សាលាដំបូងខេត្តស្វាយរៀង កាលពីរសៀលថ្ងៃម្សិលមិញ បានកោះហៅតំណាងប្រជាពលរដ្ឋចំនួន៤នាក់ ទៅសាកសួរ ពាក់ព័ន្ធនឹងបទ ធ្វើឱ្យខូចខាតដោយចេតនានិងរំលោភកាន់កាប់ដីឯកជនរបស់រដ្ឋនូវដីកាលពីឆ្នាំ២០១៧។
ពលរដ្ឋទាំង៤នាក់ដែលជាតំណាងពលរដ្ឋមានបញ្ហាដីធ្លីជាច្រើនគ្រួសារនៅស្រុករមាសហែកនោះ រួមមាន លោក ឈុង វេង, លោក សំ សាវឿន, កញ្ញា ម៉ម ស៊ីណា និងកញ្ញា ខៀវ សារិន។
កញ្ញា ខៀវ សារិន ជាតំណាងពលរដ្ឋម្នាក់ក្នុងចំណោម៤នាក់ដែលតុលាការកោះហៅទៅសាកសួរនោះ បានឱ្យដឹងកាលពីរសៀលថ្ងៃម្សិលមិញថា ពួកគាត់ពុំបានប្រព្រឹត្ត និងច្រាលចោលចំពោះការចោទប្រកាន់របស់តុលាការខេត្ត ដែលបានចោទពួកគាត់ពីបទ ធ្វើឱ្យខូចខាតដោយចេតនានិងរំលោភកាន់កាប់ដីឯកជនរបស់រដ្ឋនូវដីកាលពីឆ្នាំ២០១៧។
កញ្ញា បន្តថា កាលដែលពួកគាត់តវ៉ារឿងដីធ្លីរហូតដល់មានការចោទប្រកាន់នៅតុលាការនេះ គឺដោយសារតែដីនោះប្រជាពលរដ្ឋបានកាន់កាប់តាំងពីដូនតាមក ប៉ុន្តែនៅឆ្នាំ២០១០ បែរជារដ្ឋាភិបាលវិនិយោគដីនោះទៅឱ្យក្រុមហ៊ុនឯកជនវិញ។
កញ្ញា ខៀវ សារិន បានបន្ថែមថា៖ «តុលាការគាត់អត់ទាន់សម្រេចទេ គាត់អត់ទាន់សម្រេចលទ្ធផលទេ ប៉ុន្តែគាត់ឱ្យស្តាប់សវនាការ សាលក្រមនឹងប្រកាសនៅថ្ងៃទី២៧ ខែតុលានេះ»។
ប្រធានលេខាធិការដ្ឋានរដ្ឋបាលខេត្តស្វាយរៀង និងជាអ្នកនាំពាក្យ លោក ទេព ផល្លា មានប្រសាសន៍ថា ការកោះហៅពលរដ្ឋទាំង៤នាក់នៅរសៀលថ្ងៃម្សិលមិញនេះ គ្រាន់តែស្ថិតក្នុងដំណាក់កាលសាកសួរនៅឡើយ។ លោកថា តុលាការនឹងបន្តនីតិវិធីលើសំណុំរឿងនេះទៀតនៅថ្ងៃទី២៧ ខែតុលា ដោយផ្អែកលើនីតិវិធីច្បាប់ដែលបានចែង។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជនសម្រាប់ដាំដំណាំអំពៅ និងបានបង្កផលប៉ះពាល់ដល់ដីប្រជាពលរដ្ឋ ទើបធ្វើឱ្យពលរដ្ឋផ្ទុះការតវ៉ា តែបែរជាពលរដ្ឋទាំងនោះត្រូវបានតុលាការកោះហៅទៅវិញ។
លោកថា៖ «យើងឃើញថា ការចោទប្រកាន់នេះ គឺជារូបភាពបែបគំរាមកំហែងមួយតាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការ»។
ស្របពេលដែលតុលាការកោះហៅតំណាងពលរដ្ឋទៅសាកសួរនោះ ក៏មានប្រជាពលរដ្ឋ ប្រមាណ១៥០នាក់ បាននាំគ្នាទៅប្រមូលផ្តុំមុខសាលាដំបូងខេត្តស្វាយរៀងដែរ ដើម្បីគាំទ្រតំណាងរបស់ពួកគេ។ ប្រជាពលរដ្ឋទាំងនោះ មកពីសហគមន៍ចំនួន៤ រួមមាន សហគមន៍សាមគ្គីចេកមាស សហគមន៍សាមគ្គីមានជ័យ សហគមន៍ដីធ្លីអណ្ដូងត្របែក និងសហគមន៍សាមគ្គីរមាសហែក៕