មនុស្ស​១១​នាក់​​បាន​​ស្លាប់​​ក្រោយ​​មាន​ការ​​រអិល​​បាក់​​ដី​​លើ​​បន្ទាយ​ទាហាន​​មួយ​​កន្លែង​នៅ​​វៀតណាម​​

ក្រុម​ជួយសង្គ្រោះ​កំពុង​ជីក​កាយដី​ល្បាប់​ស្វែងរក​ជនរងគ្រោះ ក្រោយពី​មានការ​បាក់​រលំ​ដី​ពី​ភ្នំ​ទៅលើ​បន្ទាយទាហាន​វៀតណាម ស្ថិតនៅ​ខេត្ត​ក្វាង​ទ្រី ប្រទេស​វៀតណាម ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។ (VN Express​)

ទាហាន​វៀតណាម​ជាច្រើន​នាក់បាន​ស្លាប់ និង​ទាហាន​ជាច្រើន​នាក់​ផ្សេងទៀតបាន​បាត់ខ្លួន បន្ទាប់ពី​មានការ​បាក់​ដី​ដ៏​ធំ​មួយ​ដែល​ឡោមព័ទ្ធ​បន្ទាយទាហាន ​អំឡុង​ពេល​មាន​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​មិនធ្លាប់​កើតឡើង​នៅក្នុង​ប្រទេស​នេះ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ។

ប្រតិបត្តិ​ការស្វែងរក កំពុង​បន្តដំណើរ​ការ​នៅឡើយ ​ដើម្បី​រុករក​អ្នក​អាច​នៅ​រស់រាន​មានជីវិត​ដែល​កប់​នៅ​ក្រោម​ល្បាប់​ភក់​ក្រាស់ឃ្មឹក​នៅ​ឯស្ថានីយយោធា​មួយ​កន្លែង ​ស្ថិតនៅ​ក្នុង​ខេត្ត​ក្វាង​ទ្រី ស្ថិតនៅ​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម។

សារព័ត៌មាន​ម៉េ​ត្រូ​របស់​អង់គ្លេស​ ចុះផ្សាយ​ថា រហូតមកដល់​ពេលនេះ មនុស្ស​ចំនួន១១នាក់​ហើយ​ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់​ ហើយ​មនុស្ស​ចំនួន១១នាក់​ទៀតកំពុង​បាត់ខ្លួន ដែល​នាំឱ្យចំនួន​មនុស្ស​ស្លាប់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​សប្ដាហ៍​កន្លងមក​នេះ កើនឡើង​ដល់​យ៉ាងតិច៦៤នាក់​ហើយ។ 

អនុរដ្ឋ​មន្រ្តី​ការពារ​ជាតិ​វៀតណាម លោក ផាន់ វ៉ាន់​យ៉ាង (Phan Van Giang​) បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ថា៖ «យើង​មិនបាន​ដេកពួន​ទេ​កាលពីយប់មិញ​នេះ»។

អ្នក​បានឃើញ​ហេតុការណ៍​នោះ បាន​រៀបរាប់​ថា ថ្ម​ធ្លាក់ចុះ​មក​ដូចជា​គ្រាប់បែក​ធ្លាក់​នៅ​លើ​ជុំរុំ​ដែល​បាន​សាងសង់​នៅ​ឯជើង​ភ្នំ។

មន្ត្រី​មូលដ្ឋាន លោក ហា ង៉ុ​កដួង បាន​និយាយប្រាប់​គេហទំព័រ VnExpress ថា៖ «ចាប់ពី​ម៉ោង២ព្រឹក​ ផ្ទាំង​ថ្ម​ប្រមាណ​ពី៤ទៅ៥ផ្ទាំង​បាន​ផ្ទុះឡើង​ដូច​គ្រាប់បែក ហើយ​វា​ហាក់ដូចជា​ភ្នំ​ទាំងមូល​ជិត​ដួល​រលំ​អ៊ីចឹង»។

អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ប្រទេស​វៀតណាម បានឱ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បោកបក់​តំបន់​នេះ​អស់​រយៈពេល​ជាង​មួយ​សប្តាហ៍​ហើយ ដែល​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​ធំធេងនិង​ការ​រអិល​បាក់​ដី ហើយ​មានការ​ព្រួយបារម្ភ​ច្រើន​ថា ទឹក​អាច​នឹង​កើនឡើង​ថែមទៀត។

នាយសេនាធិការ​ចម្រុះ​ឧត្តមសេនីយ៍ឯក ផាន វ៉ាន់​យ៉ាង បាន​ព្រមាន​ថា វា​អាច​នឹង​មានការ​រអិល​បាក់​ដី​បន្ថែម​ទៀត​នៅក្នុង​តំបន់ ហើយ​លោក​បាន​បន្ថែម​ថា ក្រុម​អ្នកជួយ​សង្គ្រោះ​ត្រូវតែ​រក​វិធី​ដែល​មាន​សុវត្ថិភាព​ជាង​មុន ដើម្បី​ចូល​ទៅកាន់​ទីតាំង​នោះ។

វា​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​សមាជិក​ក្រុម​ជួយសង្គ្រោះ១៣នាក់​ត្រូវ​បាន​គេ​រក​ឃើញថា​បាន​ស្លាប់ បន្ទាប់ពី​ពួក​គេ​ព្យាយាម​មិនបាន​សម្រេច​ដើម្បី​ជួយសង្គ្រោះ​កម្មករ​ពី​រោងចក្រ​វារីអគ្គិសនី​មួយ​កន្លែង​ដែល​ត្រូវ​ជុំជិត​ទៅ​ដោយ​ដី​រអិល​បាក់​ធ្លាក់​មក។

សាកសព​បុគ្គលិក​ពីរ​នាក់​នៅ​រោងចក្រ​នេះ ត្រូវ​បាន​គេ​រក​ឃើញ ប៉ុន្តែមនុស្ស១៥នាក់​ទៀត​កំពុង​បាត់ខ្លួន បន្ទាប់ពី​មាន​សោកនាដកម្ម​នៅក្នុង​ខេត្តធួ​ធៀ​នហឺ ជា​ខេត្ត​ស្ថិត​ជាប់នឹង​ខេត្ត​ក្វាង​ទ្រី។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​ថា​ កម្ពស់​ទឹកទន្លេ​នៅ​ក្វាង​ទ្រី​បាន​ឡើង​ដល់កម្រិត​ខ្ពស់​បំផុត​ក្នុងរយៈពេល​ពីរ​ទសវត្ស។ អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​បង្កើន​ការព្រមានប្រុងប្រយ័ត្ន​គ្រោះថ្នាក់​ដល់កម្រិត​ខ្ពស់​បំផុត​ទី២ កាលពី​ថ្ងៃអាទិត្យ​ ដោយ​ព្រមាន​ពី​ទឹកជំនន់និង​ការ​បាក់​ដី​បន្ថែម​ទៀត។

ប្រទេស​វៀតណាម​ងាយ​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ធម្មជាតិ ហើយ​តែងតែ​ទទួលរង​នូវ​ព្យុះ​រាប់​សិប​ដង​ក្នុង​មួយឆ្នាំ ដែល​ជា​រឿយ​ៗនាំមក​នូវ​ទឹកជំនន់និង​ការ​រអិល​បាក់​ដី។

ការិយាល័យ​ស្ថិតិ​ទូទៅ បាន​និយាយ​ថា មនុស្ស​ជាង១៣០នាក់​ត្រូវ​បាន​រាយការណ៍​ថា បាន​ស្លាប់ឬបាត់ខ្លួន​នៅក្នុង​គ្រោះមហន្តរាយ​ធម្មជាតិ​នៅ​ទូទាំង​ប្រទេស​កាលពី​ឆ្នាំមុន។

ទីភ្នាក់ងារ​អាកាសធាតុ​របស់​ប្រទេស​វៀតណាម បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​រហូតដល់​កម្រិត​ទឹក៦០០មីល្លីម៉ែត្រ នឹង​បន្ត​នៅ​ផ្នែក​ខ្លះ​នៃ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​រហូតដល់​ថ្ងៃពុធ​សប្ដាហ៍​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ