ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា រាជធានី-ខេត្តស្ទើរទូទាំងប្រទេស នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលានេះ ដោយសារកម្ពុជារងប្រព័ន្ធសម្ពាធទាបនិងឥទ្ធិពលនៃព្យុះទី១៧ ឈ្មោះ សូឌែល (Saudel)។
សេចក្តីជូនដំណឹងរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែតុលានេះ បានលើកឡើកថា ឥទ្ធិពលព្យុះទី១៧ និងប្រព័ន្ធសម្ពាធទាប បាននិងកំពុងបន្តអូសបន្លាយលើប្រទេសកម្ពុជា ដែលស្ថានភាពនេះនឹងធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាប់ជាបន្ត នៅតំបន់វាលទំនាប ក្នុងនោះមានរាជធានីភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ និងកណ្តាល។
ក្រសួងបន្តថា ចំពោះបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបឦសាន និងខេត្តជាប់ព្រំដែនប្រទេសវៀតណាម រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ ដោយឡែក សម្រាប់តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងនៅលើផ្ទៃសមុទ្រអាចនឹងមានភ្លៀងធ្លាក់ច្រើន រួមជាមួយខ្យល់បក់បោកខ្លាំងនិងរលកសមុទ្រខ្ពស់ៗ។
ក្រសួងអំពាវនាវថា៖ «សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹកជាប់តំបន់ភ្នំ និងជួរភ្នំ និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ»៕