកាលមេធាវីគាត់បន្ទោសប៉ូលិស ប៉ូលិសក៏បន្ទោសមេធាវីដែរ។ អ៊ីចឹងហើយយើងអត់ចង់ឱ្យបន្ទោសគ្នា យើងចង់ឱ្យរួមគ្នាធ្វើក្នុងវិស័យយុត្តិធម៌ទាំងមូល»។
យ៉ាងណា លោក ស ខេង ថ្លែងថា ក្រសួងមានការប្រុងប្រយ័ត្ន ដើម្បីធានាថា «គ្រប់កិច្ចការគឺត្រូវតែអនុវត្តតាមច្បាប់ មិនមែន [ធ្វើ] ទៅតាមមាត់បុគ្គលនោះទេ»។
មេដឹកនាំបក្សកាន់អំណាចរូបនេះ ថ្លែងទៀតថា ក្រសួងនឹងពិចារណាសំណើនេះ និងបានរំឭកថា កន្លងទៅ លោកក៏បានប្រគល់ភារកិច្ចឱ្យមន្ត្រីជំនាញសិក្សារៀបចំមេធាវីនៅតាមរដ្ឋបាលខេត្តនិងរដ្ឋបាលស្រុកដែលកើតមានបញ្ហាច្រើន ដើម្បីជួយបញ្ចៀសការអនុវត្តការងារខុសនីតិវិធីនេះដែរ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា អំពើពុករលួយនិងការជំរិតទារប្រាក់ពីមន្ត្រីពាក់ព័ន្ធទៅលើជនសង្ស័យក្នុងវិស័យអនុវត្តច្បាប់ នឹងត្រូវបានកាត់បន្ថយ បើរដ្ឋាភិបាលអាចធ្វើបានតាមសំណើគណៈមេធាវីនេះ។
លោកថា៖ «ព័ត៌មានច្រើនហើយដែលយើងបានទទួលថា មានការសមគំនិតគ្នារវាងអាជ្ញាធរអនុវត្តច្បាប់និងអ្នកពាក់ព័ន្ធផ្សេងៗជំរិតទារប្រាក់អីជាច្រើន ពុករលួយ កៀបសង្កាត់យកលុយពីជនសង្ស័យជាដើម មុនការកាត់ទោសហ្នឹង។ ហើយរឿងហ្នឹងជាក្តីបារម្ភមួយរបស់យើង ដែលក្រសួងពាក់ព័ន្ធរួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ គួរតែធ្វើការរួមគ្នា»។
កាលពីខែមុន មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនចំនួន៧នាក់ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ត្រូវបានអគ្គស្នងការនគរបាលជាតិដកតំណែង បន្ទាប់ពីរកឃើញថា ពួកគេទាំងនោះជាប់ពាក់ព័ន្ធនឹងការវាយដំ គំរាមទារប្រាក់៤លានរៀលពីជនសង្ស័យ។
នាយករងអង្គការលីកាដូឃ្លាំមើលសិទ្ធិមនុស្ស លោក អំ សំអាត មានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះនឹងជួយពង្រឹងវិស័យយុត្តិធម៌បើអាចធ្វើទៅបាន ដោយថា ប្រទេសផ្សេងៗទៀតក៏គេផ្តល់ឱកាសដល់មេធាវីការពារក្តី ជួបកូនក្តី ក្នុងដំណាក់កាលនៅប៉ុស្តិ៍ប៉ូលិស ដើម្បីធានាសិទ្ធិទទួលបានយុត្តិធម៌របស់ជនសង្ស័យ។
លោកបន្ថែមថា៖ «នេះវាគ្រាន់តែជួយបានមួយផ្នែក ប៉ុន្តែបើចង់កែប្រព័ន្ធយុត្តិធម៌ទាំងមូល វាត្រូវកំណែទម្រង់ច្រើនរួមទាំងពេលវេលា ហើយវាត្រូវការឆន្ទៈនយោបាយក្នុងការជំរុញការកែទម្រង់ប្រព័ន្ធហ្នឹង»។
លោក សួន វិសាល ឱ្យដឹងដែរថា កន្លងមកនេះ មានមេធាវីប្រតិភូដាក់ក្នុងមួយខេត្តមានម្នាក់ ខណៈគណៈមេធាវីមានសមាជិក១ ២០០នាក់ប្រកបវិជ្ជាវីវៈក្នុងចំណោម១ ៧៥៦នាក់។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី១៣ ខែឧសភាឆ្នាំនេះ បានចេញរបាយការណ៍វាយតម្លៃថា រដ្ឋាភិបាលបានបរាជ័យក្នុងការអនុវត្តច្បាប់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល៣ឆ្នាំមកនេះ។
Amnesty ថា បរាជ័យនេះជំរុញឱ្យមានការកើនឡើងនូវការរំលោភសិទ្ធិមនុស្ស ការប្រើមធ្យោបាយឃុំឃាំងហួសកម្រិត បង្កឱ្យមានហានិភ័យដល់សេវាសុខភាពសាធារណៈ និងបង្កើតឱកាសឱ្យប្រព្រឹត្តអំពើពុករលួយ៕









