មេដឹកនាំថ្មីរបស់ជប៉ុនចាប់ផ្តើមទស្សនកិច្ចរបស់ខ្លួនលើកដំបូងទៅកាន់ប្រទេសវៀតណាមនិង ប្រទេសឥណ្ឌូនេស៊ី ដើម្បីជាការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញសន្តិភាពនិងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន។
នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនដែលទើបចូលកាន់តំណែងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០លោក Yoshihide Suga ចាត់ទុកប្រទេសទាំងពីរដែលលោកបំពេញទស្សនកិច្ចនេះ តំណាងឱ្យអាស៊ាន ដោយសារតែវៀតណាមជាប្រធានអាស៊ាននៅឆ្នាំនេះ ហើយឥណ្ឌូនេស៊ីជាប្រទេសធំជាងនៅក្នុងតំបន់នេះ។
លោក Yoshihide Suga បំពេញទស្សនកិច្ចនៅក្រៅប្រទេសនេះ គឺជាលើកទី១ហើយចាប់តាំងពីលោកចូលកាន់តំណែងជានាយករដ្ឋមន្ត្រីមក។
តាមកិច្ចប្រជុំកាលពីថ្ងៃទី១៣ ខែតុលា របស់គណបក្សប្រជាធិបតេយ្យសេរី ជាគណបក្សកំពុងដឹកនាំរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Yoshihide Suga នឹងអាចចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែតុលា។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៅពេលនេះ មានសារៈសំខាន់ ដែលបញ្ជាក់ថា ជប៉ុនបានដើរតួនាទីក្នុងការជំរុញឱ្យមានលំហសេរីភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីជប៉ុន នឹងបើកការពិភាក្សាជាមួយវៀតណាមនិងឥណ្ឌូនេស៊ី ពីបញ្ហាក្នុងតំបន់និងអន្តរជាតិ ស្របពេលដែលកំពុងមានការឆ្លងរាលដាលមេរោគកូវីដ១៩នេះ។
ដំណើរទស្សនកិច្ចនៅក្នុងតំបន់អាស៊ាននេះ ស្របពេលដែលជប៉ុនកំពុងតែស្វែងរកការពង្រឹងចំណងមិត្តភាពជាមួយអាស៊ាន ខណៈប្រទេសអាស៊ានកំពុងប្រឈមមុខដាក់គ្នាដោយសារតែមាននិន្នាការប្រកាន់ខាងសហរដ្ឋអាមេរិកនិងចិន។
ប្រទេសទាំងពីរគឺវៀតណាមនិងឥណ្ឌូនេស៊ី ក៏ជាគោលដៅដំបូងដែលអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo ធ្វើទស្សនកិច្ច បន្ទាប់ពីលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រីលើកទី២ កាលពីខែធ្នូ ឆ្នាំ២០១២។
ជប៉ុនជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី៣នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកនិងចិន។ ជប៉ុនក៏កំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួននៅលើពិភពលោកតាមតាមរយៈការពង្រឹងទំនាក់ទំនងការទូត ទន្ទឹមនឹងនេះ ជប៉ុនក៏បានបង្កើតច្បាប់កាលពីឆ្នាំ២០១៥ ដើម្បីអនុញ្ញាតឱ្យកងទ័ពរបស់ខ្លួនអាចចេញប្រតិបត្តិការលើឆាកអន្តរជាតិជាមួយសម្ព័ន្ធមិត្ត ដើម្បីរក្សាសន្តិសុខនិងសន្តិភាព ក្រោយពេលផ្អាក៧០ឆ្នាំ ចាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់មក៕









