ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ហើយនៅក្នុងប្រទេសថៃ ដែលក្រុមយុវជនជាសិស្សនិងនិស្សិតពីរាប់ម៉ឺនទៅរាប់សែននាក់ តវ៉ាដោយបើកចំហទាមទារឱ្យមានការបន្ថយអំណាចព្រះមហាក្សត្រ។
បើនិយាយពីសែរាជវង្សនៅថៃ គឺនៅលើឆាកអន្តរជាតិគេស្គាល់ថា រាជវង្សមានទ្រព្យសម្បត្តិច្រើនទទួលផលបានទាំងប្រភពពន្ធនិងមុខជំនួញ មានអំណាចគឺមានកម្លាំងទ័ព និងមានការដាក់ទោសធ្ងន់ធ្ងរទៅលើអ្នករិះគន់ឬប្រមាថព្រះមហាក្សត្រឬសែរាជវង្ស។
ករណីមួយដែលមានការចាប់អារម្មណ៍ខ្លាំងលើឆាកអន្តរជាតិកាលពីឆ្នាំ២០១៥នោះ បុរសម្នាក់ដែលរិះគន់ឆ្កែព្រះមហាក្សត្រ ក៏ត្រូវចោទប្រកាន់ដោយផ្អែកលើច្បាប់ Lese Majeste Law ត្រូវជាប់ពន្ធនាគារដល់១៥ឆ្នាំ។
ចំពោះគោលបំណងធំ៣របស់ក្រុមយុវជនដែលកំពុងតវ៉ាជាប្រចាំនៅទីក្រុងបាងកកនិងខេត្តផ្សេងៗទៀតនៃប្រទេសថៃ ចាប់តាំងពីពាក់កណ្តាលខែកក្កដាមក គឺការទាមទារឱ្យធ្វើកំណែទម្រង់អំណាចព្រះមហាក្សត្រ សរសេររដ្ឋធម្មនុញ្ញឡើងវិញ និងទាមទារឱ្យនាយករដ្ឋមន្ត្រីបច្ចុប្បន្នចុះចេញពីតំណែង។
ចំពោះការទាមទារឱ្យធ្វើកំណែទម្រង់អំណាចព្រះមហាក្សត្រ ពួកគេបានទាមទារឱ្យព្រះមហាក្សត្រត្រូវនៅដាច់ដោយឡែកឬនៅពីលើផុតពីការងាររបស់អ្នកនយោបាយ ដោយមិនត្រូវជ្រៀតជ្រែកឬកាន់ក្រុមណាមួយនៃការប្រកួតប្រជែងរបស់អ្នកនយោបាយនោះទេ។ ចំណុចដែលក្រុមយុវជនទាមទារលេចធ្លោមួយទៀត គឺទាមទារឱ្យបន្ថយទោសចំពោះអ្នករិះគន់ព្រះមហាក្សត្រ ដោយបច្ចុប្បន្ន អ្នករិះគន់ត្រូវជាប់ពន្ធនាគារដល់១៥ឆ្នាំ។
ការប្តេជ្ញារបស់ក្រុមយុវជន
សកម្មភាពតវ៉ារបស់សិស្សនិងនិស្សិតថៃ ចាប់តាំងពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២០មក គឺពួកគេមិនបន្ធូរដៃទេ ទោះប្រឈមឧបសគ្គផ្សេងៗក៏ដោយ។ ឧបសគ្គដែលពួកគេជួបដូចជា ត្រូវចាប់ខ្លួនដែលអាចកាត់ទោសប្រហារជីវិតឬជាប់ពន្ធនាគារមួយជីវិត ហិង្សានៅកន្លែងតវ៉ាអាចរបួសឬស្លាប់ ប្រឈមការឆ្លងមេរោគកូវីដ១៩ ប្រឈមអាកាសធាតុត្រជាក់ធ្លាក់ភ្លៀងជាប្រចាំជាដើម។
រហូតដល់ថ្ងៃចន្ទ ទី១៩ ខែតុលានេះ យុវជនប្រមាណ១០០នាក់ហើយត្រូវចាប់ខ្លួន ហើយក្នុងនោះប្រមាណ១០នាក់ជាក្រុមយុវជនបង្គោលក្នុងការដឹកនាំការតវ៉ា។ ប៉ុន្តែចលនានៃការតវ៉ារបស់ក្រុមយុវជនមិនបានថមថយនោះទេ។
យុវតីម្នាក់ឈ្មោះ Pla វ័យ២៤ឆ្នាំ ថ្លែងនៅកន្លែងតវ៉ានៅថ្ងៃអាទិត្យម្សិលមិញប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការចាប់តំណាងរបស់ពួកគេ មិនអាចបញ្ឈប់ការប្រមូលផ្តុំតវ៉ាបានទេ។
យុវតី Pla៖ «គេគិតថា ឃាត់ខ្លួនតំណាងដឹកនាំបាតុកម្មទាំងអស់ហើយ អាចបញ្ឈប់យើង វាគឺមិនបានការទេ ពេលនេះយើងទាំងអស់គ្នាគឺជាអ្នកដឹកនាំ»។
នៅក្នុងប្រព័ន្ធអ៊ីនធឺណិត ក្រុមយុវជនលើកឡើងថា ពួកគេត្រៀមខ្លួនរួចហើយ ទាំងផ្លូវកាយនិងផ្លូវចិត្ត។
សារក្រុមយុវជន៖ «យើងបានរៀបចំរួចហើយទាំងផ្លូវកាយនិងផ្លូវចិត្ត សម្រាប់ការប្រមូលផ្តុំនិងតវ៉ានេះ ដែលការបង្ក្រាបប្រាកដជាអាចកើតមានឡើង»។
យុវជនទាំងនោះក៏បានលើកឡើងនៅក្នុងហ្វូងតវ៉ាពីព្រឹត្តិការណ៍យោធាបង្ក្រាបលើសិស្សនិស្សិតកាលពីឆ្នាំ១៩៧៦ និង១៩៩២ ដែលមួយលើកៗ បណ្តាលឱ្យយុវជនរាប់រយនាក់ស្លាប់និងរបួស។
យុវជនវ័យ២៦ឆ្នាំ Thanatpohn Dejkunchorn ថ្លែងថា បើយុវជនថៃនៅតែខ្លាចនោះ នឹងមិនអាចទទួលបានសេរីភាពនោះទេ។
យុវជន Thanatpohn Dejkunchorn៖ «ខ្ញុំមិនខ្លាចទេ ទោះដាក់ប្រទេសក្នុងគ្រាមានអាសន្នឬអត់ក៏ដោយ គឺខ្ញុំខ្លាចមិនមានសេរីភាព។ ខ្ញុំចង់ឱ្យមានសេរីភាពពាសពេញប្រទេសមួយនេះ មិនចង់ឱ្យគ្រោះកាចវាកើតឡើងដដែលជាដដែលនោះទេ»។
កម្លាំងរបស់យុវជននៅពេលនេះ មិនមានការថមថយទេក្នុងរយៈពេល៣ខែចុងក្រោយនេះ ដោយពួកគេបញ្ជាក់ថា បើមិនធ្វើតាមការទាមទារ គឺមិនឈប់ទេ។
ជំហរខាងរាជវង្ស និងលោក ប្រាយុទ្ធ ចាន់អូចា
ចាប់តាំងពីផ្ទុះការតវ៉ាមក ព្រះមហាក្សត្រថៃ Maha Vajiralongkorn និងខាងសែរាជវង្ស មិនបានបង្ហាញប្រតិកម្មណាមួយនោះទេ។ ប៉ុន្តែនៅក្នុងវិធីមួយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ព្រះអង្គលើកឡើងថា ប្រទេសថៃត្រូវការប្រជាពលរដ្ឋដែលស្រឡាញ់ប្រទេសជាតិ ពលរដ្ឋដែលស្រឡាញ់ព្រះមហាក្សត្រ។
ចំពោះលោក ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ជំហរនៅថ្ងៃទី១៦ ខែតុលា ថាលោកមិនចុះចេញពីតំណែងតាមការទាមទាររបស់ក្រុមយុវជននោះទេ ដោយសារលោកមិនបានធ្វើអ្វីខុស។ លោក ប្រាយុទ្ធ បញ្ជាក់ថា លោកនឹងប្រើប្រាស់ច្បាប់លើអ្នកប្រមូលផ្តុំតវ៉ាទាំងបំពាន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់។
លោក ប្រាយុទ្ធ ចាន់អូចា ជាអតីតមេបញ្ជាការកងទ័ព បានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីង ឡាក់ កាលពីខែឧសភា ឆ្នាំ២០១៤ ហើយលោកកាន់តំណែងដោយខ្លួនឯង។ រហូតដល់ការបោះឆ្នោតឆ្នាំ២០១៩ លោក ប្រាយុទ្ធ ចាន់អូចា ជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ប៉ុន្តែក្រុមយុវជនដែលតវ៉ាចោទថា លោក ប្រាយុទ្ធ ជាប់ឆ្នោតដោយវិធីសាស្ត្រមិនត្រឹមត្រូវ។
លោក ប្រាយុទ្ធ គឺជាអ្នកដែលមានភក្តីភាពជាមួយសែរាជវង្ស ហើយការបន្តការកាន់អំណាចនេះ ក៏រងការចោទថា មានការជួយជ្រោមជ្រែងពីព្រះមហាក្សត្រដែរ។
លទ្ធផលអាចកើតឡើង
រហូតដល់ថ្ងៃទី១៩ ខែតុលា មិនទាន់មានសញ្ញាបង្ហាញពីច្រកចេញនៃភាពតានតឹងរវាងថ្នាក់ដឹកនាំនិងក្រុមយុវជននៅឡើយ ខណៈភាគីទាំងសងខាងនៅតែប្រកាន់ជំហររឹងរៀងៗខ្លួន ដោយមិនទាន់មានការជួបចរចាណាមួយនៅឡើយ។
បើសិនថ្នាក់ដឹកនាំព្រមទទួលយកលក្ខខណ្ឌរបស់ក្រុមយុវជន នោះបញ្ហាអាចត្រូវបញ្ឈប់ក្នុងរយៈពេលនេះ។ ប៉ុន្តែសំណើបន្ថយឥទ្ធិពលព្រះមហាក្សត្រនេះ នឹងធ្វើឱ្យអំណាចក្សត្រថៃដែលមិនធ្លាប់ប៉ះពាល់បាននោះ មានការធ្លាក់ចុះ។ សំណើឬការទាមទារនេះ ខាងសែរាជវង្សពិបាកទទួលយកណាស់។
បើលោក ប្រាយុទ្ធ ព្រមលាលែងចេញពីតំណែង ក៏អាចបន្ធូរស្ថានការណ៍បានមួយកម្រិតដែរ តែបើលោក ប្រាយុទ្ធ មានក្សត្រនៅពីក្រោយ នោះនឹងប៉ះពាល់ដល់ក្សត្រដែរ តែមិនផ្ទាល់។ ម្យ៉ាងទៀត បើយុវជនទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញបានជោគជ័យហើយ ពួកគេនឹងមានកម្លាំងចិត្តក្នុងការទាមទារឱ្យបន្ថយអំណាចព្រះមហាក្សត្រដដែល។
ករណីដែលអាចកើតមានឡើងទៀត គឺការបង្ក្រាបដែលអាចបណ្តាលឱ្យក្រុមអ្នកតវ៉ាស្លាប់និងរបួសដូចមុនៗទៀត។ ប៉ុន្តែក្នុងស្ថានភាពនេះ អាចពិបាក ព្រោះអ្នកតវ៉ាភាគច្រើនជាសិស្សនិស្សិតវ័យក្មេង ហើយម្យ៉ាងទៀតភាគច្រើនជាក្រុមយុវតី ដូច្នេះបើមានការបង្ក្រាបសម្លាប់ដូចមុនមែន បង្ហាញពីភាពឃោរឃៅកាន់តែខ្លាំង អាចធ្វើឱ្យកំហឹងមហាជនកើនឡើងខ្លាំងងើបប្រឆាំង ពេលនោះគ្រឹះអំណាចរាជវង្ស និងរដ្ឋាភិបាលមានប្រភពពីយោធា អាចដួលបះជើងក្នុងពេលតែមួយ៕