មន្ត្រី​​ថា​ ជំនន់​​ទឹក​ភ្លៀង​​បាន​​ស្រក​​ចុះ​​តិច​តួច​ ប៉ុន្តែ​​កម្រិត​​ទឹក​​អាច​​កើន​ឡើង​​វិញ​​ព្រោះ​​កម្ពុជា​​រង​​ប្រព័ន្ធ​​សម្ពាធ​​ទាប​

ស្ថានភាពកម្ពស់ជំនន់ទឹកភ្លៀង នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឱ្យ​ដឹង​ថា ស្ថានភាព​ជំនន់​ទឹកភ្លៀងរហូតមកដល់​រសៀល​ថ្ងៃនេះ ហាក់​មានការ​ស្រក​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​កម្ពស់​ទឹក​អាច​នឹង​ហក់​ឡើងវិញ ខណៈ​កម្ពុជា​នឹង​រង​ប្រព័ន្ធ​សម្ពាធ​ទាបនិង​ឥទ្ធិពល​នៃ​ព្យុះ​ទី១៧។ 

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក ឃុន សុខា មានប្រសាសន៍​ថា រហូត​មក​ថ្ងៃទី១៥ ខែតុលា​នេះ គឺ​ស្ថានភាព​ទឹកជំនន់​មានការ​ស្រក​តិចតួច​ប៉ុណ្ណោះ ដូចជា នៅ​ខេត្ត​ពោធិ៍​សាត់ បាត់ដំបង និង​នៅ​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​លោក​ថា កម្រិត​ទឹក​អាច​នឹង​ហក់ឡើងវិញ ដោយសារ​កម្ពុជា​នឹង​រង​ប្រព័ន្ធ​សម្ពាធ​ទាបនិង​ឥទ្ធិពល​នៃ​ព្យុះ​ទី១៧ ឈ្មោះ សូ​ឌែល (Saudel​) ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី១៩ ខែតុលា​នេះ។

បើ​តាម​អ្នកនាំពាក្យ​រូប​នេះ រដ្ឋាភិបាល​បាន​បញ្ជូន​កម្លាំងទ័ព​ជាង១ពាន់​នាក់និង​អាជ្ញាធរ​ចម្រុះ​រាប់​រយ​នាក់​ទៀត​ ដើម្បី​ជួយនិង​ត្រៀម​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទឹកជំនន់​នៅ​ទូទាំង​ប្រទេស។

លោក​បន្ថែម​ថា៖ «យើង​ត្រូវ​ត្រៀម​ដើម្បី​ជម្លៀស​ខ្លួន​ចេញពី​កន្លែង​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ទំនាប អាច​លិចលង់​ខ្លាំង ដូច្នេះ​ត្រូវ​តាមដាន ហើយ​ប្រុងប្រៀប​ខ្លួន​ជាស្រេច​នូវ​មធ្យោបាយ​ដែល​ជម្លៀស​ខ្លួន​ទៅ​ឱ្យ​បាន​ទាន់ពេល ដូចជា មាន​ពាក់​សម្ភារនិង​ស្បៀងអាហារ​ដែល​ខ្លួន​អាចយ​កទៅ​បាន​ ដើម្បី​ជួយ​សម្រួល​និង​កាត់បន្ថយ​ការ​លំបាក»។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បានឱ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃទី១ ខែកញ្ញា ដល់​ថ្ងៃទី១៥ ខែតុលា ជំនន់​ទឹកភ្លៀងបាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ជិត២០ម៉ឺន​នាក់និង​ផ្ទះ​ជិត៥ម៉ឺន​ខ្នង រង​ផល​ប៉ះពាល់ ក្នុង​នោះ​ខូចខាត​ផ្ទះ៥០ខ្នង ខណៈ​មនុស្ស​ស្លាប់​បាន​កើន​ដល់១៣នាក់។

របាយការណ៍​ដដែល​នេះ ឱ្យ​ដឹង​ទៀត​ថា ដំណាំស្រូវ​ចំនួន១៣១ ៣២៩ហិ​កតា ត្រូវ​លិចទឹក ក្នុង​នោះ​ខូចខាត​ប្រមាណ៦ ៦៥៧ហិ​កតា និង​ដំណាំរួមផ្សំ៥៥ ៣៦០កិក​តា ក្នុង​នោះ​ខូចខាត​ប្រមាណ៦ ៣១០ហិ​កតា រួម​ទាំង​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត។

អាជ្ញាធរ​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃម្សិលមិញមកដល់​ថ្ងៃនេះ បាន​បិទ​ចរាចរណ៍​មិន​ឱ្យ​ធ្វើដំណើរ​ឆ្លងកាត់​កំណាត់ផ្លូវ​លេខ២១៧ ចាប់ពី​ស្ពាន​ព្រែកជ្រៃ ដល់​រង្វង់​មូល​កួរស្រូវ ផ្លូវជាតិ​លេខ២ ស្ថិត​ក្នុង​ខណ្ឌដង្កោ ជា​បណ្តោះអាសន្ន ដោយសារ​ទឹកជំនន់​ហូរកាត់និង​មានការ​ជន់​លិច​ខ្លាំង។ លំនៅ​ដ្ឋាន​ក្នុង​បុរី​មួយចំនួននៅ​តំបន់​នោះ​បាន​រង​ការ​ជន់​លិច ខណៈ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ចេញទៅ​កាន់​ទីទួល​សុវត្ថិភាព។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ។

សមត្ថកិច្ចដាក់របាំងបិទមិនឱ្យធ្វើចរាចរណ៍ក្រោយជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍​ថា បញ្ហា​គ្រោះ​ទឹកជំនន់​ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​បណ្តាល​ឱ្យ​សង្កាត់​ចំនួន៦ ក្នុង​ខណ្ឌដង្កោ រង​ផល​ប៉ះពាល់​ខ្លាំង។ លោក​បន្ត​ថា អាជ្ញាធរបាន​ដាក់​កម្លាំង​សមត្ថកិច្ច​ជាង៦០០នាក់ និង​ឧបករណ៍​ជួយសង្គ្រោះ​ជា​អូប័រ​ជាង​៦០​គ្រឿង ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ផ្ដល់បទសម្ភាសន៍ទាក់ទងនឹងស្ថានភាពជំនន់ទឹកភ្លៀងនិងការជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លោក​បន្ថែម​ថា៖ «យើង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ទប់ស្កាត់និង​ជួយសង្គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ឱ្យ​រួចផុត​ពី​គ្រោះកាច​នេះ មិន​ឱ្យមក​យ៉ា​យី​ដល់អាយុ​ជីវិត​បងប្អូន​ប្រជាពលរដ្ឋ​យើង​ឡើយ»។

ពាក់ព័ន្ធ​ការ​ជន់​លិច​ដោយ​ទឹកជំនន់​នេះ លោក ឃួង ស្រេង នៅ​មិនទាន់​អាច​បញ្ជាក់​ពី​ចំនួន​ប្រជាជន​ដែល​ត្រូវ​បាន​ជួយសង្គ្រោះ និង​ការ​ខូច​ទ្រព្យសម្បត្តិនិង​ផលដំណាំ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញបាន​នៅឡើយ​ទេ។ ប៉ុន្តែ​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់។

ពលរដ្ឋ​ម្នាក់​ដែល​ត្រូវ​បាន​ជួយសង្គ្រោះ អ្នកស្រី មាស សុធី មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង និង​បាន​ជួលផ្ទះ​នៅ​ភូមិ​ព្រែក​ជ្រៃ ខណ្ឌដង្កោ បាន​រៀបរាប់​ទាំង​អួល​ដើមក​ថា អ្នកស្រី​មានការ​តក់ស្លុតនិង​ភិតភ័យ​ខ្លាំង ដោយសារ​ទឹកជន់​ឡើង​លឿន​ពេក ដែល​ធ្វើ​ឱ្យ​អ្នកស្រី​និង​គ្រួសារមិន​អាច​ប្រមូល​យក​សម្ភារ​ប្រើប្រាស់​នានា​ទៅកាន់​ទីទួល​សុវត្ថិភាព​បាន​ទាន់ពេល។

អ្នកស្រី​ថា៖ «ខ្ញុំ​ស្មាន​មិនដល់ ព្រោះ​កាលពី​ល្ងាច វា​ហូរ​រឹម​ៗត្រឹម​ភ្នែក​គោ​រទេ ប៉ុន្តែ​ស្រាប់តែ​កន្លះម៉ោង ​វា​ហូរ​ឡើង​មក​ស្រឺត​ៗ វា​បុក​យក​តែម្តង។ ម៉ូតូ០១៩មួយ​គ្រឿង​កប់​ចោល​នៅ ​[ក្នុង​ផ្ទះ​ជួល​] ហ្នឹង ឥលូវ​ដល់​ថ្ងៃ​បង់​រំលោះ​គេ​ទៀត»។

ពាក់ព័ន្ធ​បញ្ហា​គ្រោះ​ទឹកជំនន់​នេះ​ដែរ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល បាន​ជូនដំណឹង​ពី​ការ​បិទ​ចរាចរណ៍​រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ នៅ​លើ​កំណាត់ផ្លូវ​ជាតិ​តូច​ធំ​ចំនួន៩ខ្សែ ក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ​ជា​បណ្ដោះអាសន្ន។

រដ្ឋបាល​ខេត្តតាកែវ កាលពី​ថ្ងៃម្សិលមិញ ក៏បាន​ជូនដំណឹង​ពី​ការ​បិទ​ចរាចរ​ណ៍​លើ​កំណាត់ផ្លូវ​ជាតិ​លេខ២ និង​លេខ៣ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ ជា​បណ្តោះ​អា​សន្ន ដោយសារ​មានការ​ជន់​លិច​ដោយ​ទឹកជំនន់។

សេចក្តី​ជូនដំណឹង​បាន​បញ្ជាក់​ថា ការផ្អាក​ការ​ធ្វើដំណើរ​បណ្តោះអាសន្ន​ចំពោះ​ផ្លូវជាតិ​លេខ២ ពី​គីឡូម៉ែត្រ​លេខ៣១ ដល់​គីឡូ​ម៉ែ​តលេខ៧៤ ត្រង់​រង្វង់​មូល​អូ​រចំបក់ ដល់​កំពង់​ដង្កោ ព្រំប្រទល់​ខេត្តកណ្តាល ខណៈ​ផ្លូវជាតិ​លេខ៣ ចាប់ពី​អង្គតាសោម ដល់​គីឡូម៉ែត្រ៣៦ ព្រំប្រទល់​ខេត្តកណ្តាល។

ក្រសួងធនធានទឹក និងឧតុនិយម ឱ្យ​ដឹង​ដែរ​ថា រាជធានី​-ខេត្ត​ស្ទើរ​ទូទាំង​ប្រទេស នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី១៩ ខែតុលា​នេះ ដោយសារ​កម្ពុជា​រង​ប្រព័ន្ធ​សម្ពាធ​ទាប​និង​ឥទ្ធិពល​នៃ​ព្យុះ​ទី១៧ ឈ្មោះ សូ​ឌែល (Saudel​)។

ក្រសួងបញ្ជាក់​ថា ឥទ្ធិពល​ព្យុះ​ទី១៧ និង​ប្រព័ន្ធ​សម្ពាធ​ទាប បាន​និង​កំពុង​បន្ត​អូស​បន្លាយ​លើ​ប្រទេស​កម្ពុជា ដែល​ស្ថានភាព​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​ជា​បន្ត នៅ​តំបន់​វាលទំនាប ក្នុង​នោះ​មាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ និង​កណ្តាល។

ចំពោះ​បណ្តា​ខេត្ត​នៅ​តំបន់​ជួរភ្នំ​ដងរែក ខ្ពង់រាប​ឦសាន ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ក្រសួង​ថា នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើននិង​រលក​សមុទ្រ​ខ្ពស់​ៗ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យ​ដឹង​ក្នុង​ទំព័រ​ហ្វេ​សប៊ុករបស់​លោក​ថា ថវិ​កាដែលលោ​កទទួល​បាន​ពី​សប្បុរសជន​នានាដែល​បាន​ចូលរួម​ជួយ​ប្រជាជន​ក្នុង​គ្រោះ​ទឹកជំនន់ គិត​មកដល់​ម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃ​ព្រហស្បតិ៍​នេះ សរុប​ចំនួន ៥ ៨៤៨ ០០០ ដុល្លារ (ជាង៥លាន៥សែន​ដុល្លារ​) និង ២០៤ លាន​រៀល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ