យុវជនថៃរាប់ម៉ឺននាក់ជួបជុំគ្នាមុនការគ្រោងទុកកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនតំណាងរបស់ពួកគេជាង២០នាក់ និងចេញច្បាប់ថ្មីដាក់រាជធានីបាងកកក្នុងគ្រាមានអាសន្ន មិនអនុញ្ញាតឱ្យមានការជួបជុំគ្នាលើសពី៥នាក់។
ក្រុមយុវជនគ្រោងជួបជុំគ្នានៅម៉ោង៥ល្ងាច ថ្ងៃសុក្រ ទី១៦ ខែតុលា ដើម្បីបន្តទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង សរសេររដ្ឋធម្មនុញ្ញឡើងវិញ និងធ្វើកំណែទម្រង់អំណាចព្រះមហាក្សត្រ។
ប៉ុន្តែមុនមួយថ្ងៃ គឺនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា សមត្ថកិច្ចបានធ្វើប្រតិបត្តិការទៅគ្រប់គ្រងកន្លែងដែលយុវជនគ្រោងជួបជុំគ្នា ហើយចាប់ខ្លួនតំណាងយុវជនជាង២០នាក់។ រដ្ឋាភិបាលថៃក៏បានចេញច្បាប់ថ្មីដែលអនុវត្តចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៥ ខែតុលា ហាមជួបជុំគ្នាមនុស្សលើសពី៥នាក់។
ក្រោយការចាប់ខ្លួនតំណាងរបស់ពួកគេជាង២០នាក់ហើយ ក្រុមយុវជនបានប្រកាសហៅគ្នាជួបជុំនៅម៉ោង៤ល្ងាចថ្ងៃដដែលនោះ ហើយដូចការគ្រោងទុក នៅថ្ងៃទី១៥ ខែតុលា យុវជនថៃរាប់ម៉ឺននាក់ជួបជុំគ្នានៅតំបន់ Ratchaprasong ក្នុងទីក្រុងបាងកក ជាកន្លែងដែលមានភាពមមាញឹកខ្លាំងខាងមុខជំនួញ។
ការទាមទារលើកនេះ ក្រៅពីការទាមទារ៣ចំណុចជាគោលដៅរបស់ពួកគេកន្លងមកនោះ ក្រុមយុវជនក៏ទាមទារឱ្យដោះលែងតំណាងរបស់ពួកគេឱ្យមានសេរីភាពវិញដែរ។ ចំនួនយុវជនដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញជាង២០នាក់ និងចំនួនអ្នកដែលត្រូវបានចាប់ខ្លួនកន្លងមកផងនោះ ធ្វើឱ្យចំនួនយុវជនដែលត្រូវចាប់ខ្លួននោះកើនឡើងដល់ជាង៤០នាក់។
អ្នកនាំពាក្យនគរបាលជាតិរបស់ថៃ លោក Krissana Pattanacharoen ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍ថា ក្រុមយុវជនដែលជួបជុំគ្នានៅពេលនេះ គឺជាការបំពានច្បាប់ស្តីពីការគ្រប់គ្រងក្នុងស្ថានភាពអាសន្នដែលអនុញ្ញាតឱ្យមានការជុំគ្នាមិនលើសពី៥នាក់។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា អ្នកជួបជុំទាំងនេះ សមត្ថកិច្ចពិចារណាក្នុងការចាត់វិធានការជាជំហានៗ។
រថយន្តបាញ់ទឹកនិងនគរបាលបង្ក្រាបកុបកម្មជាច្រើន ត្រូវបានដាក់ពង្រាយនៅកន្លែងដែលក្រុមយុវជនប្រមូលផ្តុំតវ៉ា។
យុវជនម្នាក់ឈ្មោះ panupong jadnok ថ្លែងតាមឧបករណ៍បំពងសំឡេងទៅកាន់ហ្វូងមនុស្សនៅកន្លែងជួបជុំគ្នាថា «យើងប្រៀបដូចឆ្កែទាល់ច្រកហើយ យើងតតាំងរហូតដល់ស្លាប់ យើងមិនត្រឡប់ក្រោយ យើងមិនរត់ចេញ យើងមិនរត់ទៅកន្លែងផ្សេងទេ»។









