អង្គការ​ FAO​ អំពាវនាវ​​ឱ្យ​​មាន​ការ​​ផ្លាស់​​ប្តូរ​​ប្រព័ន្ធ​​ស្បៀង​អាហារ​ ដើម្បី​​ធានា​​របប​​អាហារ​​មាន​​សុខ​ភាព​ ​

កុមារ​កម្ពុជា ៣​រូប ឈរនៅ​ត្រើយ​ម្ខាង​ទន្លេ ​​សម្លឹង​មើល​​ទៅ​តំបន់​កោះ​ពេជ្រ ដែល​កំពុង​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឯកជន​។ (ពេជ្រ ចំរុង)

អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ ​(FAO​) អំពាវនាវ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ស្បៀងអាហារ ដើម្បី​ធានា​របប​អាហារ​ប្រកបដោយ​សុខភាពក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ១៩ ខណៈ​អង្គការ​នេះ​រក​ឃើញថា កុមារ​អាយុ​ក្រោម៥ឆ្នាំ​ប្រមាណ៤២​% មាន​ជំងឺ​ក្រេះ​ក្រិននិង​ស្គមស្គាំង។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ FAO ក្នុង​ទិវា​ស្បៀងអាហារ​ពិភពលោក និង​ខួប​ទី៧៥របស់​ខ្លួន នៅ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ អង្គការ FAO បាន​អំពាវនាវ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​វិស័យ ដើម្បី​ធ្វើ​ឱ្យ​ប្រព័ន្ធ​ស្បៀងអាហារ​កាន់តែ​រឹង​មាំ មាន​ភាព​ធន់ និង​មា​នន​ិរន្តរ​ភាព និង​ធានា​ថា​របប​អាហារ​ប្រកបដោយ​សុខភាព ហើយ​ប្រជាជន​កម្ពុជា​ទាំងអស់​មានលទ្ធភាព​ទទួល​បាន ជាពិសេស​សម្រាប់​ជន​ងាយ​រងគ្រោះ​បំផុត។

អង្គការ​នេះ បាន​លើកឡើង​ថា៖ «យើង​ត្រូវតែ​ផ្លាស់​ប្តូរ​របៀប​នៃ​ការផលិត របៀប​នៃ​ការកែច្នៃ ការ​ធ្វើអាជីវកម្ម និង​របៀប​នៃ​ការ​បរិភោគ​អាហារ ដើម្បី​ធានា​ថា យើង​អាច​បំពេញ​តម្រូវការ​របស់​យើងនា​ពេល​អនាគត ដោយ​មិន​ខ្ជះខ្ជាយ មិន​បំផ្លាញ​ជីវចម្រុះ និង​ធនធាន​ធម្មជាតិ​ផ្សេងទៀត​ដែល​យើង​ពឹងផ្អែក​ក្នុង​ការរស់នៅ»។

អង្គការ FAO បានឱ្យ​ដឹង​ដែរ​ថា នៅ​កម្ពុជា ទោះបី​មានការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ប៉ុន្តែ​កង្វះ​អាហារូបត្ថម្ភនៅជា​ក្តី​បារម្ភ ដោយសារ​មាន​កុមារ​អាយុ​ក្រោម​ប្រាំ​ឆ្នាំ​ប្រមាណ៣២ភាគរយ មាន​ជំងឺ​ក្រេះ​ក្រិន និង១០ភាគរយ​ផ្សេងទៀត​មាន​បញ្ហា​ស្គមស្គាំង ខណៈ​ពួក​គេ​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ កង្វះ​មីក្រូ​សារជាតិ ដែល​អាច​ជាដើម​ហេតុប៉ះពាល់​ដល់​វ័យ​បន្ត​ពូជ។ 

អង្គការ​បាន​បន្ថែម​ថា៖ «នៅ​ប្រទេស​កម្ពុជា ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ១៩ទៅលើ​សេដ្ឋកិច្ច​ដែល​បណ្តាល​ឱ្យ​មនុស្សជា​ច្រើន​បាន​បាត់បង់​ការងារឬប្រាក់ចំណូល ជាហេតុ​ធ្វើ​ឱ្យ​ភាព​ទទួល​បាន​ស្បៀងអាហារ​រឹតតែ​លំបាក​ថែមទៀត ជាពិសេស​សម្រាប់​គ្រួសារ​ដែល​ងាយ​រងគ្រោះ។ ជា​ការ​ឆ្លើយតប រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​វិធានការណ៍​គាំពារ​សង្គម​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ»។

តំណាង​អង្គការ FAO ប្រចាំ​នៅ​កម្ពុជា លោក Alexandre Huynh មានប្រសាសន៍​ថា៖ «ការធានា​ឱ្យ​ទទួល​បាន​នូវ​អាហារ​សុវត្ថិភាពនិង​អាហារូបត្ថម្ភ គឺ​មាន​សារៈសំខាន់​ណាស់ ហើយ​ប្រការ​នេះ គឺ​ចាំបាច់និង​បន្ត​នៅតែ​ចាំបាច់ក្នុង​ការ​ឆ្លើយតបទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ១៩ ជាពិសេស​សម្រាប់​សហគមន៍​ក្រីក្រនិង​ងាយ​រងគ្រោះ ដែល​ជា​ក្រុម​ទទួលរង​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​បំផុត​ដោយសារតែ​វិបត្តិ​មួយ​នេះ»។

នៅ​ថ្ងៃសុក្រ​នេះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ ក៏បាន​រៀបចំ​ប្រារព្ធ​ទិវា​ស្បៀងអាហារ​ពិភពលោក ខួប​លើក​ទី៤០ នៅ​ខេត្តសៀមរាប​ផង​ដែរ ក្រោម​ប្រធានបទ «រួមគ្នា​ផលិត​ស្បៀង​សម្រាប់​មនុស្ស និង​និរន្តរភាព​ផែនដី»។ 

បើ​តាម​របាយការណ៍​ស្តី​ពីស្ថានភាព​សន្តិសុខ​ស្បៀងនិង​អាហារូបត្ថម្ភ​នៅក្នុង​ពិភពលោក ឆ្នាំ២០២០ មនុស្ស​ប្រមាណ​ជាង២ពាន់​លាន​នាក់ គ្មាន​លទ្ធភាព​ទទួល​បាន​អាហារ​គ្រប់គ្រាន់ មាន​សុវត្ថិភាព និង​អាហារូ​បត្ថម្ភ​គ្រប់គ្រាន់ ខណៈ​មនុស្ស​ជិត៧០០លាន​នាក់​ផ្សេងទៀត ចូលគេង​ទាំង​មានការ​ស្រេកឃ្លាន​នៅ​ទូទាំង​ពិភពលោក។

របាយការណ៍​ដដែលបន្ត​ថា ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩នេះ បាន​រុញច្រាន​ឱ្យ​ប្រជាជន​ប្រមាណ១៣០លាន​នាក់​ផ្សេងទៀតនៅ​ទូទាំង​ពិភពលោក ធ្លាក់​ក្នុង​ភាព​អត់ឃ្លាន​នៅ​ចុងឆ្នាំ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ