ពលរដ្ឋ​​រង​គ្រោះ​ដោយ​ជំនន់​​ទឹក​ភ្លៀង​កើន​ដល់​ជិត​​១៦​ម៉ឺន​នាក់​ និង​​​អ្នក​ស្លាប់​កើន​ដល់​​១២​​នាក់​​

ក្រុមអាជ្ញាធរសមត្ថកិច្ចចុះជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុក​គាស់ក្រឡនិងស្រុក​​មោង​​​ឫស្សី​ ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ ស្នង​ការ​ដ្ឋាន​​​នគរបាលខេត្តបាត់​​ដំបង)

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឱ្យ​ដឹង​នៅថ្ងៃសុក្រនេះ​ថា ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់បានកើនដល់​១២នាក់ ខណៈពលរដ្ឋ​ដែលរង​ផលប៉ះពាល់បានកើនដល់​ជិត​១៦​ម៉ឺននាក់។

របាយការណ៍​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​លើកឡើង​ថា គិតត្រឹមរសៀល​​​ថ្ងៃទី១៤ ខែតុលា​នេះ ចំនួន​អ្នកស្លាប់ក្នុងគ្រោះមហន្តរាយ​​ជំនន់ទឹកភ្លៀង បាន​កើនដល់១២នាក់ (កុមារ៥នាក់) ក្នុងនោះ នៅខេត្តបន្ទាយមានជ័យ ​មានអ្នកស្លាប់​៥នាក់, ខេត្តព្រះសីហនុ ២នាក់, ខេត្តពោធិ៍សាត់ ៣នាក់, ខេត្តប៉ៃលិន ​១នាក់ និង​ខេត្ត​កំពង់ធំ ១នាក់។

របាយការណ៍ដដែល បន្តថា ខេត្តដែលរង​ផល​ប៉ះពាល់​បាន​កើនដល់​១៩រាជធានី-ខេត្ត និង​​មានប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ជាង១៥ម៉ឺន​៨ពាន់នាក់ ខណៈពលរដ្ឋ​ជាង១១ម៉ឺននាក់ត្រូវ​បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

របាយការណ៍បន្ថែមថា ជំនន់ទឹកភ្លៀងក៏បានបង្កឱ្យ​ខូចខាត​ផ្ទះសម្បែងពលរដ្ឋចំនួន​៣០ខ្នង លិចស្រូវជាង១១ម៉ឺនហិកតា និង​ដំណាំរួមផ្សំផ្សេងៗជាង៥ម៉ឺន៥ពាន់ហិកតា។

អ្នកនាំពាក្យ​គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ លោក ឃុន សុខា ប្រាប់វីអូឌីនៅថ្ងៃនេះ​ថា ខេត្ត​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ទាំង​១៩នោះ រួមមាន រាជធានី​ភ្នំពេញ ពោធិ៍សាត់ បាត់ដំបង​ ​បន្ទាយមានជ័យ ប៉ៃលិន ​ព្រះសីហនុ​ ស្វាយរៀង ឧត្តរ​មានជ័យ  សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី កោះកុង កំពង់ឆ្នាំង​ កណ្ដាល កំពង់ធំ​ ​​ព្រះ​វិហារ កំពង់ចាម និង​ស្ទឹងត្រែង។

លោកថា៖ «ក្រុមការងារថ្នាក់ជាតិនិងកងកម្លាំងយោធាដែលជាកម្លាំងរុករកនិងសង្គ្រោះ បាន ​ប្រមាណជា១ពាន់នាក់បានចុះទៅ​គោលដៅខេត្តដែល​រងគ្រោះ ហើយកំពុង​​​តែសង្គ្រោះ ហើយនឹងត្រៀមលក្ខណៈសង្គ្រោះ។ ថ្នាក់ដឹកនាំបានសហការជាមួយអាជ្ញាធរខេត្តនិងអង្គភាពដែលពាក់ព័ន្ធក្នុងការចែកស្បៀង ទឹក ហើយនិងសម្ភារមួយចំនួនទៀតដល់ជនរងគ្រោះ»។

រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន លោកទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល មានប្រសាសន៍​ពេលចុះត្រួត​ពិនិត្យ​ស្ថានភាពទឹកជំនន់​នៅក្នុង​ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃនេះ​ថា ​ជំនន់​ទឹកភ្លៀង បាន​បង្ក​ផល​ប៉ះពាល់ដល់​​​ផ្លូវចំនួន៨៧ខ្សែ ដែលមាន​ប្រវែង២៤៣​គីឡូ​ម៉ែត្រ ស្មើ​នឹង១៩៩កំណាត់ នៅ​​​ក្នុង​ខេត្ត​ចំនួន​១៣។

លោក​ថា៖ «មន្ត្រីជំនាញ​យើងកំពុង​រកមធ្យោបាយ​ធ្វើម៉េចកុំ​ឱ្យទឹកហូរ​កាត់​ផ្លូវ»។​

លោក ស៊ុន ចាន់ថុល បន្តថា មក​ដល់​ពេល​នេះ ក្រុម​ការ​ងារ​ក្រសួង​កំពុង​បន្ត​ចុះតាមដាននិង​វាយតម្លៃស្ថានភាពផ្លូវ​ដែល​រងការខូចខាត ដើម្បីត្រៀមជួសជុល​ឡើងវិញក្រោយ​ពេលជំនន់​ទឹកភ្លៀង​ស្រក​ចុះវិញ។

កាលពីរសៀល​​ថ្ងៃម្សិល​មិញ អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសថា ​ទំនប់ចម្ការតែ​នៅខ្នងភ្នំគិរីរម្យដែល​ស្តុក​ទឹក​៥លានម៉ែត្រគូប​ បានបាក់ដោយសារតែ​មានភ្លៀង​ធ្លាក់​ច្រើន​ជាបន្ត​បន្ទាប់​។

អាជ្ញាធរ​ខេត្តបាន​បន្តថា ការ​បាក់ទំនប់​ដែលស្តុកទឹកដ៏ច្រើន​នេះ បាន​បង្កផលប៉ះពាល់​ដល់​ឃុំ​មួយចំនួន​នៅក្រុង​ស្រុកសំរោងទង និង​តំបន់​តាមបណ្តោយស្ពាន​ព្រែកត្នោត ដែលតម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​បង្កើនការប្រុងប្រយ័ត្ន។

នៅថ្ងៃពុធនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែម​​ថា ​កម្រិត​កម្ពស់ទឹក​នៅទំនប់ពាមឃ្លៃ និងទ្វារទឹក​រលាំង​ជ្រៃ ក៏បាន​ឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្នដែរ ក្រោយ​​​ទទួល​រង​ឥទ្ធិពល​ព្យុះនិងមានភ្លៀង​ធ្លាក់​យ៉ាងច្រើនជាបន្តបន្ទាប់។

ករណីនេះ រដ្ឋបាលខេត្ត បានជូនដំណឹងដល់​ប្រជាពលរដ្ឋរស់​នៅ​​​ភូមិមួយចំនួន​ក្នុង​ស្រុកសំរោង​​​​​​ទងនិង​​ក្រុង​ច្បារមន រៀបចំរើទុកដាក់​សម្ភារសំខាន់ៗទៅកាន់ទីទួលសុវត្ថិ​ភាពឱ្យ​បាន​ត្រឹមត្រូវ ជាពិសេស​ មនុស្ស​ចាស់ជរានិង​កុមារ​តូចៗ ត្រូវ​ទៅកាន់ទីទួសសុវត្ថិភាពមុន​គេ និងត្រូវ​ប្រុងប្រយ័ត្ន​ចំពោះខ្សែអគ្គិសនី។

ការបាក់ទំនប់​ចម្ការតែ ក៏បាន​បណ្តាល​ឱ្យ​តំបន់​មួយចំនួននៅជាយរាជធានីភ្នំពេញរង​ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងផងដែរ ជាពិសេស​នៅក្នុងខណ្ឌដង្កោ។

ចំណែករដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃពុធនេះ បានជូនដំណឹងពី​ស្ថានភាពទឹក​ទំនប់៧មករា (កំពង់ទួល) និង​​ស្ទឹងព្រែកត្នោត ដែលនៅតែបន្ដជន់ឡើងខ្លាំងលើសកម្រិតប្រកាស​អាសន្ន។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ស្ថានភាពនេះ អាចបណ្ដាល​ឱ្យ​​មានផលប៉ះពាល់ដល់ភូមិសាស្ដ្រ​ខេត្ត​កណ្ដាល រួមមាន ក្រុងតាខ្មៅ ស្រុកអង្គស្នួល និងស្រុកកណ្ដាលស្ទឹង។

រដ្ឋបាលខេត្ត បានអំពាវនាវ​ដល់ប្រជាពលរដ្ឋរស់នៅស្រុកទាំង៣នេះ ត្រៀមបង្ការនិងប្រុង​ប្រយ័ត្នខ្ពស់ ហើយ​​អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់និងរៀបចំ​ផែនការអន្ដរាគមន៍ ដោយត្រៀមកម្លាំងក្នុងការទប់ស្កាត់និងត្រៀមទីទួល​សុវត្ថិ​ភាពឱ្យ​​បានច្បាស់លាស់។

កាលពីថ្ងៃទី១៣ ខែតុលា​ ក្រសួងធនធានទឹក និងឧតុនិយម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​ ដោយថា ចាប់ពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី២០ ខែតុលានេះ កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះ​ទី១៦ ឈ្មោះ ណាង​កា (Nangka​) និង​ព្យុះ​ទី១៧ ឈ្មោះ សូ​ដែល (Saudel​) ដែល​នាំ​ឱ្យ​មាន​ភ្លៀង​ធ្លាក់ បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​ខ្ពស់​ៗផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ