រយៈ​ពេល​៩​ខែ​ ក្រសួង​​បង្ក្រាប​​បទ​ល្មើស​​ធនធាន​​ធម្មជាតិ​​នៅ​​តំបន់​​ព្រៃ​ឡង់​​ជិត​១​ពាន់​​ករណី​​

សកម្មភាពចុះល្បាតរបស់ក្រុមការពារព្រៃឡង់ខេត្តកំពង់ធំនៅថ្ងៃ ទី ១៣ -១៥ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ផ្ដល់ដោយ ប្រភពបណ្តាញការពារព្រៃឡង់ខេត្តកំពង់ធំ)

ក្រសួងបរិស្ថានឱ្យ​ដឹង​ថា ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ មន្ត្រី​ឧទ្យានុ​រក្ស​នៃ​ក្រសួងបរិស្ថាន និង​សហគមន៍​តំបន់ការពារធម្មជាតិ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ជិត១ ០០០ករណី និង​រឹបអូស​បាន​វត្ថុ​តាង​នៃ​បទល្មើស​មួយចំនួន​ទៀត។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្នុងរយៈពេល៩ខែ​នេះ មន្ត្រី​ឧទ្យានុ​រក្សនិង​សហគមន៍​តំបន់ការពារធម្មជាតិ បាន​ចុះ​ល្បាត​ចំនួន​១៨២៣លើក ក្នុង​នោះ​បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចំនួន៩៥៤ករណី។

លោក​បន្ត​ថា ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​នោះ​ដែរ មន្ត្រី​ជំនាញបាន​កសាងនិង​បញ្ជូន​សំណុំរឿង​ចំនួន​៤០ករណី ទៅ​តុលាការ​ ធ្វើការ​អប់រំ​និង​ចុះ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ចំនួន៤២០ករណី និង​ពិន័យ​អន្តរការណ៍៤១ករណី។ 

ក្រៅពីនោះ មន្ត្រី​ឧទ្យានុ​រក្សបាន​បង្ក្រាប​បទល្មើសនិង​រឹបអូស​រណារ​យន្ត​បាន​ចំនួន៤៣៣គ្រឿង​ រថយន្ត៩គ្រឿង​ គោយន្ត​ចំនួន១០៦គ្រឿង និង​ម៉ូតូ៤៦គ្រឿង​, រឹបអូស​ឈើ​ចំនួន៣០៣ម៉ែត្រគូប​, ដោះ​អន្ទាក់​បាន​ចំនួន១ ៦៧៧អន្ទាក់ និង​ដកហូត​និង​រឹបអូស​កាំភ្លើង​កែច្នៃ​បាន​ចំនួន១០៣ គ្រឿង។

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់​ថា៖ «នេះ​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ឧទ្យានុ​រក្សនិង​សហគមន៍​នៃ​តំបន់ការពារធម្មជាតិ ក្នុង​ការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ព្រៃឡង់​ឱ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខ​ទៀត»។

អ្នកនាំពាក្យ​រូប​នេះបន្ត​ទៀត​ថា ទោះបីជា​មានការ​ចុះ​ទប់ស្កាត់និង​បង្ក្រាប​ទាំងយប់​ទាំង​ថ្ងៃ​ពីសំណាក់​មន្ត្រី​ឧទ្យានុ​រក្សនិង​សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ ក៏​បទល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​តូច ដូចជា ការ​លប​លួច​កាប់​ឈើ ការទន្ទ្រាន​រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ ការ​បរ​បាញ់ និង​ការ​ដាក់អន្ទាក់​សត្វព្រៃ នៅតែ​បន្ដ​កើតមាន​នៅក្នុង​តំបន់​ព្រៃ​ឡង់ ដែល​ចាំបាច់​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់និង​បង្ក្រាប​បន្ត​ទៀត។ 

លោក​ថ្លែង​ដូច្នេះ​ថា៖ «កត្តា​ដែល​ជំ​រុ​ញឱ្យ​មាន​បទល្មើស​ទាំងនេះ ​ក្នុង​នោះ​រួមមាន ​កត្តា​ជីវភាព​របស់​ប្រជា​សហគមន៍ដែល​ធ្លាប់តែ​ពឹងអាស្រ័យ​ទៅលើ​ផលអនុផល​ព្រៃឈើ និង​ការ​ទាក់ទាញ និង​ញុះញង់​ពីសំណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត គួបផ្សំ​នឹង​ចំនួន​មន្ត្រី​ឧទ្យានុ​រក្ស​ដែល​បាន​ឈរជើង​នៅក្នុង​តំបន់​នោះ ​នៅ​មានកម្រិត​នៅឡើយ»។

បើ​តាមលោក​ នេត្រ ភក្ត្រា ចំនួន​បទល្មើស​មានការ​ធ្លាក់នៅ​ខេត្តក្រចេះ និង​ស្ទឹងត្រែង ចំណែក​នៅ​ខេត្តព្រះវិហារ និង​កំពង់ធំ មានការ​កើនឡើង។ តែ​យ៉ាងណា លោក​ថា កម្លាំង​សមត្ថកិច្ចមានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការទប់ស្កាត់និង​បង្ក្រាប​យ៉ាង​ម៉ឺង​ម៉ាត់ ប្រឆាំង​នឹង​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​កើតឡើង​ស្របតាម​ច្បាប់​នានា។ 

តំណាង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្តកំពង់ធំ លោក ហឿន សុភាព មានប្រសាសន៍​ថា តាម​ការអង្កេត​របស់​ពួក​គាត់ ឃើញថា បទល្មើស​ធនធាន​ធម្មជាតិ​នៅ​តំបន់​ព្រៃ​ឡង់​អាច​មាន​ច្រើនជាង​របាយការណ៍​របស់ក្រ​សួង ខណៈ​សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅតែ​បន្ត​កើតមាន​ជាបន្តបន្ទាប់។

លោក​បន្ត​ថា ដោយសារ​ទឹកបាន​ជន់​លិច​នៅ​តំបន់​ខ្លះ បាន​ធ្វើ​ឱ្យ​ការ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​តាមផ្លូវទឹក​មានការ​កើនឡើង ហើយ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ធ្វើ​តែ​តាមផ្លូវគោក។

លោក​ថា៖ «បើសិនជា​ក្រសួង​មិន​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​នៅ​តាម​ច្រកចេញចូល​តំបន់​ព្រៃ​ឡង់​ទាំងអស់​ទេ ខ្ញុំ​គិតថា សកម្មភាព​បទល្មើស​នៅតែ​បន្ត​កើតមាន»។

បើ​តាម​ក្រសួងបរិស្ថាន ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ នៅ​ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃ​ដី​ជាង៤៣ម៉ឺន​ហិ​កតា ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន៤ រួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។ 

ក្រសួង​បន្ត​ថា បច្ចុប្បន្ន មាន​មន្ត្រី​ឧទ្យានុ​រក្ស​ចំនួន៨៤នាក់​បាន​និង​កំពុង​ឈរជើង​ការពារ និង​មាន​សហគមន៍​តំបន់ការពារធម្មជាតិ​​ចំនួន១៩នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ដែល​បាន​ចូលរួម​សហការ​ចុះ​ល្បាត​ជាមួយ​មន្ត្រី​ឧទ្យានុ​រក្ស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ