ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ថ្លែងថា សហរដ្ឋអាមេរិកនៅតែបន្តជំរុញលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជាទទួលយកមតិរិះគន់ពីគ្រប់ភាគី ដើម្បីឱ្យកម្ពុជារឹងមាំជាងមុន។
ការថ្លែងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W.Patrick Murphy បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅចំថ្ងៃខួបលើកទី៧០ នៃកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ជាមួយកម្ពុជា នាថ្ងៃព្រហស្បតិ៍នេះ។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន លោក W.Patrick Murphy បានបង្ហាញការគាំទ្រដល់សង្គមស៊ីវិលនិងបណ្តាញសារព័ត៌មាននានា ដែលបានឆ្លុះបញ្ចាំងពីតថភាពសង្គមបច្ចុប្បន្ន ខណៈលោកយល់ថា ស្ថាប័នទាំងនេះមានសារៈសំខាន់នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្រៅពីគាំទ្រដល់សង្គមស៊ីវិលនិងបណ្តាញសារព័ត៌មាន លោកថា អាមេរិកក៏គាំទ្រដល់សេរីភាពនៃការជួបជុំនិងសេរីភាពនៃការបញ្ចេញមតិផងដែរ។
លោក W.Patrick Murphy បានថ្លែងបន្តថា៖ «រាល់ការសន្ទនារបស់ខ្ញុំជាមួយអាជ្ញាធរកម្ពុជា គឺលើកទឹកចិត្តឱ្យមានលំហទូលំទូលាយជាងនេះ សម្រាប់តួអង្គនយោបាយ សម្រាប់សមាជិកសង្គមស៊ីវិល និងសកម្មជន បើទោះបីជាសំឡេងរបស់ពួកគេពេលខ្លះមានការរិះគន់លើរដ្ឋាភិបាលក៏ដោយ»។
លោកឯកអគ្គរដ្ឋទូត បន្តថា លោកនៅតែបន្តលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជាទទួលយកមតិរិះគន់ពីគ្រប់ភាគី ដើម្បីឱ្យកម្ពុជាមានភាពរឹងមាំជាងមុន។
លោក W.Patrick Murphy គូសបញ្ជាក់ថា៖ «ខ្ញុំត្រូវបានគេរិះគន់ក្នុងឋានៈជាឯកអគ្គរដ្ឋទូត ខ្ញុំទទួលយកការរិះគន់ ខ្ញុំគិតថា ការរិះគន់នឹងធ្វើឱ្យខ្ញុំកាន់តែខ្លាំងឡើង និងបង្ហាញពីចំណុចដែលយើងអាចធ្វើឱ្យល្អជាងនេះ។ ខ្ញុំលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជាទទួលយកការរិះគន់ ដើម្បីធ្វើឱ្យខ្លួនកាន់តែខ្លាំងជាងមុន»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែបើកចំហក្នុងការទទួលយកការរិះគន់និងការផ្ដល់យោបល់ ប៉ុន្តែកម្ពុជាមិនទទួលយកការវាយប្រហារបែបប្រមាថនិងញុះញង់ឡើយ។
លោកថា៖ «យើងយកសន្តិភាពជាអាទិភាពនៅក្នុងការរក្សាសណ្ដាប់ធ្នាប់ហើយនិងការទទួលខុស ទាំងមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ដូច្នេះ ការប្រើប្រាស់ពាក្យរិះគន់ កម្ពុជាទទួលយកអាស្រ័យយើងបានរៀបចំគ្រប់ក្រសួងគ្រប់កន្លែងទាំងអស់ គឺមានអ្នកនាំពាក្យ ដើម្បីឆ្លើយឆ្លងរិះគន់ ទទួលយកការរិះគន់ ក៏ប៉ុន្តែយើងមិនទទួលយកជាដាច់ខាត គឺការញុះញង់ ការធ្វើឱ្យមានចលាចល ធ្វើឱ្យមានការយល់ខុស ពីព្រោះកម្ពុជាមិនធន់ដូចសហរដ្ឋអាមេរិកទេ ក្នុងការឆ្លើយតបនឹងការវឹកវរនិងការខូច»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព សម្ដែងការគាំទ្រចំពោះការថ្លែងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដោយអ្នកស្រីយល់ថា មតិយោបល់ទាំងអស់នេះជាការឆ្លុះបញ្ចាំងពីអភិបាលកិច្ច។
អ្នកស្រីសង្កេតឃើញថា កន្លងមក នៅពេលដែលមានការរិះគន់ រដ្ឋាភិបាលបែរជាចោទប្រកាន់លើប្រជាពលរដ្ឋទៅវិញ។ អ្នកស្រីចាត់ទុកការចោទនោះថា មិនបានបង្ហាញពីសង្គមមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យនោះទេ។
អ្នកស្រីថា៖ «យើងមិនមែនជាសង្គមមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យទេ ព្រោះយើងមិនទទួលយកនូវមតិយោបល់របស់ប្រជាពលរដ្ឋ។ ទី២ វានឹងខាតប្រយោជន៍សម្រាប់រដ្ឋាភិបាលខ្លួនឯងហើយនិងប្រទេសជាតិហ្នឹង ដោយសារជាធម្មតានៅពេលដែលប្រជាពលរដ្ឋ … គឺជាការឆ្លុះបញ្ចាំងពីអភិបាលកិច្ចរបស់ខ្លួន ជាជាងរដ្ឋធ្វើការស្រាវជ្រាវឬចុះផ្ទាល់ ហើយពេលខ្លះការចុះផ្ទាល់ក៏មិនអាចទៅរួចទៀត។ អ៊ីចឹងនៅពេលសំឡេងពលរដ្ឋរំពងឮដល់រដ្ឋាភិបាលហើយ វាជាប្រយោជន៍របស់រដ្ឋាភិបាលហើយ ដែលលោកដឹងឮ ហើយលោកគួរតែធ្វើការដោះស្រាយ»។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ អង្គការការពារសិទ្ធិមនុស្សចំនួន៤ រកឃើញថា រដ្ឋាភិបាលនិងបុគ្គលមានអំណាចមួយចំនួន បានប្រើប្រាស់យុទ្ធសាស្ត្របណ្ដឹងតាមផ្លូវតុលាការ ដើម្បីបំបាត់សំឡេងក្រុមអ្នករិះគន់និងបំបាក់ទឹកចិត្តក្រុមអ្នកអនុវត្តសិទ្ធិសេរីភាពមូលដ្ឋាននៅកម្ពុជា។
ក្រុមការពារសិទ្ធិមនុស្ស បញ្ជាក់ថា រយៈពេល១ឆ្នាំមានបណ្ដឹងផ្លូវច្បាប់ចំនួន១៣២ករណី ដែលប្ដឹងប្រឆាំងនឹងមនុស្សដល់ទៅ៣៧៩រូប ក្នុងនោះ បណ្ដឹងចំនួន១១៤ករណី ត្រូវបានប្ដឹងដោយរដ្ឋាភិបាលឬតុលាការ ហើយបណ្ដឹង១៨ករណីទៀត ត្រូវបានប្ដឹងដោយភាគីទី៣៕









