ក្រសួង​ការងារ​​ណែនាំ​​ម្ចាស់​​រោងចក្រ​​និង​​កម្មករ​ ប្រុង​ប្រយ័ត្ន​​ចំពោះ​​គ្រោះ​ជំនន់​​ទឹក​ភ្លៀង​

កម្មការិនី​រោងចក្រ​កាត់ដេរ​មួយ​កន្លែង ធ្វើដំណើរ​ទៅ​បំពេញការងារ​ដោយ​ឆ្លង​កាត​តាម​ដងផ្លូវ​មួយ​កន្លែង​ដែល​កំពុងតែ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី១៣ ខែតុលា ឆ្នាំ២០២០។ (ហេង វិចិត្រ​)

​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ណែនាំ​ដល់​ម្ចាស់​រោងចក្រ​សហគ្រាសនិង​កម្មករឱ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​ជំនន់​ទឹកភ្លៀង ខណៈ​រាជធានី​ភ្នំពេញនិង​បណ្តា​ខេត្ត​មួយចំនួន​កំពុង​រង​ការ​ជន់​លិច។

ក្រសួងការងារបាន​ចេញ​សេចក្តី​ណែនាំ​មួយ​កាលពី​ថ្ងៃម្សិលមិញ ឱ្យ​ម្ចាស់​រោងចក្រ​សហគ្រាស តាមដាន​ជាប្រចាំ​នូវ​ការ​ព្យាករ​អាកាសធាតុ​ សហការ និង​គោរព​តាម​ការណែនាំ​របស់​អាជ្ញាធរ និង​ត្រូវ​ផ្អាក​សង្វាក់​ផលិតកម្ម​ជា​បណ្តោះអាសន្ន ក្នុងករណី​មាន​ទឹកជន់​លិច​ខ្លាំង​មិន​អាច​រក្សា​សុវត្ថិភាព​បាន។

ក្រសួងក៏បាន​ស្នើ​ឱ្យ​មានការ​ពិនិត្យ​ប្រព័ន្ធ​អគ្គិសនីឬបិទ​ចរន្ត​ជា​បណ្តោះ​អាស​ន្ន​ភា្លម​ផង​ដែរ ក្នុងករណី​ទឹកហូរ​ចូល​អគារ​ផលិតកម្មនិង​បរិវេណ​រោងចក្រ។ ចំពោះ​កន្លែង​ដែល​មាន​ស្តុក​ទុក​សារធាតុគីមី គឺ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់និង​ត្រូវ​បិទ​ធុង​រក្សា​សារធាតុគីមី​ឱ្យ​បាន​ជិត​ល្អ ដើម្បី​ចៀសវាង​ការ​លេច​ធ្លាយដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​កម្មករនិង​ប្រជាពលរដ្ឋ។

ចំណែក​កម្មករ​វិញ ក្រសួង​បាន​ណែនាំ​ឱ្យ​សហការ​ជាមួយ​ម្ចាស់​រោងចក្រ ក្នុង​ការទប់ស្កាត់​ការ​ហូរ​ចូល​នៃ​ជំនន់​ទឹកភ្លៀង​ទៅ​ក្នុង​អគារ​ផលិតកម្មនិង​បរិវេណ​រោងចក្រ និង​គោរព​តាម​ការចាត់ចែង​របស់​អ្នកគ្រប់គ្រង​រោងចក្រ​ពាក់ព័ន្ធ​វិធានការ​សុវត្ថិភាព ហើយ​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​ប្រភពឬខ្សែ​ដែល​ចម្លង​ចរន្ត​អគ្គិសនី។

វី​អូ​ឌី បាន​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងការងារ លោក ហេង សួរ និង​ខាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC​) ដែរ ពាក់ព័ន្ធ​ករណីនេះ ប៉ុន្តែ​ពុំ​មានការ​ឆ្លើយតប។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មានប្រសាសន៍​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន គឺ​មាន​រោងចក្រ​ច្រើន​នៅ​រាជធានី​ភ្នំពេញដែល​ត្រូវ​ទឹកជន់​លិច។

លោក​បន្ត​ថា៖ «អ្វី​ដែល​យើង​បារម្ភ យើង​បារម្ភ​ខ្លាច​កម្មករ​ឆក់ ​[ចរន្ត​អគ្គិសនី​] ព្រោះ​ពេល​កន្លងមក ពេល​ភ្លៀង​ ពេល​ទឹកជន់​អីចឹង​ កម្មករ​មាន​ឆក់។ អីចឹង​អ្វី​ដែល​យើង​ស្នើ គឺ​ម្ចាស់​ក្រុមហ៊ុន​ហ្នឹង បើ​រោងចក្រ​របស់​ខ្លួន​លិចឬសើម​ដែល​អាច​ឆក់ ​មិន​គួរ​ឱ្យ​កម្មករ​ធ្វើការ​ទេ។ កម្មករ​ផ្នែក​ខ្លះ ដែលគេ​ឱ្យធ្វើ​ការ​លំ​បា​កៗ គឺ​គ្រោះថ្នាក់​ណាស់។ ហើយ​ករណី​រោងចក្រ​ខ្លះ​ឱ្យ​ពួក​គាត់​ជួយ​បាចទឹក​ចេញ​អីហ្នឹង គឺ​មិន​ត្រូវ​ហ្មង»។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ចេញផ្សាយ​នៅ​ថ្ងៃសុក្រ​នេះ បានឱ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃទី១ ខែកញ្ញា ដល់​ព្រឹក​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ជំនន់​ទឹកភ្លៀង​បាន​ប៉ះពាល់​ដល់​រាជធានី​-ខេត្ត​ចំនួន១៩។

បើ​តាមអភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍​កាលពី​ម្សិលមិញ​ថា បញ្ហា​គ្រោះ​ទឹកជំនន់​ប៉ុន្មាន​ថ្ងៃ​មកនេះ បណ្តាល​ឱ្យ​សង្កាត់​ចំនួន៦ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ បាន​រង​ផល​ប៉ះពាល់​ខ្លាំង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ