ក្រសួង​​ថា​ កម្ពុជា​​មាន​​ស្បៀង​​គ្រប់គ្រាន់​និង​​មិន​​ប៉ះពាល់​​ដល់​​ការ​​នាំ​​អង្ករ​​ចេញ​ បើ​​ទោះ​​មាន​​ជំនន់​​ទឹក​ភ្លៀង​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សា​ខុន និង​មន្ត្រី​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ស្ថានភាព​ដំណាំស្រូវ នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​)

​ក្រសួង​កសិកម្ម អះអាង​ថា បើ​ទោះជា​មានការ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង បណ្តាល​ឱ្យ​ប៉ះពាល់​ដំណាំស្រូវ​ជាង១៣ម៉ឺន​ហិ​កតា​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​មិនបាន​ធ្វើ​ឱ្យ​កម្ពុជា​ខ្វះ​ស្បៀងនិង​ប៉ះពាល់​ដល់​ការនាំចេញ​អង្ករ​ទៅក្រៅ​ប្រទេសនៅឡើយទេ។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី១ ខែកញ្ញា មកដល់​ព្រឹក​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឱ្យ​មានផល​ប៉ះពាល់​ដល់​រាជធានី​-ខេត្ត​ចំនួន១៩ ក្នុង​នោះ​ប៉ះពាល់​ដំណាំស្រូវ​ប្រមាណ១៣៧ ១៦០ហិ​កតា ហើយ​ស្រូវ​ដែល​រង​ការខូចខាត​ទាំងស្រុង​ ចំនួន៧ ៥៧០ហិ​កតា ខណៈ​ដំណាំរួមផ្សំ​ជិត៧ម៉ឺន​ហិ​កតា បាន​រង​ការ​ជន់​លិច។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សា​ខុន មានប្រសាសន៍​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃសុក្រ​នេះ បច្ចុប្បន្ន ខេត្ត​ដែល​រង​ផល​ប៉ះពាល់​ដំណាំស្រូវ​ខ្លាំង​ជាងគេ គឺ​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ។ លោក​បន្ត​ថា ជា​រៀង​ឆ្នាំ រដ្ឋាភិបាល​បាន​ត្រៀម​គ្រាប់ពូជ​ស្រូវ​ប្រហែល២ ០០០តោន សម្រាប់​ផ្ដល់ជូន​ដល់​កសិករដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់។

លោក​បន្ត​ថា៖ «យើង​ដឹងហើយ ប៉ះពាល់​ជា​រៀងរាល់​ឆ្នាំ ផល​ប៉ះពាល់​វា​អាច​កើនឡើង​ដល់កម្រិត​មួយ ១០ភាគរយ រាំងស្ងួតនិង​ទឹកជំនន់។ អ៊ីចឹង​យើង​បាន​ត្រៀម​រហូត​មក ប្រចាំ២ ០០០តោន ឥលូវ​នៅសល់១ ៨០០តោន ហើយ​ពូជ​ដែល​ប្រើប្រាស់​បាន១ ៧០០តោន អ៊ីចឹង​អាច​សមស្រប​ជួយ​ដល់​កសិករ​បាន ខ្លាច​តែ​ការខូចខាត​កើនឡើងកម្រិ​តខ្ពស់​មួយដែល​យើង​ត្រូវ​រក​ពូជ​បន្ថែម​ទៀត»។

លោក​រដ្ឋមន្ត្រីបាន​បញ្ជាក់​ថា ទោះបីជា​ឆ្នាំនេះជំនន់​ទឹកភ្លៀងបាន​ជន់​លិច​ដល់​ដំណាំស្រូវ​កសិករ ប៉ុន្តែលោក​ថា នឹង​មិន​ធ្វើ​ឱ្យ​កម្ពុជា​ខ្វះ​ស្បៀងនិង​ប៉ះពាល់​ការ​នាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស​នោះ​ទេ ដោយសារកម្ពុជា​ផលិត​ស្រូវ​សល់​ជាង៥លាន​តោន​ជា​រៀងរាល់​ឆ្នាំ។ 

កសិករ​រស់នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង លោក អាន់ វី និយាយ​ថា ស្រូវ​របស់​គាត់​ជាច្រើន​ហិ​កតាបាន​រង​នូវ​ការ​ជន់​លិច ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​យ៉ាង​ខ្លាំង ខណៈ​គ្រួសារ​គាត់​បាន​ខ្ចី​លុយ​ពី​ធនាគារ​ចំនួន២ម៉ឺន​ដុល្លារដើម្បី​ទិញ​ដី​សម្រាប់​ធ្វើស្រែ​យក​ស្រូវ​លក់។

លោក​ថា៖ «ខ្ញុំ​គិតថា ធ្វើស្រែ៤ទៅ១០ហិ​កតា នឹងអាច​រត់​រួច ដល់​អ៊ីចឹង​ស្លាប់​ហើយ។ ឆ្នាំនេះ រាំង​សឹងតែ​ដាច់៤ទៅ៥ខែ ហើយឥលូវ​ចំ​ទឹកជំនន់​ទៀត ហើយ​ក្នុង១ហិ​កតា៤០បាវ ស្មើនឹង៣​ទៅ​៤​តោន ប៉ុន្តែ​ឥលូវនេះ​ចប់ហើយ»។

ករណីនេះ លោក​ស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ដោយ​ផ្ដល់​ពូជស្រូវ​ដល់​ពួក​គេ​ដែល​រង​ផល​ប៉ះពាល់ដោយសារទឹកជំនន់។ 

ចំណែកកសិករ​ម្នាក់ទៀតនៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដែរ​នោះ លោក យឿម សូរ និយាយ​ថា ស្រូវ​របស់​គាត់​ដែល​ទុំ​ជិត​បាន​ច្រូត​ទំហំ៦០ហិ​កតា ត្រូវ​បាន​ទឹកជន់​លិច​អស់ចាប់តាំងពី​ថ្ងៃទី៨ ខែតុលា ហើយ​ស្រូវ​ប្រហែល​ជិត៥០ហិ​កតា​ទៀតដែល​ទើបនឹង​រៀប​ឱន​ដាក់គ្រាប់ ក៏​កំពុង​ប្រឈម​នឹង​ទឹកជន់​លិច​ផង​ដែរ។

លោក​ថា៖ «ឆ្នាំក្រោយ​ប្រហែល​អស់ពូជ អត់មាន​អី​ធ្វើ​ពូជ​សម្រាប់​ឆ្នាំក្រោយ​ទេ ព្រោះ​ឆ្នាំនេះ តំបន់​ខ្ញុំ​វា​ធ្វើ​អត់​កើត​ទេ ធ្វើ​បានតែ​ម្ដង​ទេ កាលណា​ទឹកស្រក​ វា​អត់មាន​ប្រភព​ទឹក​មក​ទេ»។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោ​ក ថេង សាវឿ​ន មានប្រសាសន៍​ថា ការខូចខាត​ដំណាំស្រូវ​នេះ បាន​ជះឥទ្ធិពល​ដល់​ជីវភាព​របស់​ប្រជាកសិករ ខណៈ​ការរស់នៅ​របស់​ពួក​គាត់​ពឹង​អាស្រ័យ​លើ​ការ​ធ្វើ​កសិកម្ម។ ករណីនេះ លោក​បាន​ស្នើ​ទៅ​រដ្ឋាភិបាលជួយ​ដល់​ប្រជាកសិករ​ក្នុង​ការ​ផ្តល់​គ្រាប់ពូជ និង​អន្តរាគមន៍​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុនិង​ធនាគារដើម្បី​ឱ្យ​ពួក​គេ​ពន្យារ​ពេល​បង់ប្រាក់។

លោក​ថា៖ «រដ្ឋ​ត្រូវ​គិតគូរ​គ្រាប់ពូជ បច្ចេកទេស​ដាំដំណាំ ​ជួយ​ដល់​កសិករ ទី២ ត្រូវ​អន្តរាគមន៍​ទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គា​ត់​ពន្យារ​ការ​បង់​ទាំង​ការប្រាក់ ទាំង​ដើម ព្រោះថា គ្មាន​នរណា​ម្នាក់​ចង់​ប្រឈម​ទៅ​នឹង​គ្រោះ​មហ​ន្ត​រាយ​ទេ ដូច្នេះ​ធ្វើ​យ៉ាងម៉េចដើម្បី​ជំ​រុញ​ឱ្យ​ស្ថាប័ន​ទាំងអស់យោគយល់​ហើយ​ពន្យា​រការ​បង់»។

ក្នុង​ពេល​ចុះ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀងនៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ជំនន់​ទឹកភ្លៀងបាន​បង្ក​ឱ្យ​មានផល​ប៉ះពាល់​ជាច្រើន​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ប៉ះពាល់​ដល់​ដំណាំស្រូវនិង​ដំណាំ​កសិកម្ម​ផ្សេង​ៗ។ លោក​ថា ករណីនេះ រាជរដ្ឋាភិបាល​នឹង​ពិនិត្យ​លើ​ការ​ស្តារ​ឡើងវិញ​នូវ​វិស័យ​កសិកម្ម ដើម្បី​ស្តារ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ