ក្រសួងសុខាភិបាលបានប្រកាសថា ព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន២នាក់បន្ថែមទៀត ដែលធ្វើឲ្យអ្នកជាសះស្បើយទូទាំងប្រទេសមានចំនួនសរុប២៨០នាក់។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានលើកឡើងថា បុរសជនជាបារាំងអាយុ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បានបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ចំណែក ស្ត្រីជនជាតិឥណ្ឌា អាយុ៣៤ឆ្នាំម្នាក់ទៀត ដែលមានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា (ក្រុងដេលី) មកដល់កម្ពុជានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
បើតាមក្រសួងសុខាភិបាល គិតមកដល់ម៉ោង ៧ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៨៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៨០នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣នាក់ ដែលក្នុងនោះមានបុរសជនជាតិឥណ្ឌូណេស៊ី បុរសជនជាតិបារាំង និងបុរសជនជាតិខ្មែរ៕









