កម្មករ​ក្រុម​ហ៊ុនស៊ីន​ទ្រីប្រមូល​​ផ្តុំ​​នៅ​​ចំណត​រថយន្ត​​ក្នុង​​ខណ្ឌ​ដង្កោ​ រង់​ចាំ​​ដំណោះ​ស្រាយ​

បុគ្គលិកក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី មួយរូប ផ្ដល់បទសម្ភាសដល់អ្នកកាសែត ខណៈពេលពួកគេបានធ្វើបាតុកម្មជាថ្មីទៀតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

​ក្រុម​កម្មករ​រាប់​សិប​នាក់ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​ប្រមូល​សំរាម ​ស៊ីន​ទ្រី នៅ​ព្រឹក​ថ្ងៃពុធ​នេះ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ទី​តាំាង​ចំណតរថយន្ត​ ស៊ីន​ទ្រី ស្ថិត​នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​រង់​ចាំ​ដំណោះស្រាយ​រឿង​វិវាទ​ការងារពី​អាជ្ញាធរ​ពាក់ព័ន្ធ។

កម្មការិនី​ផ្នែក​បោសសម្អាតធ្វើការ​នៅ​ក្រុមហ៊ុន​ ស៊ីន​ទ្រី អ្នកស្រី សន ម៉េ​ត មានប្រសាសន៍​ថា ការដែល​ពួក​គាត់​ទៅ​ប្រមូល​ផ្តុំគ្នា​នេះ ក្នុង​គោលបំណង​រង់​ចាំ​ដំណោះស្រាយ​ពីរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ លើ​អ្វី​ដែល​កម្មករ​បាន​ស្នើសុំ ខណៈ​ការងារ​របស់​ពួក​គាត់​មានការ​ប្រឈម​ច្រើន ទាំង​បញ្ហា​សុខភាពនិង​សុវត្ថិភាព។

អ្នកស្រី​ថា៖ «ពួក​ខ្ញុំ​តស៊ូ​មកដល់​ថ្ងៃ​ហ្នឹង ដើម្បី​អី​? ដើម្បី​លុយ​ដំណាច់​ឆ្នាំ លុយ​ថ្លៃ​បាយ លុយ​ធ្វើដំណើរ អត់មាន​ចង់បាន​លោភលន់​អី​ទេ ហើយ​ក្រុម​កម្មករ​ពួក​ខ្ញុំមិនមែន​ចង់​ធ្វើបាតុកម្ម​ឬចង់​បះបោរ​អី​ទេ គឺ​ចង់ឱ្យ​ចៅហ្វាយក្រុង​ជួយ​ដោះស្រាយ​ឱ្យ​បានសម្រេច​ដល់​ពួក​ខ្ញុំ​ទៅ​…ពេល​កើតជំងឺ​កូ​វីដ​ហ្នឹង មានតែ​កម្មករ​ស៊ីន​ទ្រី​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ ទាំង​កម្មករ​ឡាន កម្មករ​បោសសម្អាត កម្មករ​អូ​សរ​ទេះ ដើម្បី​អី? ​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរយើង ធ្វើ​ម៉េច​សំរាម​ស្អុយ​ពេញទីក្រុង ដល់​ឥលូវ​មានផល​ប្រយោជន៍​តិចតួច គាត់​អត់មាន​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​ទេ»។

ក្រុម​កម្មករ​ជាង២ពាន់​នាក់​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីន​ទ្រី បាន​នាំគ្នា​ធ្វើការ​តវ៉ា​អត់​ចូល​ធ្វើការ​តាំងពី​ថ្ងៃទី២ ខែតុលា មកដល់​បច្ចុប្បន្ន ដើម្បី​ទាមទារ​ទៅ​ថៅកែ​ទូទាត់ប្រាក់​អត្ថ​ប្រយោជន៍៥ចំណុច រួមមាន ប្រាក់​អតីតភាព​ការងារ ប្រាក់​ជំងឺចិត្ត ប្រាក់​ជួស​ឱ្យ​ការ​ជូនដំណឹង​មុន ប្រាក់​ដំណាច់ឆ្នាំ​ដែល​នៅសល់ និង​ប្រាក់ខែ​ចុងក្រោយ ខណៈ​ការគ្រប់គ្រង​សំរាម​នៅ​រាជធានី​ភ្នំពេញ កំពុង​ឈាន​ទៅ​រក​ការបែងចែក​ឡើងវិញ​ជាមួយ​ក្រុមហ៊ុន​ថ្មី​ចំនួន២ទៀត។

វី​អូ​ឌី នៅ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយពី​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ​ម៉េ​ត មាស​ភក្តី បានទេនៅ​ព្រឹក​ថ្ងៃពុធ​នេះ។

កាលពី​ថ្ងៃទី១២ ខែតុលា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តី​ជូនដំណឹង​មួយដោយ​លើកឡើង​ថា កម្មករ​បើកបរនិង​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ ស៊ីន​ទ្រី នៅតែ​បន្ត​ធ្វើកូដកម្ម​ខុសច្បាប់មិន​ចេញ​ប្រមូល​សំរាម​ឡើយ លើកលែងតែ​កម្មករ​បោសសម្អាត​ផ្លូវ​តែប៉ុណ្ណោះបាន​ចូល​ធ្វើការងារ​វិញ កាល​ពីថ្ងៃទី១០ ខែតុលា។

ក្នុង​សេចក្តី​ជូនដំណឹង​ដដែល បាន​អំពាវនាវ​ដល់​កម្មករ​ប្រមូល​សំរាម​ទាំងអស់ឱ្យចូល​ធ្វើការងារ​វិញ ដើម្បី​កុំឱ្យ​បាត់បង់​អត្ថ​ប្រយោជន៍​ផ្សេង​ៗដែល​ច្បាប់​បាន​កំណត់។ 

រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ដែរ​ថា ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​សម្របសម្រួល​ដោះស្រាយ​ជាច្រើនលើក​ច្រើនសា​រហើយ រហូត​មាន​កិ​ច្ច​ព្រម​ព្រៀង​មួយ​កាលពី​ថ្ងៃទី៧ ខែតុលា ប៉ុន្តែ​ចុងក្រោយ ​ក្រុម​កម្មករ​នៅតែ​មិន​គោរព​កិច្ច​ព្រមព្រៀង​នោះ ហើយ​បន្ត​ធ្វើកូដកម្ម​ទាមទារ​អត្ថ​ប្រយោជន៍​ខុសច្បាប់ ដែល​សាលា​រាជធានី​ភ្នំពេញមិន​អាច​ដោះស្រាយ​ជូន​បាន​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ