ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយនារីខ្មែរម្នាក់ដែលមានបំណងត្រឡប់មកកម្ពុជាវិញ ដោយសារមិនអាចរស់នៅចុះសម្រុងជាមួយស្វាមីបាន។
សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នារីខ្មែរដែលស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានជួយអន្តរាគមន៍នោះ មានឈ្មោះ សែម ស្រីពេជ្រ ស្នាក់នៅខេត្តជឺជាំង ប្រទេសចិន។
ក្រសួងបន្តថា ស្ថានអគ្គកុងស៊ុលបានចេញលិខិតបើកផ្លូវដល់រូបនាង ហើយប៉ូលិសចិនក៏បានយល់ព្រមនិងប្រគល់ទិដ្ឋាការជូនគាត់នៅថ្ងៃពុធសប្តាហ៍ក្រោយ។
ក្រសួងបានបញ្ជាក់ថា៖ «បច្ចុប្បន្ន នាងកំពុងស្នាក់នៅផ្ទះមិត្តភក្តិជាស្រ្តីខ្មែរនៅជិតប៉ុស្តិ៍ប៉ូលិសខេត្តជឺជាំង ក្រុងវិនចូវ ដើម្បីរង់ចាំទទួលទិដ្ឋាការ។ តាមសំណើរបស់ស្ថានអគ្គកុងស៊ុល អង្គការសម្ព័ន្ធចាប់ដៃកម្ពុជានៅភ្នំពេញ បានយល់ព្រមជួយចេញសំបុត្រយន្តហោះដល់នាង»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា តាមរយៈការអន្តរាគមន៍របស់ស្ថានអគ្គកុងស៊ុលកម្ពុជា អ្នកនាង សែម ស្រីពេជ្រ នឹងទទួលបានទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នពីអាជ្ញាធរចិន នៅថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០។
លោកបន្តថា៖ «ក្រោយបានទិដ្ឋាការ នាងនឹងជិះរថភ្លើងមកស្នាក់នៅបណ្តោះអាសន្ននៅស្ថានអគ្គកុងស៊ុលនៅសៀងហៃ រង់ចាំដំណើរតាមយន្តហោះមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០»។
បើតាមក្រសួងការបរទេសកម្ពុជា ស្ថានអគ្គកុងស៊ុលក៏បានជួយឧបត្ថម្ភថ្លៃអាហារ សំបុត្ររថភ្លើងពីទីក្រុងវិនចូវទៅសៀងហៃ ថ្លៃពិនិត្យស្វែងរកមេរោគកូវីដ-១៩ ដែលសរុបជាទឹកប្រាក់៥០០ដុល្លារអាមេរិក ជូនដល់ស្ត្រីរូបនោះផងដែរ៕