លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងថ្ងៃគម្រប់ខួប៨ឆ្នាំ នៃការយាងចូលទិវង្គតរបស់អតីតព្រះមហាក្សត្រ បានបន្តលើកឡើងពីគុណូបការដឹងគុណស្នាព្រះហស្តរបស់ព្រះអង្គដែលបានលះបង់ព្រះកាយពលដើម្បីបុព្វហេតុជាតិមាតុភូមិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងតាមរយៈហ្វេសប៊ុករបស់លោកថា ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។
លោកបន្តថា៖ «ព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោងជិតម៉ោង១កន្លះយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងព្រះជន្ម៩០ព្រះវស្សា។
ដើម្បីតបស្នងព្រះមហាករុណាទិគុណនិងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តមវិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពលនិងព្រះបញ្ញាញាណ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិនិងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។
នៅថ្ងៃទី១៥ ខែតុលា ទៀតសោត ទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេស តែងតែប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ៕