ពលរដ្ឋ​​នៅ​​សង្កាត់​​មួយ​​ក្នុង​​ខេត្ត​សៀមរាប​ មិន​សូវ​​បាន​ដឹង​​ពី​​ការ​អនុវត្ត​​ថវិកា​​ឃុំ​/សង្កាត់​​

អ្នកភូមិ​ម្នាក់​ជិះកង់​នៅមុខ​សាលាឃុំ​គោកចក ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (សុខ ណា​ក់​)

សៀមរាប​៖ ថវិកា​ឃុំ​/សង្កាត់ ជា​កញ្ចប់​មូលនិធិ​មួយ​ដែល​គ្រប់​ឃុំ​/សង្កាត់ ទទួល​បាន​ជា​រៀងរាល់​ឆ្នាំ​ពី​រដ្ឋាភិបាល ដើម្បី​ចំណាយ​លើ​ការងារ​រដ្ឋបាល ជាពិសេស​ការងារ​អភិវឌ្ឍ​ន៍​ភូមិ​ ឃុំ​/សង្កាត់ ដូចជា ការ​កសាង​ផ្លូវ ធ្វើ​ស្ពាន និង​ជួសជុល​ហេ​ដ្ឋា​រចនា​សម្ព័​ន្ធនា​នា គោលបំណង​ជួយ​សម្រួល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

តែ​យ៉ាងណា ប្រជាពលរដ្ឋ​មួយចំនួន​នៅ​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ហាក់​មិនសូវ​ទទួល​បាន​ព័ត៌មាន​ពី​ការគ្រប់គ្រង​ថវិកា​ឃុំ​/សង្កាត់​នេះ​ទេ។

អ្នកស្រី មឿន ព្រើច ជា​កសិករ​រស់នៅ​ភូមិ​គោក​ត្នោត សង្កាត់​គោកចក មានប្រសាសន៍​ថា អ្នកស្រី​មិនបាន​ទទួល​ព័ត៌មាន​លម្អិត​គ្រប់គ្រាន់ទាក់ទង​នឹង​ថវិកា​ឃុំ​/សង្កាត់ នៅក្នុង​សង្កាត់​ដែល​គាត់​រស់នៅ​នោះ​ទេ។

ក្នុង​កាយវិការ​បុក​គ្រឿង​បណ្តើរ ផ្សំគ្រឿង​ម្ហូប​បណ្តើរ ស្ត្រី​រូប​នេះបាន​បន្ត​ថា ពេល​ដែល​មាន​កិច្ចប្រជុំ​ស្តី​ពី​ផែនការ​អភិវឌ្ឍ​ន៍ភូមិ​ដែល​រៀបចំឡើង​ក្នុង​ភូមិ​ម្តង​ៗ គាត់​តែងតែ​ចូលរួម ប៉ុន្តែ​ការ​ទទួល​បាន​ព័ត៌មាននិង​ការយល់​ដឹង​នៅ​មាន​ចំនួន​តិចតួច​ណាស់។ អ្នកស្រី​បង្ហាញ​ក្តី​រីករាយ នៅពេល​ឃើញ​ក្រុម​យុវជនចុះ​ផ្សព្វផ្សាយ​បង្កើន​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ។

អ្នកស្រី​និយាយ​ថា៖ «បើ​ចិត្ត​ខ្ញុំ​វិញ ​ខ្ញុំ​ជួយ​ត្រេកអរ​ថា ​បាន​មក​ជួយ​ផ្សព្វផ្សាយ​មក​ឱ្យ​ខ្ញុំ​ដឹង​ឮ​ផង ព្រោះអី​ខ្ញុំ​ធ្លាប់​ចូលរួម​ដែរ តែ​វា​ចេះតែ​ភ្លេច បើ​បាន​មក​ប្រាប់​អញ្ចឹង ខ្ញុំ​សប្បាយចិត្ត»។

ស្ត្រី​វ័យ៤៥ឆ្នាំ​រូប​នេះ ចង់​ឃើញ​ភូមិ​ឃុំ​របស់​គាត់មានការ​អភិវឌ្ឍ​ផ្លូវថ្នល់និង​ស្ពាន​បាន​ល្អ​ជាង​មុន ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ខណៈ​ផ្លូវ​មួយចំនួន​មាន​សភាព​ហុយនិង​ជង្ហុក​ច្រើន ហើយ​ស្ពានឈើ​មួយ​ក៏​រង​ការខូចខាត។

យោង​តាម​របាយការណ៍​របស់​សាលាសង្កាត់​គោកចក ឱ្យ​ដឹង​ថា នៅ​ឆ្នាំ២០១៩ សង្កាត់​នេះ​ទទួល​បាន​ថវិកា​ឃុំ​/សង្កាត់​ពី​រាជរដ្ឋាភិបាល​ចំនួន៥០៥,៥លាន​រៀល ក្នុង​នោះ​ថវិកា​ភាគច្រើន គឺ​ប្រមា​ណជាង៤៧ភាគរយ បាន​ចំណាយ​លើ​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ។ 

របាយការណ៍​ដដែល បន្ត​ថា សង្កាត់​នេះក៏បាន​បញ្ចប់​ជាស្ថាពរ​នូវ​គម្រោង​សាងសង់​ផ្លូវ​បេតុង១ខ្សែ ប្រវែង៤៨០ម៉ែត្រនិង​ទទឹង៥ម៉ែត្រ នៅក្នុង​ភូមិ​គោក​បេង កាលពី​ឆ្នាំ២០១៩។

កាលពី​ចុងខែ​កញ្ញា ឆ្នាំ២០២០ យុវជន​អង្គការ​តម្លាភាព​កម្ពុជា សហការ​ជាមួយ​យុវជន​សង្កាត់​គោកចក បាន​ចុះទៅ​ផ្សព្វផ្សាយ​អំពី​តម្លាភាព​ថវិកា​ឃុំ​/សង្កាត់នៅក្នុង​សង្កាត់​គោកចក​នេះ ដើម្បី​ឱ្យប្រ​ជា​ពលរដ្ឋ​បានដឹង​អំពី​ដំណើរការ​អនុវត្ត​ថវិកា ថា​តើ​ការ​ចំណាយ​របស់​ឃុំ​/សង្កាត់ ចំ​គោលដៅហើយ​អាច​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែរ​ឬយ៉ាងណា។

យុវជន​ទាំងនោះបាន​ចុះទៅ​ផ្សព្វផ្សាយ​នៅ​ភូមិ​ចំនួន៣ រួមមាន ភូមិ​គោក​ត្នោត ភូមិ​គោក​បេង និង​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្នុង​នោះ​ក្រុម​យុវជនបាន​ចុះ​ជួប​ប្រជាពលរដ្ឋ​ចំនួន១៤១គ្រួសារ។

ការ​ចុះ​ផ្សព្វផ្សាយដែល​ភ្ជាប់​ជាមួយនឹង​ការ​សម្ភាសប្រជាពលរដ្ឋ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​តាមដាន​ថវិកា​ឃុំ​/សង្កាត់ ដើម្បី​ឱ្យ​ដំណើរការ​ថវិកា​ប្រព្រឹត្តទៅ​ដោយមាន​តម្លាភាព​នៅចំពោះមុខ​ប្រជាពលរដ្ឋ។

នៅក្នុង​កិច្ច​សម្ភាស​​ជាមួយ​ប្រជាពលរដ្ឋ១៤១គ្រួសារ​នោះ មាន​ប្រជាពលរដ្ឋ​មួយចំនួនបាន​អះអាង​ថា ពួក​គាត់​មិន​សូវ​ដឹងអំពី​ការ​ចំណាយ​របស់​សង្កាត់​នោះ​ទេ ដោយ​អ្នកខ្លះ​ថា មិន​ចេះអក្សរហើយ​មិនសូវ​បាន​ចូលរួម​ប្រជុំ​មូលដ្ឋាន​ផង​ដែរ។

កញ្ញា រិទ្ធ ការី អាយុ២៧ឆ្នាំ ជា​យុវជន​សង្កាត់​គោកចក បាន​និយាយ​ថា ការ​បណ្តុះបណ្តាល​យុវជន​សង្កាត់និង​ប្រជាពលរដ្ឋឱ្យ​យល់ដឹង​អំពី​ដំណើរការ​អនុវត្ត​ថវិកា​ថ្នាក់ក្រោម​ជាតិ និង​ការ​លើកទឹកចិត្ត​ប្រជាពលរដ្ឋឱ្យ​ចូលរួម​តាមដាន​ដើម្បី​រក្សា​តម្លាភាព​ថវិកា​នៅក្នុង​ឃុំ​/សង្កាត់​របស់​ពួក​គេ គឺជា​រឿង​សំខាន់។

កញ្ញាបន្ត​ថា កាលពីមុន កញ្ញា​មិនបាន​ដឹង​ថា ​អ្វីទៅ​ជា​កញ្ចប់​ថវិកា​ឃុំ​/សង្កាត់ ហើយ​គួរ​តាមដាន​ការ​ចំណាយ​ថវិកា​នេះ​ដោយ​របៀបណា និង​មិនដឹង​ថា ​គួរ​ដាក់​ពាក្យ​បណ្តឹង​ទៅណា​បើសិនជា​ការអនុវត្ត​ថវិកា​នោះ​មាន​ភាព​មិន​ប្រក្រតី​។ 

កញ្ញា រិទ្ធ ការី និយាយ​ថា៖ «ឥលូវ​ខ្ញុំ​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​តាមដាន​តម្លាភាព​នៃ​ថវិកា​ [ឃុំ​/សង្កាត់​] ហើយ​ខ្ញុំ​ក៏​ចង់ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​យល់ដឹង​ពី​វា​ដែរ»។

ចៅសង្កាត់​រង​ទី១ នៃ​សង្កាត់​គោកចក លោក នឹម សុន បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ផ្តួចផ្តើម​របស់​ក្រុម​យុវជនដែល​បាន​ចុះ​ផ្សព្វផ្សាយ​នៅ​មូលដ្ឋាន​សង្កាត់​នេះ។ លោក​បាន​លើកទឹកចិត្ត​ដល់​យុវជន​ទាំងនោះបន្ត​ចុះ​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ឱ្យ​ពួក​គាត់​បាន​យល់ដឹង​អំពី​តម្លាភាព​ថវិកា​ឃុំ​/សង្កាត់ ឬគម្រោង​ដែល​មាន​ប្រយោជន៍ដល់​ប្រជាពលរដ្ឋ។

លោក​បាន​ថ្លែង​ថា៖ «វា​ជា​រឿង​មួយ​ដែល​ល្អ​ក្នុង​ការ​បើក​ចំហ​តម្លាភាព​ថវិកា ចៀសវាង​ការ​មិនបាន​យល់​ដិតដល់ ហើយ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ​មក​លើ​ការ​ធ្វើការងារ​របស់​ឃុំ​/សង្កាត់»។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា មានប្រសាសន៍​ថា ថវិកា​ឃុំ​/សង្កាត់ បាន​មក​ពី​ការ​បង់ពន្ធ​របស់​ប្រជាពលរដ្ឋ​ទៅដល់​រដ្ឋាភិបាល ដែល​ករណីនេះ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ដឹង​ឮ​អំពី​ទំហំ​ថវិកានិង​ការ​ចំណាយ​ថវិកា​នេះ​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​ទូទៅ។

លោក​បាន​បន្ត​ថា ប្រជាពលរដ្ឋ​គ្រប់រូបអាច​ទាមទារ​ក្នុង​ការ​ត្រួតពិនិត្យនិង​តាមដាន​ការប្រើ​ប្រាស់​ថវិកា តាំងពី​ថ្នាក់​ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឱ្យ​ការចាយវាយ​ថវិកា​របស់​រដ្ឋាភិបាល កាន់តែ​មាន​តម្លាភាពនិង​គណនេយ្យ​ភាព។

លោក​បាន​គូសបញ្ជាក់​ថា៖ «មួយទៀត យើង​ចង់​ឃើញ​ខាង​រដ្ឋសភា ព្រឹទ្ធ​សភា​របស់​យើង​ហ្នឹង ដើរតួ​នាទី​ក្នុង​ការ​វែកញែក​ស៊ីជម្រៅ​ពី​តម្លាភាព​ថវិកានិង​ធានា​មិន​មានការ​បង់​ទៅលើ​អំពើពុករលួយ ហើយ​ផ្តល់​ឱកាស​ឱ្យ​សាធារណជន​ទូទៅ​បាន​ទទួល​ជ្រាប»។

នាយក​ប្រតិបត្តិ​អង្គការ​មួយ​នេះ បាន​បន្ថែម​ថា ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ជាពិសេស រាជរដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ជា​កត្តា​ដ៏​សំខាន់​ដែល​ជំរុញ​ឱ្យ​មាន​យន្តការ​ត្រួតពិនិត្យនិង​តាមដាន​ថវិកាជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ