ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី លើពលរដ្ឋខ្មែរចំនួន២នាក់ដែលទើបត្រឡប់មកពីប្រទេសអ៊ីរ៉ាក់ និងមិនមានអ្នកជាសះស្បើយនោះទេ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២០ ខែតុលានេះ ឱ្យដឹងថា បុរសនិងស្ត្រីជាប្តីប្រពន្ធនឹងគ្នាដែលបានឆ្លងជំងឺកូវីដ១៩នោះ បានធ្វើដំណើរមកពីប្រទេសអ៊ីរ៉ាក់ ឆ្លងកាត់ទីក្រុងដូហា រួចបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកទាំងពីរនាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងបន្តថា ដោយឡែក មនុស្សចំនួន១០៦នាក់ ក្នុងនោះ កុមារ០៣នាក់ និងទារក០១នាក់ ដែលធ្វើដំណើរតាមយន្តហោះជាមួយអ្នកជំងឺកូវីដ១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ និងមណ្ឌលកងទ័ពអាកាស។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ មានសរុបចំនួន២៨៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន២៨០នាក់ ហើយនៅសល់ចំនួន០៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕